ដោយៈ សុផល / ភ្នំពេញ: លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កូរ៉េ ជំនាញផ្នែកអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ដឹកនាំដោយលោក ហេង វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងមានការ អមដំណើរពីលោក Kim Songil អនុប្រធានក្រុមហ៊ុនសាជីវកម្ម Yooshin Engineering Corporation កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។
ជំនួបនេះ មានគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាព សម្រាប់ចូលរួម អនុវត្តគម្រោងអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងផ្លូវថ្នល់ស្ពាននានារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ក្នុងគោលដៅ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ថ្លែងក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កំពុងអនុវត្តបន្ត រួមមានផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចជាការអនុវត្តនីតិវិធី ទាក់ទងនឹងការសាងសង់ និងបានថ្លែងនូវការកោតសរសើរផងដែរ ចំពោះលោក ហេង វុទ្ធី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ក្នុងការដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចពិភាក្សា អំពីលទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការ ចូលរួមជំរុញការងារ គម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
សូមជម្រាបជូនថា ក្រុមហ៊ុនសាជីវកម្មនេះ បង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣ មានបទពិសោធន៍ លើការសាងសង់ផ្លូវល្បឿនលឿន ផ្លូវហាយវេ ផ្លូវរថភ្លើង ស្ពានខ្សែកាប អាកាសយានដ្ឋាន ស្ពានធំៗ និងការអភិវឌ្ឍធនធានទឹក ផងដែរ៕/V