ដោយៈ សុផល / កោះកុង: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញ បច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលគុណភាព និងវឌ្ឍនភាព នៃការសាងសង់ថា តើក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អនុវត្តតាមបទដ្ឋាន បច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរ ឬយ៉ាងណា ក៏ដូចជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែម ដល់ភាគីសាងសង់ ដែលអាចធានាដល់ ការសាងសង់ផ្លូវ បានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
ថ្លែងក្នុងបទសម្ភោសន៍ជាមួយ ក្រុមអ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ ក្រសួង បានធ្វើតេស្តស្រទាប់គ្រឹះ និងបានរកឃើញថា ក្នុងចំនួនដប់កន្លែង មានមួយកន្លែង មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុន ពិនិត្យកែតម្រូវឡើងវិញ លើចំណុចខ្វះខាត ប៉ុន្តែជារួមការសាងសង់ មានគុណភាពល្អ អាចទទួលបានយកបានហើយ គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ សម្រេចវឌ្ឍនភាពការងារ បានចំនួន ៨%ហើយ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថាៈ ក្រុមការងារបច្ចេកទេសក្រសួង នឹងបន្តចុះត្រួតពិនិត្យ តាមដានការសាងសង់ផ្លូវនេះ ដើម្បីធានាឱ្យការសាងសង់ផ្លូវនេះ មានគុណភាពរឹងមាំ ប្រកបដោយស្តង់ដារ ដែលបានឯកភាពគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់។
ទន្ទឹមជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពពង្រីក ផ្លូវជាតិលេខ៤៨ នៅចំណុចមួយចំនួន ប្រវែង ៤ គីឡូម៉ែត្រ កន្លះ ពីរគន្លងទៅបួនគន្លង ហើយក្រសួង បានយកសំណូមពរនេះ ទៅពិចារណា និងបានពិភាក្សា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីស្វែងរកថវិកា មកសាងសង់ តាមសំណូមពររបស់សម្ដេច។
សូមជម្រាបជូនថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើ ថវិកាសរុប ប្រមាណ ៦៥,១៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេល សាងសង់ ចំនួន ៣២ ខែ ដែលគ្រោងនឹងបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២៤។
ផ្លូវនេះ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វ ជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ ផ្លូវមាន ២គន្លង មានប្រវែង ១២២,៩ គីឡូម៉ែត្រ និងទទឹង ១១ ម៉ែត្រ ផ្លូវមាន ៤គន្លង មានប្រវែង ២៥,១ គីឡូម៉ែត្រ និងទទឹង មានចាប់ពី ១៨,៥ ម៉ែត្រ ដល់ ២១,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥ សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មី ចំនួន ៤កន្លែង មានប្រវែងសរុប ១១៣ ម៉ែត្រ និងដាក់លូមូលបេតុង ១៤០ កន្លែង (ថ្មី ១៥ កន្លែង និងពង្រីក ១២៥ កន្លែង) និងលូប្រអប់ ១៥ កន្លែង (ថ្មី ៣ កន្លែង និងពង្រីក ១២ កន្លែង) រួមទាំងការងារបំពាក់បរិក្ខារ សុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារ ចរាចរណ៍ផងដែរ។ ផ្លូវនេះ មានចំណុចប្រសព្វ ចំនួន ៥ កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួមមានៈ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅ គិរីសាគរ ចំណុចប្រសព្វផ្លូវបំបែក ចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែក ចូលទៅព្រលានយន្តហោះ ខេត្តកោះកុង។ ផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុង ដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃ ឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនង គមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរ ពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយ នៃផ្លូវអាស៊ានហាយវ៉េ ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូង របស់មហាអនុតំបន់មេគង្គ GMS (R10) ផងដែរ។
បន្ថែមពីលើនេះ ផ្លូវនេះ នឹងជួយជំរុញបន្ថែម សក្តានុពលតំបន់ទេសចរណ៍ នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍ គិរីសាគរ ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយ នៅភាគនិរតីកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ ជាមួយប្រទេសជិតខាង និងរំពឹងថា នឹងរួមចំណែក ក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញ នៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕/V