​ដោយ:​ សុផល​/​ភ្នំពេញ​: អង្គការ​អុក​ស្វា​ម នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបិទ​បញ្ចប់​យុទ្ធនាការ “​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នៅ​ការិយាល័យ​អង្គការអុក​ស្វា​ម​កម្ពុជា ។​

​យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ភាព​សម្បូរបែប​នៃ​អាង​ទន្លេមេគង្គ​និង​សារៈសំខាន់​របស់​ទន្លេ​នេះ​ចំពោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។

​សន្និសីទ​សារព័ត៌មាន​នឹងមាន​ការចូលរួម​ចែករំលែក​ពី​វាគ្មិន​រួមមាន​លោក អ៊ួ​ន បឋម ហៅ​សាយ ដែលជាឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ របស់​យុទ្ធនាការ សហគមន៍​ជនជាតិដើម​ភាគតិច និង​អង្គការ​អុក​ស្វា​ម​។​

​យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​របស់​អង្គការ​អុក​ស្វា​ម​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​ងាយ​រងគ្រោះ​តាម​តំបន់​ទន្លេមេគង្គ ដែល​រង​ផលប៉ះពាល់​ដោយ​ការផ្លាស់ប្តូរ​លំហូរ​ទឹក និង​ការកើនឡើង​នៃ​ការ​គំរាម​ដល់​សន្តិសុខ​ស្បៀង​។​

​ទន្លេមេគង្គ គឺជា​បេះដូង​របស់​ទ្វីបអាស៊ី​អាគ្នេយ៍ . ទន្លេ​នេះ មាន​ប្រវែង​ជាង ៤.០០០ គីឡូម៉ែត្រ​ហើយ​ហូរ​កាត់ប្រទេស​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។​ទន្លេមេគង្គ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្ត​ត់​ផ្គង់​សេដ្ឋកិច្ច ផ្តល់ឱកាស​អោយមាន​ទេសចរណ៍​តាមបែប​ធម្មជាតិ និង​ផ្តល់​តម្រូវការ​ថាមពល​នៅក្នុង​តំបន់​។​

​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ខ្នាត​ធំ និង​ការប្រែប្រួល​អាកាសធាតុ ត្រូវបាន​គេ​មើលឃើញថា ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​នៃ​ទន្លេមេគង្គ ហើយ​នៅតែ​បន្ត​បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ដល់សហគមន៍ ដែលមាន​ប្រជាជន​យ៉ាងហោចណាស់​៧០​លាន​នាក់​កំពុង​អាស្រ័យ​ផល​លើទឹក​ទន្លេ​ដ៏​មាន​សក្តានុពល​នេះ​។

​ផលប៉ះពាល់​សំខាន់ៗ​ទាំងនោះ​អាច​កើនឡើង​នៅក្នុង​បរិបទ​ផ្សេងៗ​គ្នា ដូចជា​លទ្ធភាព​ក្នុង​ការទទួល​បានការ​ថែទាំ​សុខភាព ការអប់រំ លំនៅឋាន​សមរម្យ ការគំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​នៃ​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត ដែល​បរិបទ​ទាំងនេះ​នឹង​ឆ្លើយតប​មកវិញ​ជាមួយនិង​ភាពក្រីក្រ​ដ៏​រាំ​រ៉ៃ​៕​