ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បានបញ្ជាក់​អំពី​ការគាំទ្រ និង​អបអរសាទរ ចំពោះ​ភាពជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ដែល​កម្ពុជា​ធ្វើជា ម្ចាស់ផ្ទះ និង​បានបង្ហាញ​អំពី ការលើកកម្ពស់​ទំនាក់​ទំនង ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិ ការ លើ​វិស័យ​ការពារជាតិ ជាមួយ​កម្ពុជា ថែម​ទៀតផង​។​

​ការបញ្ជាក់ អំពី​ការគាំទ្រ​នេះ បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧ​បប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការពារជាតិ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ថៃ បាន​ប្តេជ្ញា​គាំទ្រ ចំពោះ​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន សំដៅ​លើកកម្ពស់ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ថៃ ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព ជា​បងប្អូន និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ទាំង​នយោបាយ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ឡាវ បាន​សម្តែង​ការគាំទ្រ និង​អបអរសាទរ ចំពោះ ភាពជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​កម្ពុជា ហើយ​បាន វាយតម្លៃ​ខ្ពស់ និង​ការពេញចិត្ត​ចំពោះ​វ​ឌ្ឍ​ភាព កិច្ចសហប្រតិបត្តិការ ទ្វេភាគី ទទួលបាន​ល្អប្រសើរ ទោះបី​ស្ថិត ក្នុង​បរិបទ​កូ​វីដ ១៩​។​

​រីឯ​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី ក៏បាន​ប្រកាស​គាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​ភាព ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​កម្ពុជា​។ រដ្ឋមន្ត្រី​ការពារ ជាតិ​ទាំងពីរ បាន​ឯកភាព ពង្រឹង និង​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ យោធា​កម្ពុជា ម៉ាឡេស៊ី លើ​វិស័យ​បណ្តុះបណ្តាល ធនធានមនុស្ស វិស័យ​ប្រតិបត្តិ​ការរក្សា សន្តិភាព និង​វិស័យ​សំខាន់ៗ ព្រមទាំង​បាន​ផ្លាស់ប្តូរ ទស្សនៈ​ជុំវិញ​ស្ថានការណ៍ តំបន់ និង​ពិភពលោក ផងដែរ​។​

​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ជប៉ុន បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល កិច្ច​សហ ប្រតិបត្តិការ នាពេល​កន្លងមក ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា លើ​វិស័យ​កងទ័ពជើងគោក ជើង​ទឹក កង​រក្សា​សន្តិភាព បាន​ពង្រឹង​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ជប៉ុន រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការកសាង​ចំណងមិត្តភាព ឱ្យ​កាន់តែ​ជិតស្និទ្ធ ស៊ីជម្រៅ និង​វិបុលភាព​ថែមទៀត ។ ជាមួយគ្នានេះ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ផងដែរ​។

​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​ពង្រឹង​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ក្រសួង​ការពារ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឥណ្ឌូណេស៊ី ឱ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត សំដៅ​លើកកម្ពស់​ពង្រឹង សមត្ថភាព​យោធា រួមមាន ការទទួល​សិក្ខាកាម​កម្ពុជា ទៅ​បណ្តុះបណ្តាល នៅ​ឥណ្ឌូណេស៊ី ការបញ្ជូន​យោធា​ចា​រ្យ ឥណ្ឌូណេស៊ី មក​បណ្តុះបណ្តាល​សិក្ខាកាម នៅ​កម្ពុជា ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច គណៈប្រតិភូ​ទៅវិញទៅមក ការចូលរួម​លំ​ហាត់​ហ្វឹកហ្វឺន​រក្សា​សន្តិភាព និង​ការផ្តល់​បរិក្ខារ សម្ភារៈ​យោធា ជូន​កងយោធពល​ខេមរភូមិន្ទ​។​

​សូមជម្រាបថា កម្ពុជា​បានទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ ជាតិ​អាស៊ាន កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០២២ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ (16th ADMM) ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​គួរ​បញ្ជាក់ថា នៅមុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ នេះ គឺ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ឥណ្ឌូណេស៊ី ឡាវ ដើម្បី​ដើម្បី​ពង្រឹង​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាង​ក្រសួង​ការពារ​ប្រទេស​ទាំងពីរ ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ផងដែរ​៕/V-PC