ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​របស់​ធនាគា​រ​ពិភពលោក (World Bank) ដែល​ដឹកនាំ​ដោយ​លោកស្រី ចំរើន មុទិតា ចូលជួប​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​គម្រោង​ពាក់កណ្តាល​អាណត្តិ (MTR) និង​បេសកកម្ម​គាំទ្រ​ការអនុវត្ត​លើក​ទី​៥ (ISM) សម្រាប់​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុ​ជា (CASDP)​។

​លោកស្រី​ប្រធាន​ក្រុមការងារ​បាន​គោរព និង​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ដោយ​សង្ខេប អំពី​វឌ្ឍនភាព​របស់​គម្រោង លក្ខណ​:​លំបាក និង​ងាយស្រួល​ក្នុងការ​អនុវត្ត​គម្រោង មូលហេតុ សំខាន់ៗ​ដែល​ចាត់ទុកថា​ជា​ឧបសគ្គ​ក្នុងពេល​អនុវត្ត​គម្រោង លទ្ធផល និង​បទពិសោធន៍​ដែល​ទទួលបាន សំណូមពរ និង​ផែនការ យុទ្ធសាស្ត្រ​អនុវត្ត​បន្ត​ដើម្បី​ទទួលបាន​ជោគជ័យ​។ ឆ្លៀត​យក​ឱកាស នេះ​លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី ថ្នាក់​ដឹក នាំ​គម្រោង និង​ថ្នាក់ដឹកនាំ​មន្ទីរ​នៃ​ខេត្ត​គោលដៅ ដែល​បានរួម​សហការ​អនុវត្ត​គម្រោង​ទទួលបាន លទ្ធផល​ល្អ​ដូច​បាន​គ្រោងទុក​។ ទទួលបាន​មេរៀន និង​បទពិសោធន៍​ល្អៗ លោកស្រី​សង្ឃឹម និង​ជឿជាក់ថា គម្រោង​នឹង​បង្កើតបាន​ផ្លែផ្កា​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅពេល​បញ្ចប់​អាណត្តិ​។

​មានមតិ​ចូលរួម​អបអរ និង​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​ដែល​គម្រោង​សម្រេចបាន លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​ក្រុមការងារ​ទាំង​ក្រសួង ក្រសួង​ពាក់ព័ន្ធ និង​ក្រុមការងារ WB រួមសហការ​គ្នា​ធ្វើការ​សិក្សា​លម្អិត​បន្ថែម​អំពី​ត្រូវការ​ជាក់ស្តែង និង​បន្ទាន់​របស់​ប្រជាកសិករ ធ្វើ​យ៉ាង ណា​ឲ្យ​ស្របទៅនឹង​បរិបទ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​ជាពិសេស​ស្ថានភាព​នៃ​វិបត្តិ​ជំងឺឆ្លង កូ​វីដ​-១៩ ដែលមាន​លក្ខណ​:​ល្អប្រសើរ​ជា​បន្តបន្ទាប់​។

​នាឱកាស​នោះដែរ លោក រដ្ឋមន្ត្រី​បាន​លើក​ស្នើសុំ​ទៅ​ក្រុមការងារ​ធនាគារពិភពលោក ពិនិត្យ ពិចារណា​ជួយ​ដល់​កម្ពុជា លើ​ប្រព័ន្ធ​ស្រោចស្រព​ដែល​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ (​សូ​ឡា​) ដើម្បី​ជួយ​កាត់ បន្ថយ​ការចំណាយ​លើ​ថ្លៃ​ភ្លើង និង​ប្រេង​ឥន្ទ​ន​:, ពិនិត្យ​លទ្ធភាព​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​ដំណាំ មាន​បន្លែ​ផងដែរ ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម តម្លៃបន្ថែម រួមទាំង​ទីផ្សារ និង​ការកែច្នៃ​ផងដែរ​, និង ជួយ​ជា​កម្ចី​ឲ្យ​ដល់​សមាគម​ចិ​ញ្ចឹ​សត្វ បណ្តុំ​កសិករ​ចិញ្ចឹម​មាន់ និង​ភ្ញាស់​កូន​មាន់ ដើម្បី​យកទៅ​ពង្រីក​ផលិតកម្ម​ចិញ្ចឹមសត្វ លើកកម្ពស់​ការផ្គត់ផ្គង់​សាច់ និង​ស៊ុត​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។

​លោក​រដ្ឋមន្ត្រី​បានផ្តល់​មតិ​ឲ្យ​ក្រុមការងារ​សិក្សា​លើ​លទ្ធភាព​របស់​សហគម​ន៍​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព ចំណេះ​ជំនាញ បទពិសោធន៍ ការងារ​ដឹកនាំ និង​គ្រប់គ្រង រដ្ឋបាល គណនេយ្យ និង​ហិរញ្ញវត្ថុ ក្នុង​បំណង​ប្រែក្លាយ​សហគមន៍​កសិក​ម្ម ឬ​សហគមន៍​ចិញ្ចឹមសត្វ​ឲ្យ​ទៅ ជា​សហ​គ្រា ក​សិ​ធុរកិច្ច​នៅ​ជនបទ ក្នុង​ឆន្ទ​:​រក្សា​ឲ្យ​បាន​នូវ​និរន្តរភាព​ផលិតកម្ម និង​ម្ចាស់ការ​ក្រោយពេល​គម្រោង​ត្រូវបាន​បញ្ចប់​៕​