ដោយៈ សុផល / ភ្នំពេញ​: គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង មាន​ប្រវែង ១៣៥,២៥ គីឡូម៉ែត្រ គិត​រហូត​មកទល់ពេលនេះ សម្រេចបាន ៨០% ហើយ គ្រោង​នឹង​បញ្ចប់ នៅ​ចុងឆ្នាំ​២០២៣​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង​នេះ ត្រូវបាន​បែងចែក​ជា បី​កញ្ចប់​ការងារ ចាប់ផ្តើម​សាងសង់ ចេញពី​ព្រែក​ក្តាម (​ខេត្តកណ្តាល​) ដល់ ធ្លា​ម្អម (​ខេត្តពោធិ៍សាត់​) គ្រោង​ចំណាយ​ថវិកា ប្រមាណ ២៤៦,៣៥ លាន​ដុល្លារ អាមេរិក​។​

​គម្រោង​នេះ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ គ្រោង​ចំណាយ ពេល​សាងសង់ ចំនួន​៤៨​ខែ និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global ។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង (​ព្រែក​ក្តាម -​ធ្លា​ម្អម​) ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ផងដែរ​។​

​សូម​ជម្រាបជូន​ថា គម្រោង​ធ្វើឱ្យ​ប្រសើរឡើង ផ្លូវជាតិ​លេខ​៥ មាន​ប្រវែង​សរុប​ចំនួន ៣៦៦ គីឡូម៉ែត្រ ឋិត​ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ ជា​គម្រោង​ក្រោម កម្ចី​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ជប៉ុន ប្រចាំ​កម្ពុជា គ្រោង​ចំណាយ​ថវិកា ប្រមាណ ៥០០ លាន​ដុល្លារ សហរដ្ឋអាមេរិក ការងារ​ស្ថាបនា ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​ធំៗ រួមមាន​៖ ភាគ​ខាងជើង ភាគខាងត្បូង និង​ភាគ​កណ្តាល ដោយ​ក្នុងនោះ មានការ​ពង្រីក​កំណាត់​ផ្លូវជាតិ មាន​ស្រាប់​ពី ២​គន្លង ទៅ​៤​គន្លង ទទឹង ២៣​ម៉ែត្រ មាន​ប្រវែង​សរុប ៣០៤ គីឡូម៉ែត្រ ក្រាល​ជំនួស ដោយ​បេតុង​កៅស៊ូ​(AC) និង​មាន​សួរ​ច្បារ​កណ្តាល​។​

​គម្រោង​នេះ មានការ​សាងសង់​ផ្លូវ​វាង​ក្រុង សរុប​មាន​ចំនួន ៥​ខ្សែ មាន​ប្រវែង​សរុប ៦២ គីឡូម៉ែត្រ មាន ៤​គន្លង ទទឹង ២៣​ម៉ែត្រ និង​សួរ​ច្បារ​កណ្តាល មានការ​ពង្រីក​ស្ពាន​ចាស់ និង​សាងសង់​ស្ពាន​ថ្មី ដែល​ស្ថិតនៅក្នុង​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ចំនួន​សរុប ៨០ កន្លែង​៕/V​