​ដោយៈ បូកគោ / កំពត​: មន្ត្រី​ក្រសួងបរិស្ថាន និង​ថ្នាក់ដឹកនាំ​ខេត្តកំពត បាន​ណែនាំ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជា អាជីវករ​ទូទាំង​ខេត្តកំពត ឱ្យ​ព្យាយាម​កាត់បន្ថយ ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដើម្បី​បញ្ចៀស​ផលប៉ះពាល់ ចំពោះ​ជីវិត​មនុស្ស សត្វ និង​បរិស្ថាន​។​

​នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ មន្ទីរ​បរិស្ថាន​ខេត្តកំពត សហការ​ជាមួយ​ក្រម​ហ៊ុន​ជីប ម៉ុង អិន​ស៊ី​ស៊ី​មេន បានរៀបចំ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នៅ​បរិវេណ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត​។ ពិធី​នេះ មាន​គោលបំណង​បង្កើន​ការយល់ដឹង សម្រាប់​សាធារណជន អំពី​បញ្ហា​បរិស្ថាន និង​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​សហគមន៍ ក្លាយជា​ភ្នាក់ងារ​សកម្ម ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​មេត្រី​បរិស្ថាន​។​

​លោក ទូច វី​ណា អគ្គនាយក​ស្តីទី អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថាៈ សំណល់​ប្លា​ស្ទិ​ក មិន​ត្រឹមតែ​ជា​ក្តីកង្វល់ សម្រាប់​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ពោលគឺ ជា​បញ្ហា​ព្រួយបារម្ភ​របស់​ពិភពលោក​ទាំងមូល​។ បច្ចុប្បន្ន ប្លា​ស្ទិ​ក មាន​ជាង ២០ ភាគរយ នៃ​សំណល់​ទូទៅ ឬ​ស្មើនឹង ២​ភាគ​៣ នៃ​ចំនួន​មនុស្ស នៅតាម​ទីក្រុង​។ បា្ល​ស្ទិ​ក មិន​ងាយ​រលាយ ហើយ​បាន និង​កំពុង​ប៉ះពាល់ ដល់​សុខភាព ជីវិត​មនុស្ស សត្វ ព្រមទាំង​បរិស្ថាន​ទាំងមូល​។​

​លោក នៃ គង់ អភិបាលរង​ខេត្តកំពត បានបញ្ជាក់​ថាៈ ជា​មធ្យម ក្នុង​មួយថ្ងៃ សំរាម​ដែល​ប្រមូល បាន​ក្នុង​ក្រុង​កំពត មាន​ប្រមាណ​ជាង ១០០ តោន​។ តទៅ សំណល់​បែបនេះ​នឹងមាន​បរិមាណ ទ្វេដង ព្រោះ​ទេសចរ មកលេង​កម្សាន្ត ក្នុង​ខេត្តកំពត កាន់តែ​កើនឡើង ឥតឈប់ឈរ​។​

​លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​ថាៈ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ប្លា​ស្ទិ​ក ពលរដ្ឋ​គ្រប់ មជ្ឈដ្ឋាន ត្រូវអនុវត្ត​នូវ​គោលការណ៍ ចំនួន​៤ រួមមាន ១. បដិសេធ ឬ​កាត់បន្ថយ​ការប្រើប្រាស់ ប្លា​ស្ទិ​ក​, ២. ប្រើ​ប្លា​ស្ទិ​ក​ឡើងវិញ ដោយ​មិនត្រូវ​បោះចោល​, ៣. កែច្នៃ​ប្លា​ស្ទិ​ក​, ៤.​ធ្វើឱ្យ​ប្លា​ស្ទិ​ក អាច​ប្រើ​វិញ​បាន​។​

​ពាក់ព័ន្ធ​នឹង​ចំណេះដឹង តាមរយ​:​ការបញ្ជ្រាប ក្នុង​ពិធី​ខាងលើ បុគ្គលិក​ក្រុមហ៊ុន​ជីបម៉ុង អិន​.​ស៊ី​.​ស៊ី​មេន បាន​រៀបរាប់ថាៈ សំរាម​តែង​កើតចេញពី​ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និង​អាជីវករ ។ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ត្រូវ​ផ្តើមចេញពី​ពលរដ្ឋ​ម្នាក់ៗ ដោយ​ចេះ​ស្រឡាញ់ និង​សម្អាត​បរិស្ថាន ចេះ​វេច​ខ្ចប់​ទុកដាក់ និង​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក តាម​ដែល​អាចធ្វើ​ទៅបាន​៕/V​