ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រីស្ទាណូ រ៉ូណាល់ដូកំពុងពិចារណាចាកចេញពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ដោយសារតែពួកគេមិនមានសកម្មភាពទិញដូរកីឡាករជោគជ័យណាមួយសោះ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសព័រទុយហ្គាល់។
ខ្សែប្រយុទ្ធឆ្នើមរូបនេះបានត្រឡប់ទៅកាន់ទឹកដី Old Trafford កាលពីរដូវក្តៅឆ្នាំមុន ពោលគឺ ១៣ ឆ្នាំបន្ទាប់ពីចាកចេញទៅ Real Madrid ក្នុងតម្លៃកំណត់ត្រាពិភពលោក ប៉ុន្តែវាមិនបានសបញ្ជាក់ពីការត្រឡប់មកវិញដ៏រុងរឿងដែលគាត់បានសង្ឃឹមនោះទេ។
រ៉ូណាល់ដូស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ក្នុង ៣៨ ប្រកួត ប៉ុន្តែក្រុមបិសាចក្រហមនៅតែត្រដាបត្រដួសដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៦ នៅ Premier League ចំពេលមានការរិះគន់ឥទ្ធិពលរបស់គាត់ទៅលើសមត្ថភាពវាយសង្គ្រប់របស់ក្រុមនិងភាពស៊ីចង្វាក់គ្នាជាទូទៅ។
កីឡាករជើងចាស់សញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ ឆ្នាំរូបនេះនៅសល់កុងត្រាមួយឆ្នាំទៀត ហើយទាំងគាត់និងគ្រូបង្វឹកថ្មី លោក អេរិក ថេន ហាក (Erik ten Hag) ដែលបានជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្នលោក រ៉ាហ្វ រេងនីក (Ralf Rangnick) កាលពីខែមេសា បាននិយាយជាមួយនឹងក្តីរំភើបអំពីរដូវកាលថ្មី បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះអនុវត្តការកសាងក្រុមឡើងវិញ។
ប៉ុន្តែទោះបីជាមានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ ដាវីន នូណេស (Darwin Nunez) ដែលបានចូលរួមជាមួយ Liverpool ខ្សែបម្រើ ហ្វ្រែងគី ដេជុង (Frenkie de Jong) របស់ Barcelona និងខ្សែបម្រើស្លាប អានថូនី (Antony)របស់ Ajax ក៏ដោយ ក៏ក្លឹបនៅតែមិនទាន់បានចុះហត្ថលេខាទិញបានកីឡាករណាម្នាក់នៅឡើយទេ។
ហើយបើយោងតាមកាសែតព័រទុយហ្គាល់ Record បានឱ្យដឹងថា រ៉ូណាល់ដូដែលមានការខកចិត្តយ៉ាងខ្លាំង បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីក្រុមនៅភាគពាយព្យអង់គ្លេសមួយនេះ ដោយសារការខ្វះមហិច្ឆតាក្នុងការទិញកីឡាករ។
ហើយរ៉ូណាល់ដូថែមទាំងចេញឱសានវាទដល់ក្លិបទៀតផង ដោយនិយាយថា “ពង្រឹងក្រុម មិនចឹងទេខ្ញុំនឹងចាកចេញ”។
តាមដឹងរ៉ូណាល់ដូបានប្រាប់ក្រុមផ្ទៃក្នុងរបស់គាត់ថា កង្វះការទិញដូរកីឡាករជាបន្តនឹងឃើញគាត់ចាប់ផ្តើមស្វែងរកក្លិបថ្មី៕
រ៉ូណាល់ដូនឹងចាប់ផ្តើមស្វែងរកក្លិបថ្មី បើបិសាចក្រហមនៅតែមិនទិញបានកីឡាករថ្មី