ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញ: គិតត្រឹមពេលនេះ មាន រយៈពេលជិត ១ខែមកហើយ ដែល លោក យឹម តាស្រង់ បានប្រកាសចាកចេញពីផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលការចាកចេញនោះ ក៏ព្រោះតែលោកមានបេសកកម្មជីវិតមួយថ្មី ដោយលោកចង់ក្លាយជា ពាណិជ្ជករមួយរូបផងដែរ។ ដ្បិតថា មើលទៅមិនសូវមានសកម្មភាពខ្លាំង ដូចកាលនៅក្នុង សិល្បៈ ប៉ុន្តែបើតាមតម្រុយពីប្រភពមួយ បានឲ្យដឹងថា ពេលនេះ អតីតអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra កំពុងសម្ងំរៀបចំយុទ្ធសាស្ត្រ និងកសាងផែនការ ជាជំហានៗ ។
យឹម តាស្រង់ បានហក់មកប្រឡូក ក្នុងការរកស៊ីក្នុងជំនួញ Cosmetic ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយចាប់ដៃម៉ាក់ អ៊ីអ៊ី នាំយកផលិតផលសម្ផស្ស និងសុខភាព EEw9 មកកម្ពុជា។
ថ្លែងក្នុងថ្ងៃសន្និសីទសារព័ត៌មាន ប្រកាសពីជំនួញថ្មីរបស់ខ្លួន យឹម តាស្រង់ ប្រាប់ថា សំអាង លើការដាក់ចិត្តធ្វើការងារសិល្បៈ រហូតជោគជ័យ មានការទទួលស្គាល់ លោក នឹងធ្វើឲ្យ ផលិតផលមួយនេះល្បី ក៏ដូចជា ការទទួលស្គាល់ ក្នុងទីផ្សារកម្ពុជា ដូចគ្នា ហើយនេះ ក៏ជា មូលហេតុដែលលោក សុខចិត្តងាកចេញ ពីការងារសិល្បៈ ដើម្បីមានពេលគ្រប់គ្រាន់ គ្រប់ គ្រង និងដឹកនាំ។
ចាប់ពីតាំងពីនោះ គេឃើញលោក បានចេញមក Live ក៏ដូចជាបង្ហោះ ពីសកម្មភាពរបស់ លោកខ្លះ ក្នុងផែនការលើកកម្ពស់ទីផ្សាររបស់ EEw9។ ប៉ុន្តែតាមព័ត៌មានពីប្រភពមួយ ឲ្យ ដឹងថា លោកកំពុងមានផែនការច្រើននេះទៅទៀត។
ប្រភព ដដែល បានឱ្យដឹងទៀតថា តាស្រង់ ពេលនេះ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន ក្នុងអគារផ្ទះវីឡាមួយ នៅតំបន់កប់ស្រូវ និងក៏កំពុងកសាងក្រុមផលិតវីដេអូ (Production Team) ធំមួយផង។
ប្រភពដដែល បានបន្ថែមថាៈ ក្រុមនេះហើយ ជាក្រុមចម្បងមួយ ដែលមាននាទីផលិតកម្ម វីដេអូ ពាណិជ្ជកម្មតូចធំពី EEw9 ដោយខ្លួនឯង ដោយមិនពឹងលើការជួលក្រុម ពីខាងក្រៅ នោះទេ។ ជាមួយគ្នា សម្ភារៈចាំបាច់ ម៉ូតូ ឡាន សម្រាប់ក្រុមលក់ ក៏បានមានសព្វគ្រប់អស់ ហើយដែរ ដែលគេជឿថា ក្រុមនេះ នឹងចូលលុកលុយទីផ្សារ ឆាប់ៗនេះ។
ចំពោះបញ្ហានេះ លោក យឹម តាស្រង់ ក្នុងបទសម្ភាសន៍ តាមសារអេឡិចត្រូនិក សុំមិន និយាយលម្អិត។ យ៉ាងណា លោកក៏មិនបានទាត់ចោល ទាំងស្រុងដែរ។
លោកបានថ្លែងថាៈ ” អឹម…វាធម្មតាទេ ចាប់ផ្ដើមដំណើរការអាជីវកម្ម ដំបូងៗ អីចឹង គឺមាន រឿងច្រើនត្រូវធ្វើហើយ តែបើឲ្យខ្ញុំនិយាយថា ធ្វើអីៗខ្លះ ខ្ញុំសុំមិននិយាយ ព្រោះរឿងខ្លះ វាអត់ គួរនិយាយ…!” ៕/V