ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​,FT)៖ សភា​ឡាវ​កាលពី​ថ្ងៃ​ចន្ទ​បានអនុម័ត​ការតែងតាំង​ទេសាភិបាល​ធនាគារកណ្តាល​ថ្មី​ម្នាក់​និង​ឧបនាយករដ្ឋមន្ត្រី​ពីរ​រូប​ថែមទៀត នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​ឡាវ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ឡាវ​បាន​រាយការណ៍​ថា អតីត​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោ​កបូន​លួ ស៊ីន​សាយ​វ៉ូ​រ៉ា​វង់​(Bounleua Sinxayvoravong)​ត្រូវបាន​តែងតាំង​ជា​ទេសាភិបាល​ថ្មី​នៃ​ធនាគារ​កណ្តាល​ដោយ​​ចូលកាន់​តំណែង​ចំពេល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ហាក់​រង​ផលប៉ះពាល់​ខ្លាំង​ពី​អតិផរណា​សកល​។​

​ធនាគារ​កណ្តាល​ឡាវ​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​ច្បាប់​ថ្មី​ដោយ​តំរូវ​អោយ​បណ្តា​ធនាគារ​ពាណិជ្ជ​និង​បញ្ជ​ដូរ​ប្រាក់​កំហិត​ការលក់​រូបិយ​ប័ណ្ណ​បរទេស​បាន​ច្រើន​បំផុត​ត្រឹម​ម្នាក់​១៥​លាន​គីម​(១.០០០​ដុល្លារ​)​។​បណ្តា​​ធនាគារពាណិជ្ជ​ក៏​នឹង​តំរូវ​អោយ​ផ្តល់​អាទិភាព​ដល់​អង្គការ​ឬ​ក្រុមហ៊ុន​ដែល​ត្រូវ​ទិញ​ប្រេងឥន្ធនៈ ថ្នាំពេទ្យ​ឬ​ទំនិញ​ចាំបាច់​ដទៃ​ទៀត​មកពី​បរទេស នេះ​បើ​តាម​កាសែត​ឡាវ​ធៀន​ថែមស៍​(Laotian Times)​។​

​ក្នុង​ថ្ងៃ​ចន្ទ​នេះដែរ សភា​បាន​អនុម័ត​អោយ​រដ្ឋមន្ត្រី​ការបរទេស​និង​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខតំណែង​បច្ចុប្បន្ន​។​

​ក្នុងពេល​ជាមួយគ្នា​មាន​សេចក្តីរាយការណ៍​ថា ឡាវ​កំពុង​ជួប​ការខ្វះខាត​ប្រេង​យ៉ាង​អត្តខាត់​ខណៈ​ទំនិញ​ក៏​ឡើងថ្លៃ​ហើយ​ប្រទេស​ជាប់បំណុល​វ័ណ្ត​ក ដែល​ធ្វើអោយ​ប្រទេស​អាស៊ី​មួយ​នេះ​ទំនង​ក្លាយជា​ប្រទេស​​ទី​ពីរ​បន្ទាប់​ពី​ស្រី​លង្កា​ដែល​កំពុង​តស៊ូ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។​

​ទីភ្នាក់ងារ​វិភាគ​-​វាយ​តំលៃ​ហិរញ្ញវត្ថុ​និង​ផលប​ត្រ​Moody’s​កាលពី​សប្តាហ៍​មុន​បាន​ទម្លាក់​អត្រា​លទ្ធភាព​សងបំណុល​មួយកំរិត​ទៀត​និង​ថា​ឳ​កាស​ដែល​ប្រទេស​នេះ​លែងមាន​លទ្ធភាព​សងបំណុល​នៅ​​ខ្ពស់​ដោយសារ​បំណុល​ច្រើន​និង​ទុនបំរុង​បរទេស​តិច​។​

​តាមពិត​ឡាវ​ពិបាក​រក​ប្រាក់​ទូទាត់​វិក្កយបត្រ​នាំចូល​តាំងពី​មុន​ការ​ស្ទុះ​ឡើងថ្លៃ​ស្បៀង​និង​ថាមពល​នៅ​ទូទាំង​ពិភពលោក​ក្រោយ​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​មកម្ល៉េះ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​បង្ហោះ​រូបភាព​ប្រជាជន​តំរង់​ជួរ​វែងៗ​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ដើម្បី​រង់ចាំ​ទិញ​ប្រេង​ឬ​ហ្គាស នៅពេល​ជនជាតិ​ឡាវ​ខ្លះ​បាន​ឆ្លង​ដែន​ចូល​​ថៃ​ដើម្បី​បាន​ប្រេង​ចាក់​យានយន្ត​របស់​គេ​។​

​សារព័ត៌មាន​នៅ​ក្នុង​រដ្ឋប​ក្ស​តែ​មួយ​នេះ​ស្ថិត​ក្រោម​ការគ្រ​ប់​គ្រងរ​បស់​រដ្ឋ​យ៉ាង​តឹងរ៉ឹង​តែ​បាន​និយាយ​អំពី​វិបត្តិ​នេះ​យ៉ាង​ចំហ​។​

​កាសែត​ឡាវ​ធៀន ថែមស៍ នៅ​សប្តាហ៍​មុន​ថែមទាំង​បាន​និយាយថា​ធនាគារកណ្តាល​ពិចារណា​ហាមឃាត់​មិន​អោយ​ប្រជាជន​រក្សា​ទុក​រូបិយ​បណ្ណ​បរទេស​ថែមទៀត​ដើម្បី​ដោះស្រាយ​កង្វះ​សាច់ប្រាក់​និង​ថា​​រដ្ឋាភិបាល​ប្រុង​ចេញ​មូល​ប​ត្រ​រដ្ឋ​ជាមួយ​នឹង​អត្រា​កា​ប្រាក់​ខ្ពស់​ដើម្បី​កាត់បន្ថយ​ចរាចរណ៍​សាច់ប្រាក់​ហូរហៀរ​ពេញ​ទីផ្សារ​៕