ដោយ​: សុខុម / ស្ទឹងត្រែង​: រថយន្ត​ធំ​មួយគ្រឿង បើក​ក្នុងទិសដៅ​ស្របគ្នា បាន​កៀរ​ម៉ូតូ បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ ដួល​រងរបួស​ធ្ងន់ នៅវេលា​ម៉ោងជាង ៨ ព្រឹក នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ ៤៩១ លើផ្លូវ ជាតិ​លេខ​៩ ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ អ្នកបើកបរ​រថយន្ត ឈ្មោះ ស៊ុយ សុ​ថុ​ន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​ក្របី ស ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស ផ្លាកលេខ ភ្នំពេញ ៣D៣៨៩៦ ទិសដៅ ពី​ខាង​លិចទៅ​ខាងកើត បាន​កៀរ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ ទិសដៅ​ពី​ខាងលិច ទៅ​ខាងកើត​ដូចគ្នា​។ រីឯ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ដុស ឆេង ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ អ្នកបើកបរ​ម៉ូតូ បន្ទាប់ពី​រងរបួស ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា កត្តា​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង ដោយ​ការ វ៉ា​ជែង ខ្វះ​ការប្រុងប្រយ័ត្ន​៕/V​-PC