ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ពេញមួយព្រឹកថ្ងៃទី២៣ ខែមិថុនានេះនៅខេត្តកែបត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីជិះកង់កំសាន្តដើម្បីអបអរទិវាអូឡាំពិក (Olympic Day) និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង។
កម្មវិធីជិះកង់នេះមិនសំដៅទៅលើការប្រជែងយកចំណាត់ថ្នាក់នោះទេតែជាការជិះបែបកំសាន្ដដោយសារទឹកដីខេត្តកែបជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទ្រីយ៉ាត្លុងសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។ទ្រីយ៉ាត្លុងមាន៣វិញ្ញាសាកីឡាបញ្ចូលគ្នា គឺហែលទឹក ជិះកង់ និងរត់ ហេតុនេះជិះកង់គឺជាផ្នែកមួយនៃកីឡាទ្រីយ៉ាត្លុង ។
មានកីឡាករអាជីព កីឡាករទ្រីយ៉ាត្លុងជម្រើសជាតិដែលកំពុងតែហ្វឹកហាត់នៅខេត្តកែបរួមជាមួយមហាជនដែលជាអ្នកជិះកង់មិនអាជីពបានចូលរួមជិះសប្បាយទាំងអស់គ្នាដោយមិនគិតប្រភេទកង់អ្វីឡើយ ។ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីសុខភាពជាពិសេសឲ្យសិស្សានុសិស្សដែលចូលរួមបានយល់ពីផលប្រយោជន៍នៃការលេងកីឡា និង ឲ្យពួកគេយល់ថាកីឡាបង្កើតនូវ សាមគ្គីភាព មិត្តភាព និង ភាពស្មោះត្រង់ជាមួយគ្នា ។
លោក ប៊ុយ សុភ័ណ្ឌ ជាទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កម្មវិធីរៀបចំ ការជិះកង់កម្សាន្ដ ដើម្បីអបអរសាទរទិវា Olympic Day និង បញ្ជ្រាបការផ្សព្វផ្សាយពី ស៊ីហ្គេម ឆ្នាំ២០២៣ នៅជុំវិញ ក្រុងកែប ដោយចេញដំណើរ ពីមុខ សាលាខេត្តកែប ទៅដល់សេះស និងត្រឡប់មកមុខ សាលាខេត្តកែប វិញ។
កម្មវិធីជិះកង់ នេះមិនផ្ដោតលើការប្រកួតប្រជែងនោះឡើយគឺគ្រាន់តែបញ្ជ្រាបពីគុណតម្លៃអូឡាំពិក និងដើម្បីឲ្យគេដឹងថាខេត្តកែបជាកន្លែងប្រកួតកីឡាស៊ីហ្គេមមួយដ៏សំខាន់៕