ដោយ​: សុខុម / ស្ទឹងត្រែង​: មកដល់ពេលនេះ ជិត​២​ខែ​ហើយ ដែល​មន្ត្រីជលផល សមត្ថកិច្ច​សហគមន៍​នេសាទ ឆ្មាំ​ទន្លេ ក្នុង​ខេត្តស្ទឹងត្រែង នៅ​បន្ត​យាមល្បាត​ដ៏​តឹងរឹង នៅតាម​តំបន់​អភិរក្ស​សំខាន់ៗ ដើម្បី​ការពារ​ត្រី​ពង​កូន ក្នុង​រដូវ​បិទ​នេសាទ ។ នៅ​ក្នុងការ​រឹតបន្តឹង​នេះ មន្ត្រី​ជំនាញ ក៏បាន​សហការ​ជាមួយ សមត្ថកិច្ច​សហគមន៍ អប់រំ​ផ្សព្វផ្សាយ មុននឹង​ឈានដល់​អនុវត្ត​ច្បាប់​។ មន្ត្រីជលផល បាន​ព្រមាន​ចាប់ខ្លួន អ្នកប្រព្រឹត្ត​បទល្មើស បញ្ជូនទៅ​តុលាការ ដាក់ពន្ធនាគារ បើសិនជា​មិន​គោរព​ច្បាប់​ហាមឃាត់​។​

​លោក ស្រី សម​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ដីទី ខេត្តស្ទឹងត្រែង បានឱ្យដឹងថាៈ ខេត្តស្ទឹងត្រែង គឺជា​ជម្រក​សំខាន់ របស់​ត្រី​មេ​ពូជ និង​ជា​កន្លែង​ផលិត​កូន​ត្រី​ធម្មជាតិ គ្រប់​ប្រភេទ ចាក់​ចូលទៅក្នុង​ទន្លេមេគង្គ​ក្រោម និង​រួមចំណែក​បង្កើន​ផល​ស្តុក​ត្រី​ធម្មជាតិ បឹង​ទន្លេសាប នៃ​ប្រទេស​កម្ពុជា​។​

​លោក ស្រី សម វិចិត្រ បានឱ្យដឹង​បន្តថាៈ ត្រី​ធម្មជាតិ នៅ​ទន្លេមេគង្គ​លើ ខេត្តស្ទឹងត្រែង មាន​រដូវ​កាល​ពង​កូន មុន​តំបន់​មេគង្គ​ក្រោម និង​បឹង​ទន្លេសាប​។ ហេតុ​ដូច្នេះហើយ បានជា បិទ​នេសាទ ក្នុង​ខេត្តស្ទឹងត្រែង ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ។ វិធានការ​នេះ បាន​ចាប់​អនុវត្ត តាំងពី​ឆ្នាំ​២០១៨ មកដល់​បច្ចុប្បន្ន​។​

​លោកនាយ​ខណ្ឌ​ស្ដីទី បាន​ឲ្យ​ដឹង​បន្ថែមថាៈ ផល​ត្រី​ដែល​ចាប់បាន ពី​ធម្មជាតិ មួយឆ្នាំៗ ក្នុង​រង្វង់ ១.៥០០ តោន​។ ផល​នេសាទ ដែល​ផ្គត់ផ្គង់​បាន​នេះ គឺ​សម្រាប់​ចែកចាយ ក្នុង​ខេត្ត និង​ទៅតាម​បណ្ដា​ខេត្ត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក សា ថា​ន ប្រធាន​សហគមន៍​នេសាទ ភូមិ​កោះ​ជ្រឹម ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បានឱ្យដឹងថាៈ សហគមន៍​របស់លោក នៅ​មូលដ្ឋាន បាន​ខិតខំ​រួមចំណែក ការពារ​ត្រី​មេ​ពូជ ដើម្បី​កុំឱ្យ​បាត់បង់​ទុក សម្រាប់​អ្នកជំនាន់ក្រោយ​។ ទោះបីជា​ការខិតខំ​ប្រឹង​ប្រែង ជួប​ការលំបាក ពិសេស​នៅពេល​យប់ និង​ការបង្ក្រាប​បទល្មើស ត្រូវ​ប្រឈម​យ៉ាងណាក្តី តែ​សហគមន៍ ក៏បាន​ធ្វើការ​ងារ​នេះ យ៉ាងសកម្ម ការពារ​ត្រី រដូវ​ពង​កូន និង​តំបន់​អភិរក្ស​មួយចំនួន មិនឱ្យ​មាន បទល្មើស កើតឡើង​ឡើយ​។​

​ជាមួយគ្នា​នោះ ជលផល​ខេត្តស្ទឹងត្រែង បានកត់សម្គាល់​ថាៈ ចាប់តាំងពី​មានការ​រឹត​ដ្បិត វិធានការ​ដ៏​តឹងរ៉ឹង ក្នុង​រដូវ​បិទ​នេសាទ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឃើញថា បទល្មើស​នេសាទ មានការ​ថយចុះ​ច្រើន​។ រីឯ​ធនធាន​ត្រី​ធម្មជាតិ ក្នុង​ខេត្តស្ទឹងត្រែង ហាក់​ចាប់ផ្ដើម​សំបូរ​ឡើងវិញ​៕/V​