ដោយ​៖​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​រាជបណ្ឌិត្យសភាកម្ពុជា​/ ភ្នំពេញ​៖​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២២​នេះ​កត់សម្គាល់​ខួប​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​កម្ពុជា​និង​វៀតណាម​។ កម្ពុជា​និង​វៀតណាម​ជា​ប្រទេស​ភូមិ​ផ​របងជាមួយដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង១,២៧០​គីឡូ ម៉ែត្រ និង​មាន​ទន្លេមេគង្គ​ហូរ​កាត់​ដូចគ្នា​។

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ចងភ្ជាប់​ដោយ​ចំណង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​នយោបាយ​។ ប្រទេស​ទាំងពីរ​បា​នប​ង្កើ​ត​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧​។

បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​រាជបណ្ឌិត្យសភាកម្ពុជា(រូបថតឯកសារ)

​ទោះបី​កម្ពុជា​និង​វៀតណាម​ទើប​មាន​ចំណង​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាង​កន្លះ​សតវត្សរ៍​កន្លងមកនេះ​ក្តី ប៉ុន្តែ បើ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ជា​យូរលង់​មកហើយ ពោលគឺ​តាំងពី​សតវត្សរ៍​ទី​១៥​នៃ​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ​។ ក្នុងសម័យ​សង្គ្រាមត្រជាក់ ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បានជា​ប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​ស៊ីជម្រៅ ជាពិសេស ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ស៊ីជម្រៅ ស្អិតល្មួត និង​បន្ត​រីកចម្រើន​រឹងមាំ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​ក្នុង​ទំនាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្រោយ​សម័យ​អាណានិគមនិយម​បារាំង មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ពីរបាន​កើតឡើង​ដែល​ត្រូវ​ចងចាំ គឺ​ពលិកម្ម​របស់​កម្ពុជា​ក្នុង​បុព្វហេតុ​នៃ​ការបង្រួបបង្រួម​ប្រទេស​វៀតណាម និង​ពលិកម្ម​របស់​វៀតណាម​ក្នុងការ​រួមចំណែក​រំដោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ពី​រប​ប្រល័យពូជ សាសន៍ ប៉ុល ពត​។

​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៩៥៤ បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ឥណ្ឌូចិន នៅក្នុង​សន្និសីទ​ក្រុង​ហ្សឺ​ណែវ ដោយ​បារាំង​បាន​សុខចិត្ត​ប្រគល់​ឯករាជ្យ​ដល់​វៀតណាម ក៏ប៉ុន្តែ នៅក្នុង​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​នេះ ប្រទេស​វៀតណាម​ត្រូវបាន​គេ​បន្ត​ទុក​ឱ្យនៅ​ពុះ​ចែកជា​ពីរ​ដដែល ដោយបាន​ត្រឹមតែ​កំណត់ថា វៀតណាម​ទាំងពីរ​នឹងត្រូវ​បង្រួបបង្រួម​គ្នា​មកវិញ​នៅក្រោយ​ការបោះឆ្នោតជាតិ​មួយ ដែល​គេ​គ្រោង​រៀបចំ​ធ្វើឡើង​នៅ​ទូទាំងប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៥៦​។ ក៏ប៉ុន្តែ ផែនការ​រៀបចំ​ការបោះ​ឆ្នោតជាតិ​នេះ ត្រូវបាន​ច្រានចោល​ដោយ​វៀតណាម​ខាងត្បូង និង​សហរដ្ឋ​អាម៉េរិក​ដែលជា​សម្ព័ន្ធមិត្ត​។

​សង្គ្រាម​រវាង​វៀតណាម​ខាងជើង​គាំទ្រ​ដោយ​ប្លុក​កុម្មុយនីស្ត និង​វៀតណាម​ខាងត្បូង​ដែលមាន​ជំនួយ​ពី​កងទ័ព​អាម៉េរិក បាន​ផ្ទុះ​សន្ធោរ​សន្ធៅ​ឡើង​។ សង្គ្រាម​នេះ​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា «​សង្គ្រាម​វៀតណាម​» ប៉ុន្តែ តាមពិត វា​មិនមែន​កើតឡើង​តែ​នៅក្នុង​ប្រទេស​វៀតណាម​មួយ​នោះទេ គឺ​បាន​រាលដាល​ទៅដល់​ផ្នែក​ខ្លះ​នៃ​ទឹកដី​កម្ពុជា​និង​ឡាវ​ផងដែរ​។ ដូច្នេះហើយ ទើប​គេ​ហៅថា «​សង្គ្រាម​ឥណ្ឌូចិន​ទី​២»​។​

