​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ បានចេញ​សេចក្ដីណែនាំ ចំនួន ៣ ចំណុច ស្ដីពី​ការទប់ស្កាត់ ការប្រើប្រាស់ បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង នៅក្នុង​សេចក្តីណែនាំ​នោះ​ថាៈ ក្នុង​ស្មារតី​ទប់ ស្កាត់​ការផ្សព្វផ្សាយ​អូសទាញ​យុវវ័យ ឱ្យប្រើ​ប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/ Vape) និង​ផលិតផល អេ​ច​ន៍ ធី ភី (HTPs-Heated Tobacco Products) ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព ដូចជា បង្ក​ជំងឺមហារីក​, បង្កើន​ហានិភ័យ​ជំងឺ​បេះដូង​, ជំងឺ​សួត (​ធ្វើឱ្យ​ខួរក្បាល មានដំណើរ​ការមិន​ប្រក្រតី ក្នុងអំឡុងពេល​ប្រើប្រាស់ និង​ប៉ះពាល់ យូរអង្វែង ដល់​ការលូតលាស់​ខួរក្បាល របស់​កុមារ និង​យុវវ័យ ព្រមទាំង​បង្ក​អន្តរាយ ដល់​រាងកាយ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ ដល់​អង្គភាព​ចំណុះ​ក្រសួង មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គ្រប់​កម្រិត ដូចខាងក្រោម​៖

១- សូម​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​រូបភាព អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs-Hosted Tobacco Products) ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​។​

២. សូម​ហាមឃាត់​ការប្រើប្រាស់ ការចែក​ចាយ ការជួញដូរ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម គ្រប់​រូបភាព អំពី​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPS Heated Tobacco Products) ខាងក្នុង និង​ជុំវិញ​បរិវេណ គ្រឹះស្ថានសិក្សា​។​

៣- សូម​សហការ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក​អប់រំ និង​អ្នកសិក្សា ក្នុង​ការកំណត់​មុខសញ្ញា ទីតាំង​ចែកចាយ និង​ជួញដូរ​បារី​អេឡិចត្រូនិក (E-Cigarette Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPS Heated Tobacco Products) ដើម្បី​រាយការណ៍​ជូន អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ជា​ធរមាន​៕/V