ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស អញ្ជើញ​ចុងភៅ​លំដាប់​ផ្កាយ​២​មកពី​បារាំង ចែករម្លែក​ចំណេះដឹង​អំពី​ម្ហូបអាហារ​

2124
ចែករម្លែក
  • 38
    Shares

ដោយ​: សុផល / ភ្នំពេញ​: ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស មាន​មោទនភាព​សូម​ស្វា​គម​ជាថ្មី នូវ​មេ​ចុងភៅ​លំដាប់​ផ្កាយ​ពីរ​មកពី​ប្រទេស​បារាំង មកកាន់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ ជាមួយ​មុខម្ហូប​៦​មុខ ដែល​នឹងត្រូវ​រៀបចំឡើង​ដោយ លោក Benoit Vidal មេ​ចុងភៅ​ផ្កាយ​ពីរ ជាមួយនឹង​កេរ្តិ៍ឈ្មោះ ក្នុងការ​បញ្ចូល​គ្នា​នៃ​រសជាតិ​ប្រចាំ​តំបន់ភ្នំ និង មេ​ឌី​ទែ​រ៉ា​ណេ និង​ភាព​អស្ចារ្យ​នៃ​ម្ហូបអាហារ​របស់គាត់​។​

​លោក Benoit Vidal បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ថា “​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ខ្ញុំ​បានមក​ប្រទេស​កម្ពុជា ហើយ​នៅ​ប្រទេស​កម្ពុជា​អ្វីដែល​គួរ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាងគេ គឺមាន​ការទទួល​រាក់ទាក់​ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​កម្ពុជា​យ៉ាងច្រើន​មកលើ​រូបខ្ញុំ ដោយ​ពួកគេ​បាន​ញញឹម​មកលើ​រូបខ្ញុំ ហើយ​ខ្ញុំ​ក៏មាន​ការសប្បាយរីករាយ​យ៉ាងខ្លាំង​ដែរ​នៅពេលដែល​ឃើញ ស្នាមញញឹម​ពី​សំណាក់​បងប្អូន​ខ្មែរ​ផងដែរ​”​។​

​លោក Benoit Vidal បាន​បន្តថា លោក​មកកាន់​ប្រទេស​កម្ពុជា មាន​គោលបំណង​ចង់​ចែករំលែក បទពិសោធ​ជាច្រើន​ដែលមាន របស់លោក មកដល់​ចុងភៅ​កម្ពុជា ដែល​បម្រើ​ប្រចាំ​ភោជនីយដ្ឋាន តូ​ប៉ា​ហ្ស ដើម្បី​ពង្រឹង​ស្ដង់ដារ កាន់​តែមាន​ភាពល្អប្រសើ​រ​បន្ថែមទៀត​។

​លោក​មេ​ចុងភៅ​លំដាប់​ផ្កាយ​២​បាន​ពិពណ៌នា​អំពី​ការងារ​របស់លោក​ថា ភាពរឹងមាំ​ក្នុងពេល​បច្ចុប្បន្ន គឺជា​ការផ្សារភ្ជាប់​ទៅ នឹង​ក្លិន និង​រសជាតិ អាហារ​គ្រប់​ចាន​ទាំងអស់ ត្រូវបាន​រចនា យ៉ាង​ស្រស់ស្អាត ហើយ​អ្នក​ស្ទើ​តែ​មិន​ហ៊ាន​នឹង ទទួលទាន​។​

​សូមបញ្ជាក់ថា លោក Benoit Vidal​ជា​ម្ចាស់​និង​ជា​មេ​ចុងភៅ​របស់​ភោជនីយដ្ឋាន Atelier Edmond​ដែលមាន​កម្ពស់ ១៩៥០​ម៉ែត្រ តាម​ជម្រាល​នៃ​តំបន់​មួយ​ក្នុងប្រទេស​បារាំង​។ លោក​បានឈ្នះ​ពានរង្វាន់​ជា​មេ​ចុងភៅ​លំដាប់ ផ្កាយ លើកដំបូង​ក្នុង​ឆ្នាំ​២០១២ ហើយបី​ឆ្នាំ​ក្រោយមក លោក​បានឈ្នះ​ពាន​ជា​មេ​ចុងភៅ​លំដាប់​ផ្កាយ​ពីរ​។ គាត់​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដោយសារ​គាត់​ប្រើប្រាស់​គ្រឿងទេស​ក្នុងស្រុក បូករួម​ជាមួយ​សមត្ថ​ភាព របស់គាត់​ដើម្បី​កំណត់​ពី រសជាតិ​ដោយ​ប្រើប្រាស់​នូវ​គ្រឿងផ្សំ​មួយ ដើម្បី​លើកស្ទួយ​គ្រឿងផ្សំ​ផ្សេងទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម