ដោយៈ បូកគោ / កំ​ពតៈ ក្រោយពី​បាន​បើក​ដំណើរការ រយ​:​ពេល​ជាង ៥​ខែ មណ្ឌល​កម្សាន្ត នៃ​រមណីយដ្ឋាន​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វ​ល្លិ៍ ដែលមាន​ទីតាំង ក្បែរ​ព្រំប្រទល់ រវាង​ខេត្តកំពត និង​ខេត្ត​កែប ស្ថិតក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ដោយ​ការ​ជិះ​ឡូរី គយគន់​សួនសត្វ ក៏ដូចជា សម្រស់​នៃ​ចម្ការ​ដំណាំ បែប​ធម្មជាតិ លើ​ប្រវែង​ផ្លូវ​ជាង ៣ គីឡូម៉ែត្រ​។​

​លោក សេង ពិសិដ្ឋ អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ឋានសួគ៌ ធម្មជាតិ​ភ្នំ​វ​ល្លិ៍ បាន​រៀបរាប់ថាៈ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ បានធ្វើឱ្យ​ការបើក បម្រើ​គ្រប់​សេវា នៅ​មណ្ឌល​កម្សាន្ត ឋានសួគ៌​ធម្មជាតិ​ភ្នំ​វ​ល្លិ៍ មាន​ភាពយឺតយ៉ាវ​។ និយាយ​រួម មកដល់​បច្ចុប្បន្ន ការបើក​ទទួលភ្ញៀវ មក​លម្ហែ​កម្សាន្ត ទើបតែ​មាន រយ​:​ពេល​ជាង ៥​ខែ​ប៉ុណ្ណោះ ទោះបី​ការបង្កើត កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ដាំ​ដុះ ដំណាំ​ហូប​ផ្លែ ច្រើន​ប្រភេទ ជា​យូរ​ឆ្នាំ​មកហើយ​ក្តី​។​

​អ្នកគ្រប់គ្រង​ដដែល បានបញ្ជាក់​ថាៈ រមណីយដ្ឋាន​នេះ បាន​ចែកចេញជា ២ ផ្នែក គឺ​កសិកម្ម និង​អេកូ​ទេសចរណ៍ លើ​ផ្ទៃដី​៨០​ហិកតា​។ អ្វីដែល​ភ្ញៀវ​ចាប់អារម្មណ៍ ក្រោយពី​បើក​ដំណើរការ ចាប់ពី​ដើមឆ្នាំ​២០២២​នោះ គឺ​ការ​ជិះ​ឡូរី គយគន់​សួនសត្វ និង​សម្រស់​បែប​ធម្មជាតិ នៃ​ចម្ការ​ដំណាំ លើ​ប្រវែង​ផ្លូវ ៣.២៥០ ម៉ែត្រ​។ សកម្មភាព នៃ​ការ​ជិះ​ឡូរី​នេះ បាន​ទាក់ទាញ ទេសចរ ឱ្យមក​លម្ហែ​កម្សាន្ត​ច្រើន ឡើងៗ ពិសេស​ថ្ងៃ​ចុង​សប្តាហ៍ ក៏ដូចជា ពិធី​បុណ្យទាន ដែល​ភ្ញៀវ​ត្រូវ​អង្គុយ តម្រង់​ជួរ​គ្នា រង់ចាំ​វេន​តែម្តង​។​

​តាម​ការរៀប​រាប់រប​ស់​អ្នកភូមិ​ជិតខាង​ថា ការ​ជិះ​ឡូរី ពិតជា​រីករាយ​ប្លែក​អារម្មណ៍ មែនទែន​។ កន្លងមក ពួកគាត់​ធ្លាប់​ឃើញតែ​នៅ​ខេត្ត​ផ្សេង តែ​ពេលនេះ ឡូរី មាននៅ​ក្បែ​ផ្ទះ​ហើយ​។ ពួកគាត់ សប្បាយចិត្ត ដោយ​គិតថា ទៅ​ថ្ងៃមុខ រមណីយដ្ឋាន​នេះ នឹង​ផ្តល់​ប្រយោជន៍ ក្នុងការ​រកប្រាក់​ចំណូល សម្រាប់​អ្នកភូមិ ជាក់​ជាមិនខាន​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពត បានបញ្ជាក់​ថាៈ រមណីយដ្ឋាន និង​ភោជនីយដ្ឋាន ឋានសួគ៌​ធម្មជាតិ​ភ្នំ​វ​ល្លិ៍ ជា​កន្លែង​កម្សាន្ត​ថ្មី មួយបែប​ទៀត សម្រាប់​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅ​ខេត្តកំពត​។ ទីនេះ​មាន ទេសភាព​ដងភ្នំ ព្រៃព្រឹក្សា ហ៊ុមព័ទ្ធ​ជុំវិញ មាន​សួន​ផ្សារ សួនសត្វ ចម្ការ​ដំណាំ​ហូប​ផ្លែ ច្រើន​ប្រភេទ ពិសេស​សេវា​ជិះ​ឡូរី ដែល​កន្លងមក មានតែ​នៅក្នុង​ខេត្តបាត់ដំបង ប៉ុណ្ណោះ​។

​លោក​សង្ឃឹមថា ទៅ​ថ្ងៃមុខ រមណីយដ្ឋាន​ឋានសួគ៌​ធម្មជាតិ​ភ្នំ​វ​ល្លិ៍ នឹង​ក្លាយជា​គោល ដៅ​ទេស ចរណ៍ ដែល​អាច​ស្រូប​ទាញ​ភ្ញៀវ ឱ្យមក​កម្សាន្ត ក្នុង​ខេត្តកំពត កាន់តែច្រើន​ថែមទៀត​៕/V​-PC