​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (Besoccer) ៖ ក្រុម​ញញួរ​ធំ West Ham បាន​ប្រកាស​ពី​ការចុះហត្ថលេខា​លើ​ខ្សែការពារ Rennes កីឡាករ ណា​យ៉េ​ហ្វ អា​ហ្គឺ​ដ (Nayef Aguerd)​កាលពី​ថ្ងៃ​ចន្ទ​​ទី​២០​មិថុនា​ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ៣០ លាន​ផោន (៣៦,៨៣ លាន​ដុល្លារ​) នៅពេលណា​ដែល​តម្លៃបន្ថែម​ត្រូវបាន​រួម​បញ្ចូល​។​

​កីឡាករ​អន្តរជាតិ​ម៉ារ៉ុក​អាយុ ២៦ ឆ្នាំ ដែល​បាន​ចំណាយ​ពេល​ពីរ​រដូវ​កាល​ជាមួយ​ក្លឹប​នៅ Ligue 1 របស់​បារាំង​រូបនេះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​ជា​មួយ​ក្រុម​របស់​លោក ដេវីត ម៉​យ (David Moyes) ។ ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ពិតជា​រំភើប​ណាស់​នៅ​ពេល​ខ្ញុំ​បានឮ​អំពី​ចំណាប់អារម្មណ៍​របស់ West Ham United”​។​

“​នៅពេលដែល​ខ្ញុំ​បាន​ឮ​ពី​វា ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវតែ​ទៅ Premier League ព្រោះ​វា​ជាក្តី​សុបិន​របស់​កីឡាករ​គ្រប់រូ​ប​។ West Ham គឺជា​ក្លិប​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​បាន​មើល​ការប្រកួត​មួយចំនួន​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ ហើយ​ខ្ញុំ​បានឃើញ​អ្នកគាំទ្រ​និង​បរិយាកាស​ពិតជា​អស្ចារ្យ​ណាស់​”​។​

​លោក​ម៉​យ ដែល​ក្រុម​របស់​គាត់​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៧ ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​រដូវ​កាល​មុន បាន​និយាយថា អា​ហ្គឺ​ដ​បាន​ស្ថិតនៅ​លើ​រ៉ា​ដា​របស់​ក្លិប​មួយរយៈ​មកហើយ​។​

​អ្នក​ចាត់ការ​ទូទៅ​របស់​ញញួរ​ធំ​និយាយថា “​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការស្វាគមន៍​ណា​យ៉េ​ហ្វ​មកកាន់ West Ham United​។ ពួកយើង​បាន​តាមដាន​ភាព​រីកចម្រើន​របស់​គាត់​ជា​យូរ​មក​ហើយ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​យើង​អាច​ទិញ​គាត់​បាន​។ គាត់​គឺជា​ការបន្ថែម​ដ៏​អស្ចារ្យ ដែល​នឹង​ជួយ​បន្ថែម​ជម្រើស​ការពារ​របស់​យើង​”៕

​ណា​យ៉េ​ហ្វ អា​ហ្គឺ​ដ ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​ជា​មួយ​ក្រុម​របស់​លោក ដេវីត ម៉​យ