ដោយៈ ​សុផល​/​ភ្នំពេញ​: ដំណើរការ នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​១០​ដែលមាន​ប្រវែង​សរុប​ជាង​១៩៨​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​-​វាលវែង​-​អូរ​សោម​ដល់​កោះកុង​សម្រេចការ​សាងសង់​បាន​ប្រមាណ​៦៤​ភាគរយ​ហើយ​។​នេះ​បើ​​តាម​ការ​ឱ្យដឹង​របស់​មន្ត្រី​អនុវត្ត​គម្រោង​។​

​ទាក់ទង​នឹង​គម្រោង​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ធ្វើការ​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​សាងសង់​ដោយបាន​ចុះ​ពិនិត្យមើល​ទីតាំង​ដែល​ត្រូវ​សាងសង់​ស្ពាន​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដែល​ត​ភ្ជាប់​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង ជាមួយគ្នានេះ​ជំនាញ​ក៏បាន​ពិនិត្យ​ទីតាំង​សំខាន់ៗ​ជាច្រើន ពិសេស​តំបន់​បត់​កោង​និង​ឡើង​ចុះ​ចំណោទ​ជាដើម​។​

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន​១៩៨,៥១៨​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម​ដល់​កោះកុង សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​មាន​ទទឹង​តួ​ផ្លូវ​សរុប​ចំនួន ៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​(DBST) សាងសង់​ស្ពាន​ចំនួន​២៨ កន្លែង​ប្រវែង​១៧២១,៤៦​ម៉ែត្រ​ដែល​ក្នុងនោះ​មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ ដែលមាន​កម្ពស់​៨៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​។​

​គម្រោង​ផ្លូវ​នេះ​មានការ​ជ្រើសរើស​គន្លង​ផ្លូវ​ថ្មី​ប្រវែង​សរុប​៦៥,៨៩​គីឡូម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ពង្វាង​ពី​ភ្នំក្រវាញ ព្រោះតែ​មិន​ចង់​វះកាត់​ភ្នំក្រវាញ​ជា​ពីរ​នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជម្រក​សត្វព្រៃ​ធ្ងន់ធ្ងរ ដែល​នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការថែរក្សា​បរិស្ថាន​។​

​គម្រោង​ផ្លូវជាតិ​លេខ​១០ គ្រោង​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ​សហ​អាមេរិក ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣៕​សរន​