ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ឆ្នាំនេះ ពោតក្រហម មានហាងឆេងល្អ ធ្វើឲ្យកសិករ ក្នុង ស្រុកកំរៀង ញាប់ដៃជើង ចុះប្រមូលបំពេញតាមតម្រូវការទីផ្សារ។
កសិករ រស់នៅក្នុងឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះថាៈ ឆ្នាំ២០២២ នេះ អ្នកស្រី បានបន្តការដាំដុះដំណាំពោតក្រហម លើផ្ទៃដីផ្ទាល់ខ្លួន ជិត ២ ហិកតា ចំពោះមុខ បាននឹងកំពុងប្រមូលផល ជាបណ្តើរៗហើយ ហើយតាមការប៉ាន់ស្មាន ផលដំណាំពោត ក្នុងឆ្នាំនេះ មានការកើនឡើងបន្តិច បើធៀបនឹងឆ្នាំទៅ ឆ្នាំ២០២១។
ប្រភពកសិករ ជាម្ចាស់ចម្ការពោត ខាងលើ បានបន្តថាៈ រដូវប្រមូលផលឆ្នាំនេះដែរ ដំណាំពោត មិនត្រឹមតែបានផ្តល់នូវទិន្នផលខ្ពស់ ជាងឆ្នាំចាស់ប៉ុណ្ណោះទេ នៅមានតម្លៃ ក៏មានហាងឆេងល្អផងដែរ ដោយពោត លក់បានចាប់ពីតម្លៃ ៥,៨ បាត ទៅ ៥,៩ បាត (ប្រាក់ថៃ) ស្មើនឹងប្រាក់រៀល ប្រហាក់ប្រហែលជិត ៧០០ រៀល ទៅជិត ៨០០ រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំចាស់ លក់បានតម្លៃត្រឹមតែ ៥,៤ បាតប៉ុណ្ណោះ។
ប្រភពកសិករ ដាច់ដោយឡែកមួយផ្សេងទៀត បានឲ្យដឹងដែរថាៈ បើទោះបីជាតម្លៃដំណាំ ពោត ឬដំឡូង នៅឆ្នាំនេះ មានភាពប្រសើរបន្តិចមែន តែបើទូទាត់ ប្រៀបធៀបទៅនឹងឆ្នាំ កន្លងទៅ វាមិនសូវខុសគ្នាប៉ុន្មានឡើយ ដោយសារឆ្នាំនេះ ទំនិញ និងសម្ភារៈប្រើប្រាស់ ដូចជា ជី ព្រមទាំងប្រេងសាំង ជាដើម បានឡើងថ្លៃ ស្ទើរតែទាំងស្រុង។
តាមការលើកឡើងរបស់មន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបង្ហាញថាៈ រដូវប្រមូលផលពោតក្រហម ឆ្នាំនេះ កសិករក្នុងខេត្តបាត់ដំបង អនុវត្តបាន សរុប ចំនួន ៥០.១៧២ ហិកតា ស្មើនឹង ៥៩,៣០ ភាគរយ នៃផែនការសរុបចំនួន ៨៤.៦០០ ហិកតា៕/V