ដោយៈ ប.ខុន / ភ្នំពេញៈ អាងត្រពាំងថ្ម ដែលនឹងត្រូវប្រារព្វទិវាមច្ឆាជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ពេលនេះ មានទឹកនៅសល់ប្រមាណជា ៨០ ភាគរយ នៃបរិមាណដែលអាច ស្តុកបាន ១៨០ លានម៉ែត្រគូប ជាអាងទឹកមិនធ្លាប់រីង និងមានជម្រៅពី ២ ទៅ ៣ ម៉ែត្រ សម្បូរទៅដោយត្រីចម្រុះ និងសត្វស្លាប។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថាៈ អាងត្រពាំងថ្ម នៅពេលនេះ មានទឹកប្រមាណជា ៨០ ភាគរយ នៃបរិមាណដែលអាងស្តុកបាន ១៨០ លានម៉ែត្រគូប ដោយមានបើកបញ្ចេញទៅ ស្រោចស្រពដំណាំស្រូវ នៅផ្នែកខាងក្រោមអាង រាល់ថ្ងៃ។ អាងត្រពាំងថ្ម នៅដើមរដូវ វស្សានេះ មានសល់ទឹកច្រើន ដោយសារកាលពីចុងរដូវវស្សា ឆ្នាំ២០២១ តម្កល់ទឹកទុកបាន ពេញ និងមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់ កាលពីក្នុងរដូវប្រាំងផង។
ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកនៅក្នុងអាងត្រពាំងថ្ម ពេលនេះ មានជម្រៅពី ២ ទៅជាង ៣ ម៉ែត្រ មិនធ្លាប់រីងទេ នៅរដូវប្រាំង និងនៅពេលពីរ បីឆ្នាំ ចុងក្រោយនេះ ត្រូវបានកំណត់ទឹក ទុកឱ្យនៅសល់តិចបំផុតពី ៣០ ទៅ ៤០ លានម៉ែត្រគូប សម្រាប់ការពារត្រី និងសត្វស្លាបដ៏ច្រើន រស់នៅក្នុងបឹង ដែលការពារដោយសហគមន៍នានា។
លោក យឹម ប៊ុនរ៉ុម បាននិយាយឱ្យដឹងផងដែរថាៈ អាងត្រពាំងថ្ម ដែលនឹងត្រូវប្រារព្វទិវា មច្ឆាជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ធ្លាប់បានធ្វើពិធីលែងត្រី ចំនួន២លើក រួចមកហើយ។ នៅក្នុងអាងនេះ សព្វថ្ងៃ សម្បូរដោយត្រីចម្រុះ និងសត្វស្លាប៕/V