ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ទឹកជំនន់បំបែកកំណត់ត្រាត្រូវគេរំពឹងថានឹងកើតមាននៅតំបន់ភាគខាងត្បូងប្រទេសចិននៅថ្ងៃព្រហស្បតិ៍ទី២៣មិថុនានេះខណៈភ្លៀងធ្លាក់ខ្លាំងបានរុញច្រានកម្រិតទឹកនៅក្នុងតំបន់ដីសណ្តទន្លេគុជ (Pearl River) ឡើងដល់កម្រិតខ្ពស់បំផុតធៀបនឹងការធ្លាក់ភ្លៀងក្នុងរយៈពេលជិតមួយសតវត្សរ៍។
មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះខ្លាំងជាងគេ រួមមានខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតកម្មនិងភស្តុភារ និងជាជម្រករបស់មណ្ឌលបច្ចេកវិជ្ជាចិនគឺទីក្រុងសិនចិន (Shenzhen)។
ក្រសួងធនធានទឹករបស់ចិនកាលពីថ្ងៃពុធបានចេញផ្សាយការជូនដំណឹងអំពីទឹកជំនន់នៅកម្រិតខ្ពស់បំផុតនៅអាងទន្លេគុជ ដោយនិយាយថា កម្រិតទឹកនៅទីតាំងមួយ”គឺលើសពីកំណត់ត្រាប្រវត្តិសាស្ត្រ” ហើយថាទីក្រុងក្វាងចូវ ដែលជាទីរួមខេត្ត អាចនឹងរងផលប៉ះពាល់។
កាលពីថ្ងៃពុធ រូបភាពពីទីក្រុងសៅគ័ន (Shaoguan) ស្ថិតនៅភាគខាងជើងទីក្រុងក្វាងចូវ បានបង្ហាញអ្នកស្រុកកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវសំខាន់ៗដែលជន់លិចខណៈទឹកនៅតំបន់ខ្លះបានឡើងដល់ដំបូលឡាន។
ទឹកជំនន់បានពន្លិចហាងនិងអគារជាច្រើន ហើយគេឃើញប្រជាជនកំពុងបោសសម្អាតកម្ទេចកម្ទី។
តំបន់ដីសណ្តទន្លេគុជខ្យងគឺជាលំនៅរបស់ទីក្រុងមហាអំណាចសេដ្ឋកិច្ច ក្វាងចូវ និងសិនចិន ក៏ដូចជាទីក្រុងតូចៗមួយចំនួនដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែល ដែលមានវិស័យផលិតកម្មធំៗនិងឧស្សាហកម្មផ្សេងៗទៀត។
អាជ្ញាធរគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តបាននិយាយនៅដើមសប្តាហ៍នេះថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៧ ពាន់លានយ័ន (២៥៣ លានដុល្លារ)៕
អ្នកស្រុកកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវសំខាន់ៗដែលជន់លិចនៅទីក្រុងសៅគ័នកាលពីថ្ងៃពុធ