ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖សុខដុមបនីយកម្មជាតិសាសន៍និងសាសនាគឺមានសារសំខាន់ណាស់។ប្រទេសមួយអាចទទួលបាននូវសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ ត្រូវមានភាពអត់អោននិងសុខដុមបនីយ កម្មជាតិសាសន៍និងសាសនា។ ត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យមានភាពលំអៀង និងមិនអាចយកច្បាប់និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ។ផ្ទុយទៅវិញត្រូវមានគោលនយោបាយនិងវិធីសាស្រ្តដើម្បីបំពេញបន្ថែមបង្កលក្ខណៈឲ្យមានការរីកចម្រើន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោក មហាម៉ាត់ អាបឌុលការីម អាល់អ៊ីសា អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភព អ៊ីស្លាម ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារនាព្រឹកថ្ងៃទី ២១ ខែ មិថុនា ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ក្នុងសវនាការនេះលោក មហាម៉ាត់ អាប់ដុលការីម អាល់អ៊ីសា បានសំដែង នូវក្តីរីករាយយ៉ាងខ្លាំងដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមួយនៅក្នុងបេះដូងរបស់លោកហើយដែលជាប្រទេសមួយដែលពុំមានការរើសអើងខាងជាតិសាសន៍ និង សាសនា។ផ្ទុយទៅវិញជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍និងសាសនាដែលនេះជាតម្លៃពិតរបស់កម្ពុជាដែលជាទីគោរព និងជាទីគំរូសម្រាប់ពិភពលោក ។

លោក មហាម៉ាត់ ឌុលការីម បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជាដែលមានថ្នាក់ដឹកនាំជាទីគោរពនិងជាគំរូនិងមានភាពប្រាកដនិយមក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ។

លោក មហាម៉ាត់ អាប់ឌុលការីម បានបន្ថែមថាប្រទេសអារ៉ាប់ប៊ីសាអូឌីតរីករាយណាស់ជាមួយនឹងការគោរពនិងស្រឡាញ់ការដឹកនាំរបស់សម្ដេចតេជោហើយនិងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែកនៅតាមវេទិកាផ្សេងៗនិងជាមួយថ្នាក់ដឹកនាំដទៃទៀតអំពីការដឹកនាំដែលផ្ដល់ជូនប្រជាពលរដ្ឋនៅសេរីភាព និងក្តីស្រឡាញ់តាមការ អភិវឌ្ឍជាក់ស្ដែង ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក មហាម៉ាត់ អាប់ឌុលការីម ៕សរន