​ដើម្បី​ជួយ​វៀតណាម កម្ពុជា​បាន​ផ្លាស់ប្តូរ​គោលជំហរ​អព្យាក្រឹត​របស់ខ្លួន ដោយ​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (​វៀតណាម​ខាងជើង​) និង​រដ្ឋាភិបាលបណ្ដោះអាសន្ន​វៀតណាម​ខាងត្បូង ប្រើប្រាស់​ទឹកដី​កម្ពុជា​តាម​ព្រំដែន ដើម្បី​គេច​ពី​ការ​តាម​កម្ទេច​របស់​វៀតណាម​ខាងត្បូង​និង​សម្ព័ន្ធមិត្ត​, ផ្តល់​ស្បៀងអាហារ​, អនុញ្ញាតឱ្យ​វៀតណាម​ខាងជើង​ប្រើប្រាស់​កំពង់ផែ​ក្រុងព្រះសីហនុ និង​ផ្លូវជាតិ​លេខ​៤​ក៏ដូចជា​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ដឹក​សម្ភារៈ​សឹក និង​បោះទីតាំង​មូលដ្ឋាន​តស៊ូ​ប្រឆាំង​វៀតណាម​ខាងត្បូង​ដែលមាន​សហរដ្ឋ​អាម៉េរិក​ជា​ខ្នងបង្អែក រហូត​ទទួលបាន​ជោគជ័យ​ទាំងស្រុង​ក្នុងការ​បង្រួបបង្រួម​វៀតណាម​ជា​ប្រទេស​តែមួយ ដែលមាន​ឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​» រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ដោយសារតែ​ការធ្វើ​ពលិកម្ម​ដើម្បី​ជួយ​វៀតណាម​ដូច​បានបញ្ជាក់​ខាងលើ​នេះហើយ ទើប​ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក​មាន​លេស​ទម្លាក់​គ្រាប់បែក​មកលើ​ប្រទេស​កម្ពុជា ដែល​បាន​បង្ក​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​និង​រងរបួស​រាប់សិប​ម៉ឺន​នាក់ និង​បាន​ទាញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​មហា​វិបត្តិ និង​គ្រោះមហន្តរាយ​ស្ទើរតែ​រលាយ​សាបសូន្យ​ទឹកដី​និង​ពូជសាសន៍​ខ្មែរ​។​

​ខែមេសា ឆ្នាំ​១៩៧៥ ក្រោម​ពលិកម្ម​និង​ការជួយជ្រោមជ្រែង​ដោយ​សុទ្ធចិត្ត​របស់​កម្ពុជា​វៀតណាម​បានទទួល​ជ័យជម្នះ​លើ​ចក្រពត្តិ​អាម៉េរិក និង​បាន​បង្រួបបង្រួម​និង​ឯកភាព​ទឹកដី​របស់ខ្លួន​ឡើងវិញ ឯ​កម្ពុជា​បែរជា​ធ្លាក់ចូល​ក្នុង​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម​។​

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ និង​ទី​រួម​ខេត្ត​ដទៃទៀត​។ កងទ័ព​ខ្មែរក្រហម​បាន​បង្ខំ​ឱ្យ​ប្រជាជន​ក្រុងភ្នំពេញ​ទាំងអស់​ឱ្យ​ចាក​ចេញពី​ទីក្រុង ហើយ​ប្រជាជន​ខេត្ត ក្រុង​ឯទៀត ក៏ត្រូវ​ជម្លៀស​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដូចគ្នា​។ តម​ក ពួក​ខ្មែរក្រហម​បាន​អនុវត្ត​នយោបាយ​ដឹកនាំ​ប្រទេស​ដ៏​ចម្លែក ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ លទ្ធផល​នៃ​របប​ដឹកនាំ​នេះ បានធ្វើឱ្យ​ប្រជាជន​ខ្មែរ​ប្រមាណ ២​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​គ្មាន​ថ្នាំសង្កូវ​ព្យាបាល ការ​បង្អត់អាហារ ការកាប់សម្លាប់ និង​ការបង្ខំ​ឱ្យធ្វើ​ពលកម្ម​ហួសកម្លាំង​។

​ចលនា​នៃ​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ប្រឆាំងនឹង​ពួក​កម្ពុជា​ប្រជាធិបតេយ្យ បាន​កើតមានឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៧ និង​ខែឧសភា ឆ្នាំ​១៩៧៨ នៅ​ខាង​តំបន់​បូព៌ា និង​ខាង​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ការចងចាំ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្ដួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំឭក​ពី​ដំណើរ​របស់លោក​ទៅកាន់​ប្រទេស​វៀ​ណា​មកា​លពី​៤៥​ឆ្នាំមុន (២០ មិថុនា ១៩៧៧) ដើម្បី​ស្នើសុំ​កងកម្លាំង​វៀតណាម​មកជួយ រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

