ដោយៈសុផល/ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិត អបអរនិងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតរបស់សម្តេចតេជោទៅជាថ្ងៃកំណើតពិតប្រាកដវិញ។

លិខិតបានបញ្ជាក់ថា ខ្ញុំមានកិត្តិយស ទទួលនូវលិខិតរបស់សម្តេច លេខ០៧សជណ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ជូនព័ត៌មាន អំពីដីកាសម្រេច លេខ៧៣៨ “ក” ដម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ដែលសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចកែតម្រូវ ថ្ងៃ-ខែ-ឆ្នាំកំណើតរបស់សម្តេច ពីថ្ងៃទី០៤ ខែមេសា ទៅជាថ្ងៃ-ខែ-ឆ្នាំ កំណើតពិតប្រាកដវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។

ក្នុងឱកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ក្នុងនាមសមាជិក សមាជិកា ព្រឹទ្ធសភា មន្ត្រីរាជការ នៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ ប្រការជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍កាយពលមាំមួន ខ្លាំងក្លា បញ្ញាញាណវាងវៃជន្មាយុយឺនយូរដើម្បីបន្តដឹកនាំប្រទេសជាតិនិងប្រជាជនកម្ពុជាឆ្ពោះទៅកាន់វិបុលភាព ក្នុងសន្តិភាព និងស្ថិរភាព យូរអង្វែង ប្រកបដោយកិត្យានុភាពខ្ពង់ខ្ពស់ក្នុងក្របខណ្ឌតំបន់ និងលើពិភពលោក៕សរន