ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាករ​តេ​ក្វាន់​ដូ WT (World Taekwondo) ៣​រូប និង​គ្រូ​ជន​ជាតិ​កូរ៉េ​ ២​រូប ធ្វើដំណើរ​ទៅ​ចូលរួម ការប្រកួត​ជើងឯក តេ​ក្វាន់​ដូ​អាស៊ី និង​ការប្រកួត​ជើងឯក តេ​ក្វាន់​ដូ​កូរ៉េ នៅ​ទីក្រុង Chuncheon នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​យប់ ថ្ងៃទី​២០ មិថុនា ។​

​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ និង​ថ្នាក់ដឹកនាំ ខេ​មរ​សហព័ន្ធ បាន​ជូន​ដំណើរ​កីឡាករ​តេ​ក្វាន់​ដូ ៣​រូប និង​លោកគ្រូ​ជនជាតិ​កូរ៉េ ២​រូប ធ្វើដំណើរ​ទៅ​ចូលរួម ការប្រកួត​ជើងឯក តេ​ក្វាន់​ដូ អាស៊ី និង​ការប្រកួត​ជើងឯក តេ​ក្វាន់​ដូ​កូរ៉េ នៅ​ទីក្រុង Chuncheon នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​បណ្ឌិត ជ្រិ​ន សុធា បាន​មានប្រសាសន៍ថាៈ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​បញ្ជូន​គ្រូ​​បង្វឹក គ្រូ​ជំនួយ និង​កីឡាករ​ជម្រើសជាតិ តេ​ក្វាន់​ដូ WT ទៅ​ចូលរួម​ការប្រកួត​តេ​ក្វាន់​ដូ ជើងឯក​អាស៊ី ឆ្នាំ​២០២២ “Asian Taekwondo Championship 2022” និង​ចូលរួម​ការប្រកួត ជើងឯក​តេ​ក្វាន់​ដូ​កូរ៉េ ឆ្នាំ​២០២២ “Chuncheon Korea Open International Taekwondo Championships 2022” នៅ Chuncheon នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​បាន​បន្តថាៈ ការប្រកួត​តេ​ក្វាន់​ដូ ជើងឯក​អាស៊ី ឆ្នាំ​២០២២ “Asian Taekwondo Championship 2022” ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ក្រោយពី​ការប្រកួត កីឡាករ​ទាំង ៣​រូប នឹង​បន្ត​ហ្វឹកហាត់​បន្ថែមទៀត នៅ​ទីក្រុង Chuncheon ដើម្បី​ពង្រឹងសមត្ថភាព ត្រៀម​ការប្រកួត​ជើង​ឯង​តេ​ក្វាន់​ដូ​កូរ៉េ ឆ្នាំ​២០២២ “Chuncheon Korea Open International Taekwondo Championships 2022” ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​។​

​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​ជម្រើសជាតិ​តេ​ក្វាន់​ដូ WT ទាំង ៥ រូប រួមមាន លោកគ្រូ ឆ​យ យ៉ុង​សុក គ្រូបង្វឹក លោកគ្រូ ឆុន សាម​យ៉ុង​ជា គ្រូ​ជំនួយ កីឡាករ វ៉ា មិថុនា កីឡាករ សំ យូ​ដេ​ត និង​កីឡាករ ទួន ណា​វុ​ធ កីឡាករ​។​

​កីឡាករ ទួន ណា​វុ​ធ កីឡាករ ប្រកួត​លើ​វិញ្ញាសា​សម្តែង​មេគុន​ឯកត្តជន​បុរស កីឡាករ វ៉ា មិថុនា ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ប្រភេទ​ទម្ងន់​ក្រោម ៧៥​គីឡូក្រាម និង​កីឡាករ សំ យូ​ដេ​ត ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ប្រភេទ​ទម្ងន់​ក្រោម ៥៨​គីឡូក្រាម​៕/V​