​ឥស្សរជន​ជាន់ខ្ពស់​បំផុត​នៃ​គណបក្ស​ប្រជាជ​កម្ពុជា រួមមាន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​សម្តេច ហេង សំរិន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​បាន​ស្នើសុំ​ជំនួយ​អន្តរាគមន៍​ពី​វៀតណាម​។ តាមរយៈ​ការអំពាវនាវ​របស់រ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បក្ស​កុម្មុយនីស្ត​វៀតណាម​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ឆ្លើយតប​យ៉ាង​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​នេះ ដោយ​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។

​តាមរយៈ​ព្រឹត្តិការណ៍​សង្គ្រាម​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ទាំងពីរ ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដល់​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​វៀតណាម​គឺ​សង្គ្រាម​ដើម្បី​បង្រួបបង្រួម​និង​ឯកភាព​វៀតណាម ឯ​នៅ​កម្ពុជា​គឺ​សង្គ្រាម​ដើម្បី​រំដោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ យើង​អាច​និយាយបានថា ប្រទេស​ទាំងពីរ កម្ពុជា​និង​វៀតណាម បានធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ចំពោះ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​អ្នកជិតខាង​។ បើ​គ្មាន​ពលិកម្ម​របស់​កម្ពុជា ការបង្រួបបង្រួម​និង​ឯកភាព​ទឹកដី​វៀតណាម​ពិតជា​ជួប​ការលំបាក​យ៉ាងខ្លាំង ហើយ​បើ​គ្មាន​អន្តរាគមន៍​របស់​វៀត​ណា​ម កម្ពុជា​ក៏​មិនអាច​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ភ្លាមៗ​បានដែរ​។​

​ការធ្វើ​ពលិកម្ម​ដើម្បី​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា​និង​វៀតណាម ត្រូវតែ​កត់ត្រា​និង​ចងចាំ​ដោយ​ប្រជាជាតិ​ទាំងពីរ​។ នៅ​កម្ពុជា គុណ​ដែល​វៀតណាម​បាន​ជួយ​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ត្រូវបាន​រំឭក​ជា​រៀងរាល់ឆ្នាំ ហើយ​ស្តូប​អនុស្សាវរីយ៍​កម្ពុជា​-​វៀតណាម ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់​ស្ទើរ​គ្រប់​រាជធានី ខេត្ត​នៃ​ប្រទេស​កម្ពុជា​។​

​លើសពីនេះ​ទៀត កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្ដីណែនាំ​ស្តីពី​ការ​ចារឹក​នូវ​អត្ថន័យ​នៃ​សច្ច​ភាពជា​ប្រវត្តិសាស្ត្រ​លើ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​បាន​សាងសង់ឡើង​នៅតាម​បណ្តា​រាជធានី ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖ «​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ត្រូវបាន​សាងសង់ឡើង​ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ​និង​ការចងចាំ​ចំពោះ​ពលិកម្ម​របស់​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​នៃ​ការបង្រួបបង្រួម​និង​ឯកភាព​ទឹកដី​វៀតណាម ក្នុងអំឡុង​ទសវត្សរ៍​៦០-៧០ និង​ជា​សក្ខីភាព​នៃ​ការដឹងគុណ​និង​ការចងចាំ​ចំពោះ​ពលិកម្ម​របស់​កងទ័ព​និង​ប្រជាជន​វៀតណាម ដើម្បី​បុព្វហេតុ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ទសវត្សរ៍​៧០-៨០​។​»

