​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បាន​សន្យា​ប្តូរ​ពី​រថយន្ត​ស៊ី​ប្រេង​ឥន្ធនៈ​ទៅ​រក​រថយន្ត​អគ្គិសនី​នៅ​ត្រឹម​ឆ្នាំ ២០៣០ ហើយ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា​ការផ្លាស់​​ប្តូរ​នេះ​មានន័យថា រថយន្ត​អគ្គិសនី (EV)​នឹង​មាន​ចំណែក ៥៤ ភាគរយ​នៃ​ការលក់​រថយន្ត​នៅ​ត្រឹម​ឆ្នាំ ២០៣៥ រួមជាមួយ​នឹង​ការលក់ ៣៣ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ​ប្រាំ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​។​

​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​មាន​ចំនួន​តិច​ជាង​ប្រាំបី​ភាគរយ​នៃ​ការលក់​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំមុន ហើយ​លក់​បាន​ជិត ១០ ភាគរយ​នៅក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២​។​

​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់ AlixPartners បាន​និយាយ​នៅក្នុង​សន្និសីទ​សង្ខេប​ស្តីពី​ចក្ខុវិស័យ​រថយន្តស​កល​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា ដើម្បី​គាំទ្រ​ដល់​តម្រូវការ​នាពេលខាងមុខ​ក្រុមហ៊ុន​ផលិត​រថយន្ត​​និង​អ្នកផ្គត់ផ្គង់​ឥឡូវនេះ​រំពឹង​វិនិយោគ​យ៉ាងហោចណាស់ ៥២៦ ពាន់​លាន​ដុល្លារ​លើ​រថយន្ត EV និង​អាគុយ​ចាប់ពី​ឆ្នាំ ២០២២ រហូតដល់​ឆ្នាំ ២០២៦​។​

​ចំនួន​ទឹកប្រាក់​នេះ​គឺ​ច្រើន​ជាង​ទ្វេដង​នៃ​ការព្យាករណ៍​ការវិនិយោគ ២៣៤ ពាន់​លាន​ដុល្លារ​លើ​រថយន្ត EV រយៈពេល​ប្រាំ​ឆ្នាំ ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៤​។​

​លោក ម៉ាក វេក​ហ្វៀល (Mark Wakefield) សហប្រធាន​ផ្នែក​ប្រឹក្សា​រថយន្ត​របស់​ក្រុមហ៊ុន AlixPartners បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការវិនិយោគ​ខ្ពស់​ទាំង​នោះ ឥឡូវ​នេះ​បាន​ធ្វើឱ្យ​កំណើន​រថយន្ត EV កើត​មាន​ចៀស​មិន​រួច​”​។​

​លោក​វេក​ហ្វៀល​បាន​បន្ថែមថា ឧស្សាហកម្ម​នេះ​នៅតែ​ជួប​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុងអំឡុងពេល​ផ្លាស់ប្តូរ​ពី​រថយន្ត​ម៉ាស៊ីន​ចំហេះ​ឥន្ធនៈ (ICE) ទៅ​រក​រថយន្ត EV​។​

​លោក​បាន​និយាយថា ការផ្លាស់ប្តូរ​នេះ​នឹង​តម្រូវ​ឱ្យមាន “​ការកែប្រែ​ទាំងស្រុង​ចំពោះ​គំរូ​ប្រតិបត្តិការ មិនមែន​ត្រឹមតែ​រោងចក្រ​និង​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​របៀប​ធ្វើការ​ទាំងមូល​ផងដែរ​”៕

​រថយន្ត​អគ្គិសនី​រំពឹង​លក់បាន ៥៤ ភាគរយ​នៅលើ​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២០៣៥