​ដោយៈ​សុផល​/​ភ្នំពេញ​៖​ធុង​បែងចែក​សំរាម​ចំនួន ១០០ ដែល​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់​ពិភពលោក “FIFA WORLD CUP™ TROPHY TOUR” ត្រូវបាន​ប្រគល់ជូន​ក្រសួងទេសចរណ៍ជា​ផ្លូវការ​ហើយ សម្រាប់​ប្រើប្រាស់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ធុងសំរាម​ទាំងនេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងពេល​ដាក់តាំង​បង្ហាញ​ជា​ផ្លូវការ​នៃ​ពាន​បាល់ទាត់​ពិភពលោក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​អ្នក​ស្នេហា​វិស័យ​កីឡា​ឱ្យ​យល់ដឹង​អំពី​អត្ថប្រយោជន៍​ក្នុងការ​បែងចែក​សំរាម​ទៅតាម​ប្រភេទ​។ ប្រភេទ​ធុងសំរាម​ទាំងនេះ​រួមមាន​ធុង​សម្រាប់​ដាក់​សំរាម​ដែល​អាច​កែច្នៃ​ឡើងវិញ​មានដូចជា​កំប៉ុង​អា​លុយ​មី​ញូ​ម ដប​ប្លា​ស្ទិ​ក និង​ធុង​សម្រាប់​ដាក់ សំណល់​អាហារ​ជាដើម​។​

 

​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​៖ «​នេះ​ជា​កិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា ដែល​បានទទួល ដំណើរ​មកដល់​ជា​ផ្លូវការ​របស់​ពាន​បាល់ទាត់​ពិភពលោក ដែលជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដំណើរ ទេសចរណ៍​ពាន​បាល់ទាត់​ពិភពលោក​។ ហើយក៏​ជា​កិត្តិយស​ផងដែរ ក្នុងការ​ទទួលបាន​ធុងសំរាម​ទាំងនេះ ដែល​បង្ហាញ​ពី​របៀប​ដែល​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា កំពុង​នាំមុខគេ​ក្នុងការ​លើកកម្ពស់​និរន្តរភាព និង​គំនិត​ផ្តួចផ្តើម ផ្នែក​បរិស្ថាន »​។​

​កញ្ញា សម្បត្តិ មុនី​វរលក្ខណ៍ នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ចីរភាព​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​ មានប្រសាសន៍ថា​៖​កូ​កា​-​កូ​ឡា សង្ឃឹម​ថា តាមរយៈ​ការផ្តល់​ធុង​បែងចែក​សំរាម​ទៅតាម​ប្រភេទ​បែបនេះគឺជា​គំនិត​ផ្តួចផ្តើម​ដែល​នឹង​លើកកម្ពស់​សក្តានុពល​នៃ​សេដ្ឋកិច្ច​វិលជុំ ដោយ​ការលើកកម្ពស់​ការ​កែច្នៃ​ឡើង​វិញ និង​ការប្រើប្រាស់​ឡើងវិញ​នូវ​ដប​ប្លា​ស្ទិ​ក​។​

​កញ្ញា​បាន​បន្តថា​៖«​វា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ដែល​បាន​នាំយក​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់​ពិភពលោក​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​បង្កើត​ក្តី​ស្រមៃ​ដ៏​អស្ចារ្យ​មួយ​ដល់​អ្នក​សេ្ន​ហា​កីឡាបាល់ទាត់​នៅ​កម្ពុជា​។​កូ​កា​-​កូ​ឡា​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ផ្តោត​សំខាន់​លើ​និរន្តរភាព​។​ជាក់ស្តែង​ធុង​ដែល​បានប្រគល់​ជូនទៅ​ប្រើប្រាស់​នេះ​គឺ​សំដៅ​សម្រួល​ដល់​ការប្រមូល​សំណល់​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដើម្បី​កែច្នៃ​ឡើង​វិញ​ស្របតាម​សសរស្តម្ភ​ចីរភាព​របស់​ក្រុមហ៊ុន​ផងដែរ​។​កញ្ញា​សូម​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​ដែល​មក​ចូលរួម​លេង​កំសាន្ត​នៅទីនេះ​ឱ្យចូល​រួម​បោះចោល​សំណល់​ឱ្យបាន​ត្រូវ​តាម​ប្រភេទ​របស់​វា ដើម្បី​សម្រួល​ដល់​ការងារ​កែច្នៃ​ដែលមាន​ភាពស្មុគស្មាញ​ទៅហើយនោះ​»​៕Ph​