​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ប្រធាន​ផ្នែក​ផ្តល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​លោក ម៉ា​ទីន ហ្គ្រី​ហ្វីត (Martin Griffiths) បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ មិថុនា​ថា ក្រុម​តា​លី​បង់​ដែល​កំពុងកាន់​អំណាច​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​កំពុង​ជំទាស់​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់អ​.​ស​.​ប​ក្នុង​ការជួយ​យក​មូលនិធិ​មនុស្សធម៌​ចូល​ទៅក្នុង​ប្រទេស​ហើយ​កំពុង​ជ្រៀត​​ជ្រែក​ក្នុង​ការដឹកជញ្ជូន​ជំនួយ​។​

​ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​ចូល​កាន់​អំណាច​នៅ​ខែ​សីហា​ឆ្នាំ​មុន ខណៈ​កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញ​បន្ទាប់​ពី​សង្គ្រាម​រយៈពេល​ពីរ​ទសវត្សរ៍​មក​នោះ​ធនាគារ​អន្តរជាតិ​​ជាច្រើន​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការសាកល្បង​ជាមួយនឹង​ទណ្ឌកម្ម​របស់​អ​.​ស​.​ប​និង​សហរដ្ឋ​អាម៉េរិក​ដោយ​ទុក​ឱ្យ​អ​.​ស​.​ប​និង​អង្គការ​ផ្តល់​ជំនួយ​ជាច្រើន​ទៀត​ជួប​ការលំបាក​ក្នុង​ការផ្តល់​សាច់ប្រាក់​​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​ប្រតិបត្តិការ​។​

​លោក​ហ្គ្រី​ហ្វី​ត​បាន​ប្រាប់​ក្រុម​ប្រឹក្សាស​ន្តិ​សុខ​ដែល​មាន​សមាជិក ១៥ ប្រទេស​ថា “​ប្រព័ន្ធ​ធនាគារ​ផ្លូវការ​នៅ​តែ​បន្ត​រារាំង​ការផ្ទេរ​ប្រាក់​ដោយសារតែ​ការ​រឹតត្បិត​ប្រតិបត្តិការ​ហិញ្ញ​វត្ថុ​ហួសប្រមាណ​ដោយ​ជះ​​ផល​ប៉ះពាល់​ដល់​បណ្តាញ​ទូទាត់ និង​បណ្តាល​ឱ្យ​មាន​ការខូចខាត​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​”​។​

​អ​.​ស​.​ប​បាននិងកំពុង​ព្យាយាម​ចាប់ផ្តើម​ប្រព័ន្ធ​មួយ ដែល​គេ​ពណ៌នា​ថា​ជា​មណ្ឌល​ដោះ​ប្តូរ​ផ្នែក​មនុស្សធម៌ (HEF)​ដើម្បី​ដោះ​ដូរ​លុយ​ជំនួយ​រាប់​លាន​ដុល្លារ​សម្រាប់​រូបិយវត្ថុ​អា​ហ្វ​ហ្គានី​ស្ថាននៅក្នុង​ផែន​​ការ​មួយ​ដើម្បី​ទប់ស្កាត់​វិបត្តិ​ជំនួយ​និង​សេដ្ឋកិច្ច និង​គេច​ពី​មេដឹកនាំ​តា​លី​បង់ ដែល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​។​

​លោក​ហ្គ្រី​ហ្វី​ត​បាន​និយាយថា “​យើង​បានឃើញ​ការវិវឌ្ឍ​នៅមានកម្រិត ដោយសារ​តែ​ការជំទាស់​ពី​អាជ្ញាធរ​កាន់អំណាច​ជាក់ស្តែង​។ នេះ​គឺជា​បញ្ហា​ដែល​នឹង​មិន​អាច​ដោះស្រាយ​ដោយ​ខ្លួន​វា​បាន​នោះ​ទេ​” ដោយ​បន្ថែម​ថា​រហូត​ដល់​ពេល​ប្រព័ន្ធ​ធនាគារ​ផ្លូវការ​របស់​អា​ហ្វ​ហ្គានី​ស្ថាន​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​ឡើងវិញ នោះ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ធ្វើឱ្យ HEF ដំណើរការ​ទៅមុខ​។​

​លោក​បាន​និយាយថា ក្រុម​ជំនួយ​ប្រហែល​ពាក់កណ្តាល​ដែល​ត្រូវបាន​ស្ទង់​មតិ​ដោយ​អង្គការសហប្រជាជាតិ បាន​រាយការណ៍​ពី​ការលំបាក​ក្នុង​ការផ្ទេរ​មូលនិធិ​ទៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​ធ្លាក់​ចុះ​ពី ៨៧ ភាគរយ​នៅក្នុង​ខែតុលា ដោយ​បន្ថែម​ថា “​ទិសដៅ​នៃ​ការធ្វើដំណើរ​គឺ​មាន​ភាព​វិជ្ជមាន ប៉ុន្តែ​តួលេខ​នេះ​នៅតែ​គួរឱ្យ​ព្រួយបារម្ភ​”​។​

​លោក​ហ្គ្រី​ហ្វី​ត​បាន​និយាយថា ពីរភាគបី​នៃ​ក្រុម​ផ្តល់ជំនួយ​បានលើកឡើង​ពី​ការខ្វះខាត​សាច់ប្រាក់​ដែល​មាន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានថា​បាន​រារាំង​ដល់​កម្មវិធី​ជំ​នួយ​របស់​ពួកគេ​៕

​ក្រុម​ផ្តល់​ជំនួយ​របស់​អ​.​ស​.​ប​និយាយ​ថា​កង្វះ​សាច់ប្រាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​កំពុង​រារាំង​ជំនួយ​ចូល​ទៅកាន់​ប្រទេស​នេះ