​ចំពោះ​ពលិកម្ម​របស់​កម្ពុជា​ក្នុង​បុព្វហេតុ​នៃ​ការបង្រួបបង្រួម​និង​ឯកភាព​ទឹកដី​វៀតណាម​កន្លងមក ក៏ត្រូវ​បានលើកឡើង​ជា​ហូរហែ​ផងដែរ​ដោយ​មេដឹកនាំ​វៀតណាម​។ ជាក់ស្តែង នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥​នៃ​ទិវា​ការចងចាំ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្ដួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅឯ​ព្រំដែន​កម្ពុជា​-​វៀតណាម ឯកឧត្តម ផាម មី​ញ​ជី​ញ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានទទួល​ស្គាល់​ពលិកម្ម​នេះ​ដោយបាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការគាំទ្រ​និង​ការជួយ​ដ៏​មានតម្លៃ​របស់​ថ្នាក់ដឹកនាំ​និង​ប្រជាជន​កម្ពុជា​ជាច្រើន​ជំនាន់ ជូន​ចំពោះ​ប្រជាជន​វៀតណាម​ក្នុង​ការជួយ​រំដោះប្រទេស​វៀតណាម​កន្ល​ង​មក ក៏ដូចជា​ការកសាង​និង​ការអភិវឌ្ឍ​ប្រទេស​វៀតណាម​សព្វថ្ងៃ​។
​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​សម្តែង​នូវ​អំណរគុណ​ជាពិសេស​ចំពោះ​រាជរដ្ឋាភិបាល​ដើរ​តាម​នយោបាយ​អព្យាក្រឹត​វិជ្ជមាន​របស់​កម្ពុជា បានទទួល​ស្គាល់​រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង បាន​ជួយ​អស់ពី​ចិត្ត​និង​បង្កលក្ខណៈ​អំណោយផល​ដល់​បដិវត្ត​ន៍​វៀតណាម​ក្នុង​ការកសាង​កម្លាំង​នៅ​មូលដ្ឋាន​និង​ផ្លូវ​ដឹកជញ្ជូន​ឲ្យ​សមរភូមិ​វៀតណាម​ខាងត្បូង ក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក​នោះ​។​

​ចាប់ពី​ឆ្នាំ​១៩៧៩ មក កម្ពុជា​និង​វៀតណាម បាន​ចុះ​កិច្ច​ព្រ​ព្រៀង​ជួយ​គ្នា​ទៅវិញទៅមក​ស្ទើរ​គ្រប់​វិស័យ ទាំង​វិស័យ​ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សង្គមកិច្ច និង​សុខាភិបាល​។ ក្នុង​វិស័យ​ការពារជាតិ​វិញ វៀតណាម​បាន​ផ្ត​ត់​ផ្គង់​នូវ​សម្ភារៈ​បរិក្ខារ​យោធា​ដល់​កម្ពុជា​។ សិស្ស និស្សិត និង​កម្ម​ភិ​បាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា​ជាច្រើនរូប ត្រូវបាន​បញ្ជូនទៅ​រៀន​នៅ​ប្រទេស​វៀតណាម និង​នៅ​បណ្តា​ប្រទេស​សង្គមនិយម​មួយចំនួនទៀត​។​

​ទន្ទឹមនឹង​នេះដែរ ដោយ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ ប្រទេស​កម្ពុជា​ជួបប្រទះ​នូវ​ការខ្វះខាត​សព្វបែបយ៉ាង វៀតណាម​ក៏ដូចជា​ប្រទេស​សង្គមនិយម​ជា​មិត្ត​មួយចំនួនទៀត ជាពិសេស​សហភាពសូវៀត បានផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​ស្បៀង​អហារ ថ្នាំពេទ្យ និង​គ្រឿងឧបភោគ​និង​បរិភោគ​ដទៃទៀត​យ៉ាងច្រើន​។​
​ដំណាក់កាល​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ជា​ដំណាក់កាល​ដ៏​លំបាក​ដែល​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើង​សង្គ្រាមស៊ីវិល​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​និង​រដ្ឋ​កម្ពុជា ដៃ​ម្ខាង​ត្រូវ​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ដៃ​ម្ខាង​ទៀត ត្រូវ​ស្តារ​និង​ក៏​កសាង​ប្រទេសជាតិ​ឡើងវិញ​ផង​។ ដូច្នេះ ជំនួយ​របស់​វៀតណាម ពិត​ជាមាន​សារៈសំខាន់​ណាស់​នៅពេលនោះ​។

​ការផ្លាស់ប្តូរ​ស្ថានការណ៍​នយោបាយ​អន្តរ​ជាតិ នា​ចុង​ទសវត្សរ៍ ឆ្នាំ​១៩៨០ បានធ្វើឱ្យ​ភាគី​ជម្លោះ​កម្ពុជា​វិល​ទៅរក​តុ​ចរចា​ស្វែងរក​សន្តិភាព​។ ការចរចា​សន្តិភាព​នៅ​កម្ពុជា បានចេញ​ដំណើរ​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​សម្តេច នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ​ហ្វែ​រ​អង់​តា​ដឺ​ណ័​រ (Fer-en-Tardenois) ប្រទេស​បារាំង​។ ការចរចា​បានធ្វើ​ទៅតាម​កន្លែង​យ៉ាងច្រើន​ស្ទើរ​ពេញ​មួយ​ចំហៀង​ផែនដី ដែល​ក្នុងនោះ​មានបារាំង ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង ចិន ជប៉ុន និង​ញូវយ៉ក ។​

