ដោយៈ ប.ខុន / ភ្នំពេញៈ នៅក្នុងឱកាសចុះពិនិត្យមើលអូរប្រឡាយ នៅក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ លោកអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនេះ កាយស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងឱកាសចុះពិនិត្យសកម្មភាព កាយស្តារប្រឡាយ រំដោះទឹកនៅក្នុងសង្កាត់លេខ៤ នាព្រឹកថ្ងៃទី២៣ ខែមិថុនា បានណែនាំ ដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ឱ្យកាយស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សា។ ទីតាំងណាដែលអាចកាយស្តារបាន ត្រូវដាក់គ្រឿងចក្រ ចុះកាយបើកមុខទឹក ឱ្យបានធំទូលាយ ទៅតាមនិយាមកា។
លោកអភិបាលខេត្ត បានលើកឡើងថាៈ នៅពេលមានភ្លៀង ទឹកបានហូរនាំយកដីខ្សាច់ ពីទីទួល ចាក់ចូលក្នុងអូរប្រឡាយ ប្រសិនបើយើង មិនមានវិធានការស្តារនោះទេ នឹងធ្វើឱ្យចរន្តទឹក ហូរមិនបានលឿន ដែលអាចបង្កជាជំនន់ទឹកភ្លៀង។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៣ ខែមិថុនាថាៈ ប្រឡាយនៅក្នុងសង្កាត់លេខ៤នេះ បានស្តារ រួចម្តងហើយ កាលពីប៉ុន្មានខែមុន តែដោយសារកាលពីចុងរដូវប្រាំង និងដើមរដូវវស្សា មានភ្លៀងធ្លាក់មកច្រើន បន្តបន្ទាប់ ធ្វើឱ្យប្រឡាយរាក់ទៅវិញ ដោយកន្លែង ហើយត្រូវបាន លោក អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យធ្វើការឡើងវិញម្តងទៀត ឱ្យបានជ្រៅ និងធំ ចាប់ពីអង្គការម្លប់តាប៉ាង រហូតដល់អាងចម្រោះទឹកកខ្វក់ ១៦ ហិកតា មានប្រវែង ១.៨០០ ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រ ចំនួន ៣ គ្រឿង ហើយគ្រោងកាយស្តារឱ្យរួច ក្នុងរយៈពេល ២០ ថ្ងៃ ដែលមានអាចម៍ដី ប្រមាណជា ១ ម៉ឺនម៉ែត្រគីប។
លោក ហេង សោភ័ណរិទ្ធ បាននិយាយឱ្យដឹងទៀតថាៈ ប្រឡាយដែលត្រូវស្តារ ជាលើកទី២ នៅក្នុងឆ្នាំនេះ ខកខានស្តារ ពីរឆ្នាំមកហើយ ធ្វើឱ្យប្រឡាយ មានសភាពគោករាក់ ដោយសារដី និងខ្សាច់ ហូរមកពីទីទួល ជាតំបន់ដែលកំពុងមានការអភិវឌ្ឍ៕/V