ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ កូនប្រុស​អកតញ្ញូ​ម្នាក់ ពេល​ស្រវឹងស្រា និង​មានប្រើ​ប្រាស់ គ្រឿងញៀន ដែរនោះ បាន​ដេញ​កាប់​ឪពុក និង​ប្អូនបង្កើត និង​បំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ ពេលនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ។​

​ហេតុការណ៍​ដេញ​កាប់​ឪពុក និង​ប្អូនបង្កើត និង​បំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ៩​និង​១០​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កតា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជនរងគ្រោះ ពីរ​នាក់ ឈ្មោះ ចាន់ ថូ អាយុ ៦៧ ឆ្នាំ ជា​ឪពុក​បង្កើត និង​ឈ្មោះ ថូ ធារ៉ា អាយុ ២១ ឆ្នាំ ជា​ប្អូនប្រុស​បង្កើតរ​បស់ជនស​ង្ស័​យ ។ ចំណែក​ជនសង្ស័យ ឈ្មោះ ថូ ភារ​ម្យ អាយុ ៣០ ឆ្នាំ ។​

​សមត្ថកិច្ច បានឱ្យដឹង​ទៀតថាៈ កន្លងមក ជនសង្ស័យ ធ្លាប់​ជាប់ពន្ធនាគារ ខេត្តកណ្ដាល រយៈពេល ៦​ខែ ពីបទ គំរាមកំហែង ថា​នឹង​សម្លាប់ ។ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង រករឿង និង​គំរាម​ឪពុក ហើយ​បាន​វាយបំផ្លាញ ពាងទឹក​បែក​ធ្លុះធ្លាយ អស់​ចំនួន​មួយ ។ ក្រោយមក ជនសង្ស័យ បាន​យក​អង្រែបុកគ្រឿង គប់​សំដៅទៅ​ជនរងគ្រោះ ជា​ឪពុក តែ​មិនត្រូវ រួច​ជនសង្ស័យ បាន​គេចខ្លួនបាត់ ។ លុះដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ជនសង្ស័យ ឈ្មោះ ថូ ភារ​ម្យ បាន​ចូលមក​ផ្ទះ​វិញ ហើយ​បានមក​រឿង​ប្អូនប្រុស​បង្កើត ហើយ ជនសង្ស័យ បាន​យក​កាំបិតផ្គាក់ ដេញ​កាប់​ប្អូន​ខ្លួនឯង តែ​ប្អូន​បាន​រត់គេច​ទាន់ ។​

​ដោយ​ទ្រាំ​នឹង​ទង្វើ​របស់​ជនសង្ស័យ មិនបាន ទើប​ជនរងគ្រោះ ទាំងពីរ​នាក់ បានមក​ដាក់ ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ ឲ្យ​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង យកមក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន​នគរបាល ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕/V