​ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នកគ្រូ លោកគ្រូ និង​អាណាព្យាបាល​គ្រប់រូប ត្រូវ​ចូលរួម​អប់រំ​កូន ឱ្យ​ចាក​ឆ្ងាយ​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម ដែល​សំបូរ​ទៅដោយ ការអូសទាញ បែប​អបាយមុខ ព័ត៌មាន​ហិង្សា ព័ត៌មាន​ក្លែងក្លាយ ដែលនាំឱ្យ​យុវវ័យ​ញៀន ងប់​ង​ល់​នឹង​ទូរស័ព្ទ រហូតដល់​ការផ្តោត​អារម្មណ៍​រៀន ជាពិសេស​អាចឈាន​ទៅដល់ ការប្រព្រឹត្ត​អំពើ​អបាយមុខ​នានា ដែល​បំផ្លាញ​ខ្លួនឯង​ផង គ្រួសារ​ផង និង​សង្គមជាតិ​ផង​។

ការអំពាវនាវ​នេះ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​ថ្មី​ចំនួន ១​ខ្នង កម្ពស់ ២​ជាន់ មាន​១៥​បន្ទប់ ស្ថិតនៅក្នុង​វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​។

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏បាន​អំពាវនាវ​ដល់​គ្រប់​សាលារៀន​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​កម្មវិធីសិក្សា ដែល​អាចជួយ​ឱ្យ​សិស្សានុសិស្ស ទទួលបាន​នូវ គុណវុឌ្ឍិ​មួយចំនួន ដូចជាៈ អាច​យល់ដឹង​អំពី​អ្វី ដែល​ខុស និង​អ្វីដែល​ត្រូវ មានគំនិត​ច្នៃប្រឌិត ចេះ​គោរព និង​ចេះ​ប្រើពាក្យ​សំដី និង​អាកប្បកិរិយា គួរសម​ចំពោះ មនុស្ស​គ្រប់រូប ចេះ​គោរព ស្រឡាញ់​ខ្លួនឯង គ្រួសារ និង​អ្នកដទៃ និង​ចូលចិត្ត​សកម្មភាព ដែល​នាំមក​នូវ​សុខភាព​ល្អ និង​ការរីកចម្រើន ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​។

