ដោយ: សុផល / ភ្នំពេញ: ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានសហការជាមួយ នាយកដ្ឋានគ្រប់គ្រង ពហុកីឡដ្ឋានជាតិមរតកតេជោ បានរៀបចំ “កញ្ចប់ទស្សនកិច្ច ទៅកាន់ពហុកីឡដ្ឋានជាតិ មរតកតេជោ” សំដៅចូលរួមផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី” ។
សូមរំលឹកផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានកសាងឡើង ក្រោមចំណង មិត្តភាព កម្ពុជា-ចិន ដែលជាជំនួយឥតសំណង ពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ កាលពីខែសីហា ឆ្នាំ២០២១។ វិមានកីឡដ្ឋាន បានសាងសង់ លើទំហំផ្ទៃដី ប្រមាណ ១៦,២២ ហិកតា ទំហំសំណង់ប្រហែល ៨,២៤ ម៉ឺនម៉ែត្រការ៉េ ។ វាគឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់ ៦ ម៉ឺននាក់ ដោយបរិវេណខាងក្រៅ អាចមានលទ្ធភាពផ្ទុកអ្នក ទស្សនាបន្ថែម ប្រមាណ ២ ម៉ឺននាក់ និងមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗ កម្រិតពិភពលោក។
ការរៀបចំ “កញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ” ត្រូវបានគេរំពឹងថា នឹងចូលរួមជំរុញ និងសម្រួលដល់ការសិក្សា ស្វែងយល់របស់សិស្ស និស្សិត សាស្ត្រាចារ្យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីផលិតផលទេសចរណ៍ ក៏ដូចជា សមិទ្ធផលជាតិថ្មីៗ និងសំខាន់ៗ ដែលមាននៅក្នុងរាជធានីភ្នំពេញ ដោយធ្វើការផ្សារភ្ជាប់ពហុកីឡាដ្ឋានជាតិ មរតកតេជោ ជាមួយនឹងគោលដៅ ដែលមានសក្តានុពលដទៃទៀតនៅជុំវិញ មានជាអាទិ៍ វិមានឈ្នះ ឈ្នះ សួនសត្វភ្នំពេញ សាហ្វារី សួនទឹកហ្គាឌិនស៊ីធី ទីលានវាយកូនហ្គោល ហ្គាឌិនស៊ីធី ។ល។ ជាមួយគ្នានេះដែរ កញ្ចប់ទស្សនកិច្ចនេះ ក៏មានការកំណត់ប្រភេទ និងការបង្កើតជំរើស ក្នុងដំណើរកម្សាន្តនេះផងដែរ ដែលរួមបញ្ចូល ដំណើរកម្សាន្តបែបគ្រួសារ (Family Entertainment), ដំណើរកម្សាន្តបែបទស្សនកិច្ច សិក្សាស្វែងយល់ (Educational Tour) និងដំណើរកម្សាន្ត បែបទស្សនកិច្ចផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ កីឡា (Sport Event)។
ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកកម្ពស់គុណភាព នៃដំណើរទស្សនកិច្ច ក្នុងពហុកីឡដ្ឋាន ជាតិមរតកតេជោ ក្រសួងទេសចរណ៍ ក៏បានរៀបចំនូវ “សៀវភៅមគ្គុទ្ទេសក៍ សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ” សម្រាប់អ្នកឧទ្ទេសនាម ក៏ដូចជា គ្រប់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ មរតកតេជោ។
សៀវភៅមគ្គុទ្ទេសក៍នេះ នឹងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើបាស់ តាមរយៈការដើរតួនាទី ជាអ្នកណែនាំ និងបកស្រាយបន្ថែម អំពីខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងពហុកីឡដ្ឋាន មានជា អាទិ៍ ប្រវត្តិនៃការសាងសង់ សក្តានុពលទាក់ទាញ ទាំង១៨ នៃពហុកីឡដ្ឋាន ក្រមប្រតិបត្តិ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ដំណើរទស្សនកិច្ច ក្នុងពហុកីឡដ្ឋាន គោលការណ៍ណែនាំ ផ្សេងៗ ក៏ដូចជាតំបន់ទាក់ទាញដទៃទៀត ដែលស្ថិតនៅជុំវិញពហុកីឡដ្ឋាន។
គួរបញ្ជាក់ផងដែរថា ការរៀបចំកញ្ចប់ទស្សនកិច្ចនេះ ក៏ជាការចូលរួមផ្សព្វផ្សាយអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំការប្រកួតកីឡាអន្តរជាតិ ស៊ីហ្គេម(Sea Game) ឆ្នាំ២០២៣ ខាងមុខ ៕/V