ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា (Cambodia Private Commercial Center) នៅ​ទីក្រុង អា​តស៊ូ​ហ្គី​(Atsugi) នៃ​ខេត្ត​កា​ណាហ្គា​វ៉ា​( Kanagawa)​នៃ​ប្រទេស​ជប៉ុន ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក ទុយ រី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន តំណាង​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០២២​ក្រសួង ពាណិជ្ជកម្ម​បានបញ្ជាក់​ថា ពិធី​នេះ​ក៏មាន​ការចូលរួម​ជា​ភ្ញៀវ​ក​ត្តិ​យស​ដោយផ្ទាល់ និង​ផ្ញើរ​សារ​ជូនពរ​ពី​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប រួមមាន​៖ លោក តា​រ៉ូ កូ​ណូ​(Taro Kono )​សមាជិក​រដ្ឋសភា អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​, លោក អាគី​រ៉ា អា​ម៉ា​រី​(Akira Amari) សមាជិក​រដ្ឋសភា អតីតរដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​, លោក អ៊ី​ម៉ា​ម៉ូ​រ៉ា ម៉ាសា​ហ៊ី​រ៉ូ (Imamura Masahiro) សមាជិកសភា និង​ជា​ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភាក​ម្ពុ​ជា​-​ជប៉ុន​, លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​(Mikami Masahiro) អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​, លោក ម៉ាសា​ហ៊ី​រ៉ូ ហ៊ី​រ៉ា​បា​យ៉ា​ស៊ី​(Masahiro Hirabayashi )​អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន (AJC) ព្រមទាំង​ភ្ញៀវកិត្តិយស​ជា​ឥស្សរជន នយោបាយ​, សមាជិក​រដ្ឋសភា​, សមាជិកសភា​ខេត្ត​, អ្នកការទូត​, អភិបាលក្រុង ស្រុក តំណាង​ស្ថាប័ន​គាំទ្រ​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគម​អាជីវកម្ម ក្រុមហ៊ុន ជាច្រើន​ផ្សេងទៀត​។​

​ប្រភព​ដដែល​បន្តថា ក្នុងឱកាស​នោះ លោក​ឯកអគ្គរាជទូត បាន បញ្ជាក់​ទៅកាន់ អ្នកចូលរួម​ថា ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នេះ គឺជា​សមិទ្ធផល​ថ្មី​សន្លាង​ដែល បានមកពី​ការរួម​សហការ​របស់​វិស័យ​ឯកជន​នៅ​ជប៉ុន និង​ស្ថាប័ន​ជំនាញ​នៅ​កម្ពុជា ដោយមាន​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ជា​ស្ពាន​សម្របសម្រួល​។​មជ្ឈមណ្ឌល​នេះ គឺជា​ស្ពាន និង​ជា​កន្លែង​សម្រាប់​ពាណិជ្ជករ វិនិយោគិន​ជប៉ុន និង​សាធារណជន​ទូ​ទៅមក​ទំនាក់ទំនង​ដោយផ្ទាល់ ពិនិត្យ​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា ដែលមាន​តាំង​បង្ហាញ សាកសួរ​ព័ត៌មាន​ច្បាប់​បញ្ញត្តិ និង​ស្រាយ​ចម្ងល់​នានា ដើម្បី​មាន​មូល​ដ្នា​នស​ម្រេច​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ​រវាង​កម្ពុជា​-​ជប៉ុន​។

​លោក​បាន​បន្តថា ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា នៅ​ទីក្រុង​Atsugi នៃ​ខេត្ត​Kanagawa នេះ ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ​ដោយ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ ស្របតាម​គោលនយោបាយ​ការទូត​សេដ្ឋកិច្ចកម្ពុជា ដើម្បី​គៀងគរ​ការវិនិយោគ​ពី​បរទេស និង​រក​ទីផ្សារ​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​។

​ជាមួយគ្នានេះ លោក បាន​ជម្រាបជូន​អង្គពិធី​អំពី​សមិទ្ធផល​ថ្មីៗ​ដែល​កម្ពុជា​សម្រេចបាន ក្នុងការ​លើកកម្ពស់​ប​រិ​យា​កាស​ធុរកិច្ច និង​ការស្ដារ​សេដ្ច​កិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ រួមមាន​៖ ១. ភាពជោគជ័យ​លើ​ការគ្រប់គ្រង​កូ​វីដ​១៩ តាម​ការចាក់​វ៉ាក់សាំង​ការពារ​បាន​យ៉ាង​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ,២.​ការសម្រេចបាន​សមិទ្ធិ​ផល​ថ្មីៗ បន្ថែមទៀត​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩ គឺ​ការសាងសង​អាកាស យានដ្ឋាន​អន្តរជាតិ​ថ្មី​ចំនួន​បី (​ភ្នំពេញ​ថ្មី សៀមរាប និង​កោះកុង​) ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី​មួយ​ខ្សែ​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ,៣,​ការអនុម័ត​ច្បាប់​ថ្មី​ស្តីពី​ការវិនិយោគ នា​ខែតុលា ឆ្នាំ​២០២១ និង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង RCEP ដែល​ជប៉ុន​ជា​សមាជិក​ដ៏​សំខាន់​មួយ​និង​៤,​ចំណងមិត្តភាព​ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន នៅតែ​ស្ថិតស្ថេរ និង​បន្ត​រីកចម្រើន ដោយសារ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ប្រទេស​កម្ពុជា និង​ជប៉ុន ក្នុងការ​អភិវឌ្ឍ​បន្ថែម ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ទោះបីជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​

​លោក​ឯកអគ្គរាជទូត បានធ្វើការ​វាយតម្លៃ​ខ្ពស់​អំពី​តួនាទី​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា Atsugi ដែលជា​ស្ពាន​សម្រាប់​ផ្សារភ្ជាប់ កាន់តែ​ល្អប្រសើរ​ថែមទៀត នូវ​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ​។ ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​ថ្លែង​អំណ​គុណ​ចំពោះ ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍​ខ្មែរ​នៅ​ជប៉ុន​, ក្រសួង​ស្ថាប័ន​ជំនាញ បាន​គាំទ្រ​ជា​កំលាំងកាយ កំលាំងចិត្ត ស្មារតី ឯកសារ សម្ភារៈ និង ការ​សម្រប សម្រួល​គ្រប់​ទំរង់ រួមចំណែក​ធ្វើអោយ​កើតជា​រូបរាង​ឡើង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា Atsugi ដ៏​ស្រស់​ល្អ ដំបូង​គេ​លើ​ទឹកដី​ជប៉ុន នៅពេលនេះ​៕​សរន​-PC