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថាៈ ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស គឺជា​កិច្ចការ​ដ៏​សំខាន់ និង​ចាំបាច់ សម្រាប់​រួមចំណែក​ដល់ ការកសាង​សង្គម​អារ្យធម៌​មួយ ប្រកបដោយ​សុ​ខុ​ដុមរ​មនា សុភមង្គល មាន​សណ្តាប់ធ្នាប់ និង​ការរីកចម្រើន​ជា​លំដាប់​។ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ បាន​ធូរស្រាល ក្មួយៗ ក៏បាន​មក​រៀន​នៅ​សាលារៀន​វិញ​ជាធម្មតា ក្រោយពី​អាក់ខាន​មិនបាន​រៀន ដូច​ធម្មតា អស់​រយៈ​ជាង ២ ឆ្នាំ​មកនេះ ដោយសារ​ការ​រាតត្បាត កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​របស់​យើង​។ ប៉ុន្តែ​ទោះបីជា​មិន​អាចមក​រៀន​ផ្ទាល់ នៅ​សាលា​បាន ក៏ពិតមែន រដ្ឋាភិបាល នៅតែ​យកចិត្តទុកដាក់ និង​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បីឱ្យ​ក្មួយៗ អាច​សិក្សា តាម​កម្មវិធី​អន​ឡាញ តាម​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​កម្មវិធី ក្នុង​ទូរស័ព្ទ របស់​ក្រសួង​អប់រំ ជាដើម​។ ការខិតខំ​ទាំងអស់នេះ គឺ​ដើម្បី​ធានាថា សិស្សានុសិស្ស នៅតែ​អាច​ទទួលបាន ការបណ្តុះបណ្តាល ស្របតាម​កម្មវិធី និង​ដើម្បី​រៀន​សម្រប​ខ្លួន​របៀប ” ការរស់នៅ​តាម​គន្លង ប្រក្រតី​ថ្មី ” ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទាំងមូល ចាប់ពី​កុមារ អាយុ​៣​ឆ្នាំ​ឡើងទៅ ដោយ​ឥតគិតថ្លៃ ទាំង​ការចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង ដូ​ស​ជំរុញ​ទី​១ ទី​២ ទី​៣ ទី​៤ ទី​៥ ឬ​ទី​៦​ក៏ដោយ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍ថាៈ ប្រទេស​កម្ពុជា បាននិងកំពុង​តែ​ឈរ​ស្មើមុខ ស្មើ​មាត់​នឹង​ប្រទេស​ដទៃ​ទាំងអស់ នៅលើ​ពិភពលោក​។ ក្នុង​ឆ្នាំ​២០២១ កន្លងមកនេះ កម្ពុជា​បានទទួល​ធ្វើជា ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ តាម​ប្រព័ន្ធ​វីដេអូ ដែលមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​មកពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី ជាង ៥៨ ប្រទេស​។ ក្នុង​ខែឧសភា​ថ្មីៗ កន្លងមកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ក្នុងនាម​ជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​នេះ​គឺជា​មោទកភាព​ដ៏​ធំ​បំផុត របស់​ប្រទេសជាតិ យើង​។ ការធ្វើជា​ម្ចាស់ផ្ទះ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​កម្រិត​តំបន់ និង​ពិភពលោក​នេះ បា​នស បញ្ជាក់​ឱ្យឃើញថា ក្រោម​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ និង​ភាពប៉ិនប្រសព្វ ផ្នែក​នយោបាយ​ការទូត របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពិតជា​បានធ្វើឱ្យ​ពិភពលោក ស្ញប់ស្ញែង កោតសរសើរ និង​បានប្រគល់​ពានរង្វាន់​សន្តិភាព ស៊ុន​ហាក់ SUNHAK របស់​អង្គការ​សម្ព័ន្ធ សន្តិភាព​សកល នៃ​សាធារណរដ្ឋ​កូរ៉េ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ថែម​ទៀតផង​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​គូសបញ្ជាក់ថាៈ ចាប់តាំងពី​ប្រទេស​កម្ពុជា ទទួលយករ​របប នយោបាយ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​មក កម្ពុជា​បានរៀបចំ​ការបោះឆ្នោត ទាំង​ថ្នាក់ជាតិ និង​ទាំង​ថ្នាក់ក្រោម​ជាតិ ស្របតាម​ការកំណត់ របស់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ជា​ទៀងទាត់​។ ថ្មីៗ​កន្លងមកនេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា នៅ​ទូទាំងប្រទេស ហើយ​យើង​សង្ឃឹមថា ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​៧ នា​ឆ្នាំ​២០២៣ និង​ប្រព្រឹត្តទៅ ដោយ​រលូន​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បានបញ្ជាក់​បន្ថែមថាៈ ជានិច្ចកាល រាជរដ្ឋាភិបាល តែងតែ​ផ្តល់ អាទិភាព​ទី​១ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា ពោលគឺ​បន្ត​ធានា​នូវ សេវា​អប់រំ ដែលមាន​គុណភាព ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន ព្រមទាំង​លើកកម្ពស់ ឱកាស​ការសិក្សា ពេញ​មួយជីវិត សម្រាប់​ទាំងអស់គ្នា​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នឹង​បន្ត​ដោះស្រាយ រាល់​ការខ្វះខាត ក្នុង​វិស័យ​អប់រំ​នេះ ទៅតាម​កំណើន នៃ​សិស្សានុសិស្ស មិនថាតែ​នៅ​ទីក្រុង ឬ​តាម​ទីជនបទ​ឡើយ​។ អាស្រ័យហេតុនេះ សូម​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ បន្ត​ផ្សាភ្ជាប់​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ជាពិសេស​លោក​ចៅសង្កាត់ និង​ថ្នាក់ដឹកនាំ​សង្កាត់ ត្រូវ​បន្ត​កាយវិការ​សកម្ម ក្នុងការ​បម្រើ ប្រជាជន​បែបនេះ និង​ធ្វើឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​៕/V​