ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ទីរពេទ្យនិងគ្លីនិករបស់សហរដ្ឋអាម៉េរិកបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារតូចបំផុតរបស់ប្រទេសកាលពីថ្ងៃអង្គារទី២១មិថុនា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានស្វាគមន៍ដោយឪពុកម្តាយដែលអន្ទះអន្ទែងចង់ការពារកូនពីផលប៉ះពាល់ដ៏អាក្រក់បំផុតនៃមេរោគកូរ៉ូណា។
ការចាក់រាប់លានដូសកំពុងដំណើរការនៅទូទាំងប្រទេស ពោលគឺ ១៨ ខែបន្ទាប់ពីមនុស្សចាស់បានក្លាយជាក្រុមដំបូងដែលមានសិទ្ធិទទួលថ្នាំបង្ការនេះ។
កុមារ ដែលមានអាយុពីប្រាំមួយខែដល់បួនឆ្នាំ មិនមានហានិភ័យខ្លាំងដូចក្រុមមនុស្សពេញវ័យនោះទេ។ប៉ុន្តែកម្រិតនៃការឆ្លងខ្លាំងនៅអាម៉េរិកបានឃើញកុមារជាង ៤៥.០០០ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់ជិត៥០០ នាក់នៅក្នុងក្រុមមនុស្សអាយុ ០-៤ ឆ្នាំនៅសហរដ្ឋអាម៉េរិក ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ដែលតួលេខនេះអាចបង្ការបានភាគច្រើន ប្រសិនបើមានវ៉ាក់សាំង។
លោកស្រី អាមីសា វ៉ាគីល (Amisha Vakil) ជាម្តាយរបស់កូនប្រុសអាយុ៣ឆ្នាំចំនួនពីរនាក់ ដែលទើបបានចាក់ថ្នាំវ៉ាក់សាំង Moderna នៅមន្ទីរពេទ្យកុមាររដ្ឋតិចសាសក្នុងទីក្រុងហ៊ូស្តុន (Houston) បាននិយាយថា “យើងពិតជារំភើបណាស់”។
កូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរបានវះកាត់បេះដូងចំហចំនួនបីដងក្នុងរយៈពេលប្រាំខែដំបូងពេលកើតមក។
លោកស្រីវ៉ាគីលបាននិយាយថា “រូបគេមានហានិភ័យខ្ពស់ណាស់ ដូច្នេះអ្នកដឹងទេ ពួកយើងបានរស់នៅក្នុងភាពជ្រួលច្របល់ណាស់។ ឥឡូវនេះ រូបគេមានអាវក្រោះការពារ ដែលវាជួយបានច្រើនណាស់”។
កុមារភាគច្រើនដែលត្រូវបាននាំមកចាក់ថ្នាំកាលពីថ្ងៃអង្គារបានកើតបន្ទាប់ពីការរាតត្បាត ហើយស្គាល់ជីវិតនៃការរឹតត្បិត៕
ក្មេងប្រុសអាយុ៣ឆ្នាំមកទទួលវ៉ាក់សាំងកូវីដនៅមន្ទីរពេទ្យកុមាររដ្ឋតិចសាសកាលពីថ្ងៃអង្គារ