ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គណៈកម្មាធិការ​រៀបចំ ការប្រកួត​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឥណ្ឌូណេស៊ី ឆ្នាំ​២០២២ (INASPOC) បានប្រកាស​សន្សំ ពេលវេលា នៃ​ការធ្វើដំណើរ របស់​អត្ត​ព​លិ​ក និង​មន្ត្រី ពី​កន្លែង​ស្នាក់នៅ ទៅ​កន្លែង​ប្រកួត​។​

​លោក Gibran Rakabuming Raka ជា​អភិបាលក្រុង Solo និង​ជា​ប្រធាន INASPOC បាន​និយាយថាៈ ការធ្វើដំណើរ​សម្រាប់​អត្ត​ព​លិ​ក និង​មន្ត្រី​ពី​សណ្ឋាគារ ទៅ​កន្លែង​ប្រកួត ដែល​នៅ​ជិត​បំផុត អាច​ចំណាយពេល​ត្រឹមតែ ៥​នាទី ខណៈដែល​កន្លែង​ប្រកួត ឆ្ងាយ​បំផុត នឹង​ចំណាយពេល ១០ នាទី​ប៉ុណ្ណោះ​។​

​ដើម្បី​គាំទ្រ​ដល់​ការដឹកជញ្ជូន​អត្ត​ព​លិ​ក និង​អ្នករួមដំណើរ​ពី​សណ្ឋាគារ ទៅកាន់​ទីលាន ប្រកួត​នោះ រថយន្តក្រុង ចំនួន ៦៥ គ្រឿង ពី​ក្រសួង​ដឹកជញ្ជូន ត្រូវបាន​រៀបចំឡើង​។ ចំនួន​ឡានក្រុង ពិតជា នឹង​បន្ត​កើនឡើង​។​

​លោក Gibran បាន​ពន្យល់ថាៈ ការបើក​ព្រឹត្តិការណ៍ ASEAN Para Games ឆ្នាំ​២០២២ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Solo Manahan នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។​

​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២​។ មាន​អត្ត​ព​លិ​ក ប្រតិភូ និង​គ្រូបង្វឹក មកពី​បណ្តា ប្រទេស ទាំង​១១ ក្នុង​តំបន់ ចំនួន​ច្រើនជាង ១.៦០០ នាក់ ចូលរួម​លើ​កីឡា​ចំនួន ១៤ ប្រភេទ​។​

​កីឡា​ទាំង ១៤ ប្រភេទ​នោះ រួមមាន អត្តពលកម្ម​, បាញ់​ធ្នូ​, វាយ​សី​, បូ​ស្យា​, បាល់ទាត់​៧​ម្ខាង (​ចលករ​ខួរក្បាល​), អុក​, បាល់បោះ​ជនពិការភ្នែក​, យូ​ដូ​, លើក​ទម្ងន់​, ហែល​ទឹក​, វាយ​កូនឃ្លី​លើ​តុ​, វាយ​កូន​បាល់​លើ​រទេះ​, បាល់ទះ​អង្គុយ និង​បាល់បោះ​រទេះ​។​

​ចំពោះ​កម្ពុជា នឹងចូលរួម​ប្រកួត​លើ ១១​ប្រភេទ​កីឡា រួមមាន អត្តពលកម្ម​, ហែល​ទឹក​, បាល់ទះ អង្គុយ​បុរស និង​នារី​, បាល់បោះ​រទេះ​បុរស និង​នារី​, បាល់បោះ ជនពិការភ្នែក​, បាល់ទាត់​៧​ម្ខាង (​ចលករ​ខួរក្បាល​), វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, លើក​ទម្ងន់​, អុក និង បូ​ស្យា​៕/V​-PC