ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីបាននិយាយថា កូរ៉េខាងត្បូងបានធ្វើការបាញ់បង្ហោះផ្កាយរណបដោយជោគជ័យជាលើកដំបូងរបស់ខ្លួនដោយប្រើរ៉ុក្កែតផលិតក្នុងស្រុកកាលពីថ្ងៃអង្គារទី២១មិថុនា ដោយជំរុញមហិច្ឆតាផ្នែកអវកាសដែលកំពុងកើនឡើងរបស់ខ្លួននិងបង្ហាញថាខ្លួនមានបច្ចេកវិជ្ជាសំខាន់ៗដែលត្រូវការចាំបាច់ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មនិងបង្កើតមីស៊ីលធំជាងមុន ចំពេលមានភាពតានតឹងជាមួយគូប្រជែងកូរ៉េខាងជើង។
ក្រសួងវិទ្យាសាស្ត្របាននិយាយថា រ៉ុក្កែត Nuriដែលមានបីដំណាក់កាលបានដាក់ផ្កាយរណប “ផ្ទៀងផ្ទាត់ការអនុវត្តមុខងារ” នៅកម្ពស់គោលដៅ ៧០០ គីឡូម៉ែត្រ បន្ទាប់ពីការបាញ់បង្ហោះនៅម៉ោង ៤ រសៀលចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសរបស់កូរ៉េខាងត្បូងនៅលើកោះមួយនៅភាគខាងត្បូង។
ផ្កាយរណបនេះបានបញ្ជូនសញ្ញាអំពីស្ថានភាពរបស់វាទៅកាន់ស្ថានីយកូរ៉េខាងត្បូងដែលគ្មានមនុស្សបញ្ជានៅទ្វីបអង់តាក់ទិក។មន្ត្រីក្រសួងបាននិយាយថាវាកំពុងដឹកផ្កាយរណបតូចៗចំនួនបួនដែលនឹងបញ្ចេញនៅប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់ការសង្កេតផែនដីនិងបេសកកម្មផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រលោក លី ចុងហូ (Lee Jong-Ho) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះថា”វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់សាធារណរដ្ឋកូរ៉េបានរីកចម្រើនយ៉ាងខ្លាំង។ រដ្ឋាភិបាលនឹងបន្តការដើរទៅមុខដ៏ក្លាហានឆ្ពោះទៅរកការក្លាយជាមហាអំណាចអវកាសរួមគ្នាជាមួយប្រជាជន”។
នៅក្នុងសន្និសីទតាមវីដេអូជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះនេះ ប្រធានាធិបតី យូន ស៊ុកយ៉ូល (Yoon Suk Yeol)បានអបអរសាទរពួកគេចំពោះសមិទ្ធផលនេះ ហើយបានប្តេជ្ញារក្សាការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់គាត់ក្នុងការបង្កើតទីភ្នាក់ងារអវកាសរដ្ឋ៕
រ៉ុក្កែត Nuriដឹកផ្កាយរណបដំបូងរបស់កូរ៉េខាងត្បូងទៅទីអវកាសកាលពីថ្ងៃអង្គារ
ប្រជាជនកូរ៉េខាងត្បូងមើលរ៉ុក្កែត Nuriចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសរបស់កូរ៉េខាងត្បូងនៅលើកោះមួយ