ដោយៈសរិទ្ធ-អង្គារ៍ហេង/ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច កំលាំងជំនាញនគរបាលខណ្ឌឫស្សីកែវ បានសហការ ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាកឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម (ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឲ្យស្លាប់) នៅត្រង់ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ មុំ ហៀង ភេទស្រី អាយុ៧៧ឆ្នាំ ស្នាក់នៅផ្ទះក្នុងទីតាំងកើតហេតុខាងលើ មុខរបរនៅផ្ទះ ។ រីឯជនបង្កឈ្មោះ ឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាចៅបង្កើត) ស្នាក់នៅជាមួយគ្នា មុខរបរគ្មាន ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុកាលនៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២វេលាម៉ោងប្រហែល២:១៥នាទីរំលងអាធ្រាត ជនសង្ស័យបានទិញស្រាថ្នាំកន្លះលីត្រយកមកផឹក រហូតដល់ម៉ោងកើតហេតុ៤:៤០នាទីទៀបភ្លឺ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះមកដល់ចំណុចមាត់ជណ្ដើរ ជនសង្ស័យបានយកចបកាប់មកវាយជីដូនបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុរួចគេចខ្លួនបាត់។
ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ៍បានបន្តនីតិវិធី ស្រាវជ្រាវជាបន្តបន្ទាប់ឈានទៅដល់ឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាចត្រង់ចំណុចគល់ស្ពាន លី យុងផាត់ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
ក្រោយពីសមត្កិច្ចបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកចបកាប់ដងដែកវាយជីដូនប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