ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​ប្រទេស​ចិន បោះបង់ចោល​សិទ្ធិ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​បាល់ទាត់ ពានរង្វាន់​ទ្វីបអាស៊ី ( Asian Cup) នៅ​ឆ្នាំ​២០២៣​នោះ ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ដេញថ្លៃ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការន៍​នេះ​។ នេះ​បើតាម​ការប្រកាស ពី​សមាគម​​បាល់ទាត់​កូរ៉េ (KFA) ។​

​តាមពិត​ប្រទេស​ចិន គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​នេះ នៅ​ខែមិថុនា និង កក្កដា ឆ្នាំក្រោយ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ប្រទេសមួយ​នេះ ដើម្បី​ធ្វើ​ឲ្យ​គ្មាន​ជំងឺ​កូ​វីដ​-១៩ នោះ បាន​បណ្តាលឱ្យ​ព្រឹត្តិការណ៍ ដែលមាន​ការប្រកួត ២៤ ក្រុម​នោះ មានការ​ផ្លាស់ប្តូរ​វិញ​។​

​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បាន​អញ្ជើញ​ឲ្យ​មានការ​ចូលរួម​ដេញថ្លៃ ដើម្បី​ធ្វើជា​ម្ចាស់ ផ្ទះ 2023 Asian Cup កាលពី​ខែ​មុន ដោយ​លើកឡើងថាៈ ភាគី​ដែល​ចាប់អារម្មណ៍ ត្រូវតែ​បញ្ជាក់ ពី​ការចូលរួម​ដេញថ្លៃ​របស់ខ្លួន នៅត្រឹម​ថ្ងៃទី​៣០ ខែមិថុនា​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បាន​ជំរុញ​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ការប្រកួត ជុំ​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​មួយ​នេះ កាលពី​ដើមខែ​នេះ ដោយបាន​ណែនាំ ដល់​រដ្ឋមន្ត្រី​កីឡា របស់លោក ព្យាយាម​ក្នុងការ​ទាក់ទាញ យក​ព្រឹត្តិការណ៍​នេះ ឲ្យ​បាន​៕/V​