​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ តំណាង​មកពី​ក្រុមហ៊ុន​សាជីវកម្ម​ចម្រុះ​ជាតិ​សាសន៍​និង​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពហុ​ជាតិ​ឈី​ងតាវ (Qingdao) លើក​ទី​បី​នៅ​ទីក្រុង​ឆ្នេរសមុទ្រ ឈី​ងតាវ ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន បាន​កត់សម្គាល់​ថា ចិន​នៅ​តែ​ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​បំផុត​របស់​ពិភពលោក បើទោះបីជា​ជួប​បញ្ហា​ប្រឈម​ពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ក៏ដោយ​។​

​ក្រោម​ប្រធានបទ “​ពហុ​ជាតិ​សាសន៍​និង​ចិន​” កិច្ចប្រជុំ​កំពូល​ឆ្នាំ​នេះ​ផ្តោតលើ​ប្រធានបទ​ជាច្រើន រួម​ទាំង​ការកសាង​ឡើងវិញ​នូវ​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​ក្នុង​យុគសម័យ​ក្រោយ​ជំងឺ​រា​ត​​ត្បា​ត ការអនុវត្ត​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​ការលើកកម្ពស់​ការបើក​ចំហ​ស្ថាប័ន តួនាទី​ពហុ​ជាតិ​សាសន៍​ក្នុង​ការលើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​និង​ការការពារ​អេកូ​​ឡូ​ស៊ី​អាង​ទន្លេ​លឿង និង​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​មេដឹកនាំ​ឧស្សាហកម្ម ប្រតិភូ​ក្រុមហ៊ុន ឯកអគ្គរដ្ឋទូត អ្នកប្រាជ្ញ និង​មន្ត្រី​រដ្ឋាភិបាល​ជាង ៥.៦០០ នាក់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំង​តាម​អ៊ីនធឺណិត​និង​មក​ផ្ទាល់​។​

​គម្រោង​វិនិយោគ​បរទេស​សំខាន់ៗ​សរុប​ចំនួន ៩៩ ជាមួយនឹង​ការវិនិយោគ​សរុប ១៥,៦ ពាន់​លាន​ដុល្លារ​អាម៉េរិក​ត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​ដែល​បាន​បើក​កាលពី​​ថ្ងៃអាទិត្យ​។ វិស័យ​វិនិយោគ​ភាគច្រើន​រួមបញ្ចូល​ឧបករណ៍​ទំនើប ថាមពល​ថ្មី និង​សម្ភារៈ​ថ្មី បច្ចេកវិជ្ជា​ព័ត៌មាន​ជំនាន់​ថ្មី ក៏​ដូចជា​ហិរញ្ញវត្ថុ​ទំនើប កសិកម្ម និង​សេវាកម្ម​។​

​ក្រុមហ៊ុន​នានា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​ជា​ប់លាប់​របស់​ខ្លួន​ចំពោះ​ក្តី​សង្ឃឹមនៃ​ទីផ្សារ​ចិន​។​

​លោក អៃ ជូ​ពីង (Ai Zhouping) ប្រធាន​ក្រុមហ៊ុន Heraues (China) Investment Co., Ltd. Ai បាន​កត់សម្គាល់​ថា “​យើង​មាន​ដំណើរការ​ដ៏​អស្ចារ្យ​នៅក្នុង​ត្រីមាស​ទី​ពីរ​ជា​ពិ​​សេស​នៅក្នុង​ខែ​ឧសភា​”​។ លោក​អៃ​បាន​កត់សម្គាល់​ថា ដោយសារ​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​ប្រកបដោយ​ប្រសិទ្ធភាព​និង​ការ​បន្ត​ដំណើរការ​ឡើង​វិញ​ដោយ​រលូន​វិស័យ​ភស្តុភារ​និង​ឧស្សាហកម្ម​ពាក់ព័ន្ធ​​កំពុង​ងើប​ឡើងវិញ​។​

​លោក​អៃ​បាន​និយាយថា “​ការលក់​សរុប​និង​សូចនាករ​ប្រាក់ចំណេញ​របស់​យើង​នៅក្នុង​ខែ​ឧសភា​បាន​បំពេញ​តាម​ការរំពឹងទុក និង​ល្អប្រសើរ​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​” ដោយ​បន្ថែម​ថា ជាមួយនឹង​ការវិនិយោគ​សរុប​ប្រហែល​២០០​លាន​ដុល្លារ ក្រុមហ៊ុន​កំពុង​មាន​វឌ្ឍនភាព​លើ​គម្រោង​ជិត​១០​នៅក្នុង​ប្រទេស​ចិន​៕

មេដឹកនាំ​ឧស្សាហកម្ម ប្រតិភូ​ក្រុមហ៊ុន ឯកអគ្គរដ្ឋទូត អ្នកប្រាជ្ញ និង​មន្ត្រី​រដ្ឋាភិបាល​ជាង ៥.៦០០ នាក់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពហុ​ជាតិ​ឈី​ងតាវ