ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពល ខេមរភូមិន្ទ បានថ្លែងនូវការកោតសរសើរ ដល់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ អង្គការស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំងថា ពិតជាមានសមត្ថភាព និងជំនាញបច្ចេកទេស និងបង្ហាត់ ដល់សុនខ សម្រាប់ការងារមីន ក៏ដូចជា ហិតក្លិន រកមេរោគកូវីដ១៩ ។
លោកនាយឧត្តមសេនីយ៍ មាស សុភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសលោក អញ្ជើញបំពេញទស្សនកិច្ច សកម្មភាពហ្វឹកហ្វឺន សុនខហិតមីន យុទ្ធភ័ណ្ឌសង្គ្រាម សុនខហិត រកមេរោគកូវីត១៩ និងការបង្កាត់ពូជសុនខ នៅមជ្ឈមណ្ឌលវិទ្យាស្ថានបច្ចេកទេស កំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២២ ។
លោកនាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងបន្តថាៈ បច្ចុប្បន្ន មជ្ឈមណ្ឌលកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង បានឈានដល់ដំណាក់កាល លក់សុនខ ទៅឲ្យបរទេសវិញ សម្រាប់ការងារគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ខុសពីពេលមុន ដែលកម្ពុជា បានទិញសុនខ ពីបរទេស មកបម្រើឱ្យវិស័យដោះគ្រាប់មីន។
ទាំងនេះ បានបញ្ជាក់ថាៈ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់អង្គការស៊ីម៉ាក់កម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កាត់ពូជ និងបង្ហាត់ដល់សុនខ ក្នុងការងាររុករក គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។
ជាចុងក្រោយ លោកនាយឧត្តមសេនីយ៍ ក៍បានផ្តាំផ្ញើដល់មន្ត្រី នៃវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន របស់អង្គការស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង សូមពង្រឹងជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យមានភាពល្បីល្បាញ ទាំងថ្នាក់ជាតិ ក៍ដូចជាអន្តរជាតិ។
នាឱកាសនោះផងដែរ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថាៈ បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន របស់អង្គការស៊ីម៉ាក់ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្ដល់ការហ្វឹកហ្វឺន ជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសបណ្ដាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ។
សកម្មភាពហ្វឹកហ្វឺននេះ ក៏បានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឲ្យបំពេញកិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងន័យចូលរួមចំណែក ក្នុងការអនុវត្តអនុសញ្ញា អន្តរជាតិអូតាវ៉ា និងផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ កម្ពុជា អស់ការគំរាមកំហែង ដោយសារគ្រាប់មីន ក៏ដូចជា ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របន្ត របស់អង្គភាពស៊ីម៉ាក់ក្រោយឆ្នាំ២០២៥ ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក នាយឧត្តមសេនីយ៍ មាស សុភា នាឱកាសនោះ មន្ត្រីវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន របស់អង្គការស៊ីម៉ាក់ បានធ្វើបទ បង្ហាញ នូវសកម្មភាពហ្វឹកហ្វឺន សុនខហិតមីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម សុនខប្រឆាំង ភេរវកម្ម សុនខហិតរកមេរោកូវីដ ១៩ និងការបង្កាត់ពូជសុនខ ផងដែរ ៕/V