ដោយ​: រ៉ា​ម៉ន​/​ភ្នំពេញ​: ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ក្នុងនាម​អាជ្ញាធរ តែង​គិតគូរ​ពី​សុខ​ទុក និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​ជាប្រចាំ ។​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ពិនិត្យមើល​ការស្ដារ​ប្រឡាយ​បឹង​សាឡាង ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ និង​ចុះ​ពិនិត្យ​ជម្រុញ​ព​ន្លឿ​ន​ការសាងសង់​ផ្សារ​បន្លែ​ជាប់​ប្រឡាយ​បឹង​សាឡាង ។​

​នាឱកាស​នោះដែរ លោក​អភិបាលខណ្ឌ បាន​បន្ត​ចុះ​ពិនិត្យ​ជង្ហុក​សំបុកមាន់ តាម​បណ្ដោយ​ផ្លូវ​៣៣៦ និង​ត្រៀម​ធ្វើការ​សហការ​ជាមួយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជួសជុល​ជង្ហុក​សំបុកមាន់​ទាំងនេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ពី​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​ខាងលើ​៕​