ដោយ​: សុខុម / មណ្ឌលគិរី​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ​៧៦១ សហការ​ជាមួយ សង្កាត់រដ្ឋបាល​ព្រៃឈើ ចុង​ផ្លាស និង ស្រែ​ព្រះ បាន​បង្ក្រាប​រថយន្ត​ដឹកឈើ មួយគ្រឿង កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ចំការ​ស្វាយ មួយកន្លែង ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ គឺ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ម​០៥-២០​ភ​.​ព​២ ចំណុះ​មួយ​តោន​កន្លះ ដោយមាន​ផ្ទុក​ឈើ ប្រភេទ​លេខ​មួយ គឺ​ឈើ​ស្រឡៅ និង​ឈើ​សុ​ក្រំ ចំនួន​១០​ដុំ​។ ឈើ​ទាំងអស់នោះ ក្រុម​ឈ្មួញ បម្រុង​ដឹក​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​។​

​ក្រោយពី​បង្ក្រាប​រថយន្ត​ដឹកឈើ ជា​វត្ថុតាង​មក សមត្ថកិច្ច បាន​ដឹក​ទៅ​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ចុង​ផ្លាស់ និង ស្រែ​ព្រះ ដើម្បី​វាស់វែង បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕/V​