ដោយៈ​ដេប៉ូ​/​ភ្នំពេញ​៖​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងសុខាភិបាល ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុង​បុព្វហេតុ លើកកម្ពស់ និង​ការពារ​សុខភាព​សាធារណៈ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​នា​កន្លងមក​។​

លោករដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា កន្លងមក​ការកាត់បន្ថយ​អត្រា​មរណៈ​របស់​មាតា និង​ទារក​អំឡុងពេល​សម្រាល អត្រា​កាត់បន្ថយ​ជំងឺឆ្លង​គ្រប់​ប្រភេទ យុទ្ធនាការ​ស្រោចស្រព​វ៉ាក់សាំង​បង្ការ និង​ទប់ស្កាត់បាន​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ជោគជ័យ​ក្នុងការ​ទប់​ស្តា​ត់​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។ ជាក់ស្តែង​ថ្ងៃនេះ ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អប់រំ និង​កាត់បន្ថយ​ការប្រើ ប្រាស់​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០២១-២០២៦ ដល់​មន្ត្រីរាជការ​នៃ​ក្រសួងបរិស្ថាន​ជាដើម​។​

គួរ​បញ្ជាក់ថា​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​របស់ លោក រដ្ឋមន្ត្រី​បែបនេះ​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ យុទ្ធសាស្ត្រ​ក្នុងការ​អប់រំ និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០២១-២០២៦ នៅ​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ។ សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​ការងារ​អប់រំ និង​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ និង​គោលដៅ​គន្លឹះ​នានា​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​ដោយ​អនុវត្ត​តាមច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក សាយ សំ​អាល់ បាន​បញ្ជាក់ទៀតថា ក្នុងនាម​ជា​មន្ត្រីរាជការ​ក្រសួងបរិស្ថាន ត្រូវតែ​ពង្រឹង​ចំណេះដឹង និង​សមត្ថភាព បន្ថែមទៀត ជាពិសេស​ជៀស​ឱ្យ​ឆ្ងាយ​ពី​សារធាតុ ញៀន​គ្រប់​ប្រភេទ ដូចជា ផលិតផល​ថ្នាំជក់​នេះ ដើម្បី​អនាគត​ខ្លួនឯង និង​សង្គមជាតិ ចូលរួម​ទាំងអស់គ្នា​ឱ្យ​វិស័យ​បរិស្ថាន​កាន់តែ​រីក ចម្រើន​លើ​ការងាររដ្ឋបាល​សាធារណៈ មុខងារសាធារណៈ កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវៈចម្រុះ និង​ការតាក់តែង​នូវ​គោលនយោបាយ​នានា​ក្នុង​វិស័យ​បរិស្ថាន​៕សរន