​ទីបំផុត នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ខ្មែរ​ទាំង​បួន ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាង​ម្ភៃ និង​ប្រទេស​ហត្ថលេខី​ចំនួន​១៨ ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​វៀតណាម​ផងដែរ​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ បាន​នាំទៅដល់​ការបោះឆ្នោត​មួយ​នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។​

​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​វៀតណាម​បាន​បោះជំហាន​ចូលក្នុង​របត់​នយោបាយ​ថ្មី​មួយ ដែល​ក្នុងនោះ វៀតណាម​នៅ​រក្សា​របប​នយោបាយ​កុម្មុយនីស្តនិយម ឯ​កម្ពុជា​បាន​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​របបរាជានិយម​អាស្រ័យ​អាស្រ័យ​ធម្មនុញ្ញ​ត្រូវបាន​បង្កើត​ឡើងវិញ​។​
​ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​វៀតណាម កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ជា​អ្នកជិតខាង​ល្អ ដោយ​ពង្រឹង​មិត្តភាព​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ មិន​ត្រឹមតែ​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្សារភ្ជាប់​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​វេទិកា​អន្តរជាតិ និង​តំបន់​ទៀតផង​។ ក្នុង​វេទិកា​តំបន់ ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលមាន​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។ ដោយឡែក​វៀតណាម​វិញ ជា​ក្របខណ្ឌ​គោលនយោបាយ​ការបរទេស​ទ្វេភាគី​ជាមួយ​ប្រទេស កម្ពុជា ក៏​មិនសូវ​ជា​ខុសពី​កម្ពុជា​ប៉ុន្មាន​ដែរ គឺ​វៀតណាម​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ប្រទេសជិតខាង​មួយ ដែល​ទំនាក់ទំនង ​ល្អ​ត្រូវបាន​ចាត់ទុកជា​អាទិភាព​និង​ត្រូវ​ពូន​ជ្រុំ​។

​ចំពោះមុខ​បរិបទ​ផ្ទៃក្នុង​និង​ខាងក្រៅ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កំពុងមាន​ការអភិវឌ្ឍ​លើ​វិស័យ​ជាច្រើន​។ កម្ពុជា​និង​វៀតណាម​បាន​ឯកភាព​ថា ការពង្រឹង​និង​លើកកម្ពស់​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។ ជារួម​ទៅ គោលនយោបាយ​ការបរទេស​ទ្វេភាគី​របស់​កម្ពុជា​និង​វៀតណាម​ចំពោះ​គ្នា​ទៅវិញ​មក បាន​រំលេច​ឱ្យឃើញ​នូវ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។

​ក្នុងការ​បង្ហាញ​គោលជំហរ​ចំពោះ​គ្នា​ទៅវិញទៅមក មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​តែងតែ​សម្ដែង​ឱ្យឃើញ​នូវ​ការប្តេជ្ញាចិត្ត​ពង្រឹង ពង្រីក និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​រីកចម្រើន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ដែល​នាំមក​នូវ​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ប្រជាជន​និង​ប្រទេស​ទាំងពីរ និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ភាពរុងរឿង​នៅក្នុង​តំបន់​និង​លើ​ពិភពលោក​។​

​ដោយ​ឈរលើ​កត្តា​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​នយោបាយ​ដូច​បានបញ្ជាក់​ខាងលើ ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​វៀតណាម ពិតជា​មិនអាច​ខ្វះ​បាន​។ ដូច្នេះ ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​រួមរស់​ជាមួយគ្នា​ដោយ​សុខសន្តិភាព គោរព​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញទៅមក ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែលមាន​ផលប្រយោជន៍​ទាំងសងខាង ឱ្យ​សក្តិសម​នឹង​បាវចនា​នៃ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំងពីរ​បានអនុម័ត​គឺ «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ឋិតថេរ​យូរអង្វែង​» រវាង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​។ ជាមួយនឹង​បាវចនា​នេះ យើង​សង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​សម្រាប់​រយៈ​៥៥​ឆ្នាំ​ខាងមុខ​ឬ​យូរអង្វែង​ទៅមុខទៀត នឹង​បន្ត​រីកចម្រើន​កាន់តែ​ទូលំទូលាយ កាន់តែ​ស៊ីជម្រៅ កាន់​តែមាន​ប្រសិទ្ធភាព និង​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​៕

ដោយ​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​រាជបណ្ឌិត្យសភាកម្ពុជា​(​ទស្សនៈ​ក្នុង​អត្ថបទ​នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ​)