ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសុក្រទី២៤មិថុនាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យពង្រឹងសមត្ថភាពការពាររបស់ប្រទេស ខណៈលោកបានបញ្ចប់កិច្ចប្រជុំគណបក្សដ៏សំខាន់មួយជាមួយមន្ត្រីយោធាកំពូលៗ ដែលបានកើតឡើងចំពេលមានការព្រួយបារម្ភពីក្រៅប្រទេសអំពីលទ្ធភាពសាកល្បងអាវុធនុយក្លេអ៊ែរ។
កិច្ចប្រជុំនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសារតែវាអាចផ្តល់តំរុយខ្លះចំពេលមានការរំពឹងទុកខ្លាំងឡើងថាទីក្រុងព្យុងយ៉ាងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំ ដែលមន្ត្រីអាម៉េរិកនិងកូរ៉េខាងត្បូងនិយាយថាអាចកើតឡើងគ្រប់ពេល។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ KCNA បាននិយាយថា លោកគីមបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំធំរយៈពេលបីថ្ងៃនៃគណៈកម្មការយោធាមជ្ឈិមទី៨ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទីដែលក្រុមមន្ត្រីកំពូល “បានពិនិត្យនិងអនុម័តលើបញ្ហាសំខាន់ក្នុងការផ្តល់ការធានាខាងយោធាសម្រាប់ការពង្រឹងបន្ថែមទៀតនូវការទប់ទល់សង្គ្រាមរបស់ប្រទេស”។
របាយការណ៍របស់ KCNA មិនបាននិយាយដោយផ្ទាល់អំពីកម្មវិធីនុយក្លេអ៊ែរឬមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែនិយាយថា លោក រី ព្យុង ឆុល (Ri Pyong Chol)ដែលកំពុងដឹកនាំការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានជ្រើសរើសជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សដ៏មានឥទ្ធិពល។
KCNA បាននិយាយថា”លោកគីមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កងទ័ពទាំងមូលដើម្បី…ពង្រឹងសមត្ថភាពការពារខ្លួនដ៏ខ្លាំងក្លាតាមគ្រប់មធ្យោបាយសម្រាប់ទប់ទល់នឹងកងកម្លាំងអរិភាពដ៏ច្រើនលើសលប់ណាមួយ”។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ កូរ៉េខាងជើងបានលើកឡើងយ៉ាងកម្រអំពីការកែប្រែផែនការសង្គ្រាមរបស់ខ្លួន ហើយនិយាយថាខ្លួនបានសម្រេចចិត្តពង្រឹងភារកិច្ចប្រតិបត្តិការរបស់អង្គភាពជួរមុខរបស់ខ្លួនជាមួយនឹង “ផែនការសកម្មភាពយោធាដ៏សំខាន់មួយ”។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយរូបថតរបស់មន្ត្រីកំពូលកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំជាមួយនឹងផែនទីនៃអ្វីដែលហាក់ដូចជាឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
កាលពីខែមេសា លោកគីមបានអំពាវនាវឱ្យយោធារបស់ប្រទេស “ពង្រឹងកម្លាំងរបស់ពួកគេតាមគ្រប់មធ្យោបាយដើម្បីកម្ទេចសត្រូវ”៕