​ដោយៈ ទូច វ​ណ្ណេ​ត និង អេង វ​ណ្ណី​កា​/ភ្នំពេញ៖ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ដឹកនាំ​ដោយ ស៊ា​ង ចិន្ដា ទូច វ​ណ្ណេ​ត និង អេង វ​ណ្ណី​កា បាន​ចុះ​បំពេញបេសកកម្ម​ការងា​រ​នៅតាម​មូលដ្ឋាន​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២​។ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានកំណត់​គោលដៅ​ក្នុងការ​បំពេញបេសកកម្ម​ទៅលើ​គម្រោង​សំខាន់ៗ​ដូចជា ៖ គម្រោង​ទី​១) វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​, គម្រោង​ទី​២) វេទិកា​ថ្នាក់រៀន​ចុង​សប្ដាហ៍​ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), គម្រោង​ទី​៣) វេទិកា​អន្តរ​ជំនាន់​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), គម្រោង​ទី​៤) ប្រវត្តិសាស្ត្រ​និង​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​, គម្រោង​ទី​៥) សូត្រ​ចាម និង​គម្រោង​ទី​៦) ទស្សនកិច្ច​សិក្សា​ទៅកាន់​ចេតិយ៍​រំឭក​សម្រាប់​សហគមន៍ ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរក្រហម​។


ទេសភាព​សិស្សសាលា​ចេញពី​រៀន​នៅតាម​ភូមិ​ក្នុង​ខេត្តកំពង់ចាម​(​ស៊ា​ង ចិន្តា / នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​)

​រយៈពេល​១០​ថ្ងៃ​នៃ​ការចុះ​បំពេញបេសកកម្ម​ការងា​រ​ប្រចាំខែ​មិថុនា ឆ្នាំ​២០២២ នេះ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បាន​ចំណាយពេល​ចុង​សប្ដាហ៍​ក្នុងការ​រៀបចំ​វេទិកា​ថ្នាក់រៀន ដែល​ចូលរួម​ដោយ​សិស្សានុសិស្ស​មកពី​វិទ្យាល័យ សម្ដេច ហ៊ុន សែន ស​ង្កើ​ប និង​វិទ្យាល័យ​បាធាយ និង​រៀបចំ​វេទិកា​អន្តរ​ជំនាន់​ចុង​សប្ដាហ៍ ដែល​ចូលរួម​ដោយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​គរុ​សិស្ស​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។ ថ្ងៃ​ចុង​សប្ដាហ៍ គឺជា​ពេលវេលា​សម្រាក​សម្រាប់​សិស្សានុសិស្ស និង​គរុ​សិស្ស ដែល​អាចមក​ចូលរួម​កម្មវិធី​ផ្សេងៗ​ដែល​រៀបចំ​ដោយ​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម និង​មក​ទទួលយក​ចំណេះដឹង​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ បន្ថែម​លើ​ការចូលរួម​វេទិកា​ថ្នាក់រៀន សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ទីតាំង​ចេតិយ៍​រំឭក​សម្រាប់​សហគមន៍ និង​បាន​ជួប​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ទីនោះ​។

​នៅ​ថ្ងៃ​បន្ទាប់ ក្រុមការងារ​បាន​ចុះទៅ​ភូមិសាស្ត្រ​ស្រុក​កោះសូទិន និង​ស្រុក​កំពង់សៀម ដើម្បី​ធ្វើ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ និង​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ ក្នុងអំឡុងពេល​ចុះ​ធ្វើ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ ក្រុមការងារ​បាន​ជួប​អ្នក​រស់រាន​មាន​ជី​វិ​ពី​របប​ខ្មែរក្រហម​ដែល​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​បែកបាក់​គ្រួសារ ទុក្ខលំបាក បទពិសោធន៍ និង​ការធ្វើការ​ហួសកម្លាំង​ក្នុង​របប​ខ្មែរក្រហម​។


សំណាក​ព្រះព្រហ្ម​មុខ​បួន​ក្នុង​ខេត្តកំពង់ចាម​( ស៊ា​ង ចិន្តា / នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​)

​ក្នុងកំឡុងពេល​ចុះ​ធ្វើការ​នៅតាម​មូលដ្ឋាន​នៅតាម​ស្រុក​ទាំងពីរ​ក្រុមការងារ​បាន​ជួប​ការលំបាក​ដោយសារ​ផ្លូវ និង​អាកាសធាតុ​។ បើទោះបីជា​ជួបប្រទះ​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ ក៏​ក្រុមការងារ​ស្វែងរក​ដំណោះស្រាយ ដោយ​បន្ថែម​ពេលវេលា​ពន្យល់​និង​ណែនាំ​ខ្លួន​ដល់​អ្នក​រស់រាន​ជីវិត​ពីរ​បប​ខ្មែរក្រហម​ឲ្យ​មាន​ទំនុកចិត្ត​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​របស់ គាត់​ក្នុង​របប​ខ្មែរក្រហម​, ស្វែងរក​ផ្លូវ​កាត់​ដែល​អាច​ទៅដល់​គោលដៅ​តាម​ពេលវេលា​កំណត់​, ព្យាករណ៍​អាកាសធាតុ​យ៉ាងតិច​៣​ថ្ងៃមុន​ពេលចេញ​ដំណើរ និង​ការបន្ត​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាប្រចាំ​។

​ការចុះ​បំពេញ​កិច្ចការងារ​មូលដ្ឋាន​ក្នុង​រយៈពេល​១០​ថ្ងៃ​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​បាន​បំពេញ​ទៅតាម​ផែនការ​គ្រោងទុក ដោយ​ក្រុមការងារ​បាន​ចុះ​ធ្វើ​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ​ចំនួន​៩​គ្រួសារ​, ការរៀបចំ​វេទិកា​ថ្នាក់រៀន និង​វេទិកា​អន្តរ​ជំនាន់​ចុង​សប្ដាហ៍​, ការបន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន ដែលជា​ស្រុក​គោលដៅ​ដើម្បី​អនុវត្ត​គម្រោង​ប្រវត្តិសាស្ត្រ​និង​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​, ការចុះ​ស្រាវជ្រាវ​អំពី​សូត្រ​ចាម និង​ការធ្វើ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ចេតិយ៍​រំឭក​សម្រាប់​សហគមន៍​៕សរន


ទេសភាព​តាម​វាលស្រែ​នៅ​ខេត្តកំពង់ចាម​(​ស៊ា​ង ចិន្តា / នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​)
ទេសភាព​តាម​ដង​ទន្លេ​នៅ​ខេត្តកំពង់ចាម​(​ស៊ា​ង ចិន្តា / នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​)

ទេសភាព​នៅតាម​ភូមិ​ក្នុង​ខេត្តកំពង់ចាម​(​ស៊ា​ង ចិន្តា / នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​)