ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកនាយ ឧត្តមសេនីយ៍ សៅ សុខា បានរម្លឹកថាៈ វិស័យកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្ដើម មានសកម្មភាពឡើងវិញ នៅឆ្នាំ២០០៦ ប្រៀបដូចជាទូកអណ្ដែតទឹក តែគ្មានចង្កូត រហូតមានការអភិវឌ្ឍ និងរីកចម្រើន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមជាតិទៀតផង។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈ យោគយល់គ្នា (MOU) រវាងក្រុមហ៊ុនខេមបូឌាន ព្រីមៀរលីគ និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដោយមានការ អញ្ជើញចូលរួមធ្វើជាសាក្សីផ្ទាល់ ពីលោកនាយ ឧត្តមសេនីយ៍ សៅ សុខា តែម្ដង។
ប្រមុខសហព័ន្ធបាល់ទាត់រូបនេះ បានមានប្រសាសន៍ថាៈ មុនឆ្នាំ១៩៧៥ វិស័យបាល់ទាត់កម្ពុជា មានកេរ្ដិ៍ឈ្មោះ ទាំងក្នុងការប្រកួតក្របខណ្ឌអាស៊ីអាគ្នេយ៍ និងអាស៊ី។ ប៉ុន្ដែជាសំណាងអាក្រក់ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានបំផ្លាញចោល គ្រប់វិស័យ ទាំងអស់ ដោយសាររបបកម្ពុជាប្រជា ធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍។
លោក បានបន្ដថាៈ រហូតដល់ឆ្នាំ២០០៦ បាល់ទាត់កម្ពុជា ដែលចាប់ផ្ដើមសកម្មភាព ឡើងវិញ ប្រៀបបានដូចជា ទូកអណ្ដែតលើទឹក ដែលគ្មានចង្កូត ម្ដងមានសកម្មភាព ម្ដងអត់សកម្មភាព។ ច្បាប់គ្រង់គ្រងបាល់ទាត់ ក៏មិនមានអ្វីជាក់លាក់។ ចំពោះយុទ្ធ សាស្ដ្របាល់ទាត់ ក៏គ្មានអ្វីដែល ប្រាកដប្រជា ក្នុងការអនុវត្ត និងអភិវឌ្ឍន៍វិស័យ បាល់ទាត់កម្ពុជា។ ចាប់ពីឆ្នាំ២០០៦ មក សហព័ន្ធ បានរៀបចំច្បាប់គ្រប់គ្រងពិសេស អំពីលក្ខន្ដិកៈ បទបញ្ជាការប្រកួ និងរៀបចំនូវ យុទ្ធសាស្ដ្រ ការអភិវឌ្ឍបាល់ទាត់ កម្ពុជា ដែលប្រមូលផ្ដុំលើចំណុចសំខាន់ៗ ចំនួន១២។
ជាសំណាងល្អ សហព័ន្ធ បានទទួលនូវការគាំទ្រ ផ្នែកមូលនិធិ ពីក្រុមហ៊ុនមិត្ដហ្វូន ដែលបានដាក់ទុនវិនិយោគ នៅកម្ពុជា ទោះបីក្រុមហ៊ុន មិនទាន់រក បានប្រាក់ ចំណេញ ប៉ុន្តែក្រុមហ៊ុន បានធ្វើការផ្សព្វផ្សាយ ជួយដល់សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ជាជាងប្រាក់ចំណេញ របស់ក្រុមហ៊ុន នាពេលនោះ។ ក្រុមហ៊ុនមួយនេះ គឺជានិមិត្ដរូបមួយ ក្នុងនាមជាក្រុមហ៊ុនគំរូ ដែលបានគាំទ្រ ដល់វិស័យកីឡា បាល់ទាត់កម្ពុជា រហូតទទួលបានផ្លែផ្កា នាពេលបច្ចុប្បន្ន។
ក្រៅពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ជាលទ្ធផល នៃការអភិវឌ្ឍបាល់ទាត់កម្ពុជា បានជួយទៅដល់ផ្នែកសង្គម មានជាអាទិ៍៖ ទី១ កាត់បន្ថយនូវការបោះបង់សាលា របស់យុវជន។ ទី២ កាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ក្នុងចំណោមយុវជន។ ទី៣ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមយុវជន និងអ្នកគាំទ្របាល់ទាត់។ ទី៤ បង្កើនការយល់ដឹង អំពីការរីករាល ដាល នៃជំងឺឆ្លង ពិសេសជំងឺអេដស៍ ហើយ បច្ចុប្បន្ននេះ គឺជំងឺកូវីដ-១៩។ ៥-ផ្ដល់ឲ្យយុវជន កម្ពុជា និងអ្នកគាំទ្រកីឡាបាល់ទាត់ កម្ពុជា ជៀសផុសពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយសង្គ្រាម និង ៦-បានអប់រំដល់ពលរដ្ឋ និងយុវជនកម្ពុជា រួមគ្នាក្នុងការថែរក្សាបរិស្ថាន និងអនាម័យ។
បាល់ទាត់ បានកសាងមិត្តភាព សាមគ្គីភាព ក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ និន្នាការ នយោបាយ ពូជសាសន៍ សាសនា ពណ៌សម្បុរ រួមនឹងកសាងបានមិត្តភ័ក្ដ្រ ក្នុងតំបន់ និងនៅលើពិភពលោក ថែមទៀត។ មិនតែប៉ុណ្ណោះ បាល់ទាត់ បានរួម ចំណែក ដល់ការកសាង សង្គមកម្ពុជា ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមានការរីក លូតលាស់ ពិសេសគឺក្នុងផ្នែកសេដ្ឋកិច្ច។ តាមរយៈបាល់ទាត់ ធ្វើឲ្យគេស្គាល់កម្ពុជា ដែលជាប្រទេសសម្បូរ ដោយតំបន់ទេសចរណ៍ ពិសេសប្រាសាទបុរាណ។ ទាក់ទាញបានអ្នកទេសចរ តាមរយៈបាល់ទាត់ គឺធ្វើឲ្យអ្នកវិនិយោគ បានចាប់ អារម្មណ៍កម្ពុជា ហើយបណ្ដាក់រកស៊ី នៅកម្ពុជា បង្កើនការងារ ជូនប្រជាជនកម្ពុជា បង្កើនប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន។
ប្រមុខបាល់ទាត់ បានចាត់ទុកថាៈ នេះគ្រាន់តែជាលទ្ធផលមួយផ្នែក ក្នុងចំណោម សមិទ្ធផល សំខាន់ៗជាច្រើន ដែលកើតចេញ ពីភាពរីកចម្រើន នៃវិស័យបាល់ទាត់ ក្រោយវិស័យកីឡា ដ៏មានប្រជាប្រិយភាពមួយនេះ បានចាប់ផ្ដើមសកម្មភាព ឡើងវិញ នៅឆ្នាំ២០០៦ និងមានការជួយគាំទ្រ ពីវិស័យឯកជន។
លោកបានមានប្រសាសន៍ថាៈ «ខ្ញុំពិតជាមានមោទនភាព ដែលបានកើតឡើង ដោយការរួមគ្នា រវាងបាល់ទាត់កម្ពុជា និងមិត្តហ្វូន។ ចាប់ពីពេលនេះតទៅ យើងនឹងមានការពង្រឹងច្បាប់ បាល់ទាត់បន្ថែមទៀត ក្រោមការរៀបចំជាមួយលីគ។ សង្ឃឹមថា វិស័យបាល់ទាត់កម្ពុជា កាន់តែទាក់ទាញអ្នកគាំទ្រច្រើនថែមទៀត»៕/V-PC