ភ្នំពេញៈ ខាងក្រោម​នេះ គឺជា​បទសម្ភាសន៍ ស្តីពី​ទំនាក់ទំនង​ការទូត កម្ពុជា​-​វៀតណាម របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ ក្នុងឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត កម្ពុជា​-​វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និង​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម ២០២២​។​

សំណួរ​ទី​១៖ ក្នុងឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​វៀតណាម តើ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អាច​លើកឡើង អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង និង​ធ្វើការ​វាយតម្លៃ អំពី​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ បាន​យ៉ាងដូចម្តេច​?

​ចម្លើយ​៖ កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយគ្នា និង​មាន​ទំនាក់ទំនង ជាមួយគ្នា ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ​។ បើ​យើង​និយាយ​ពី​សម័យ​ទំនើប​វិញ ប្រទេស​យើង ទាំងពីរ បាន​ឆ្លងកាត់​ការលំបាក រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​ជួយ​គ្នា​ទៅវិញ​មក ក្នុង​បុព្វហេតុ ទាមទារ​ឯករាជ្យ ពី​របប​អាណានិគមនិយម រហូត​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​។ ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​នេះ ត្រូវបាន​ពូន​ជ្រុំ ដោយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់ នៃ​ប្រទេស​ទាំងពីរ ចាប់តាំងពី​សម័យ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​អតីត ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋាភិបាល​វៀតណាម រហូតមកដល់​ថ្នាក់ដឹកនាំ បច្ចុប្បន្ន ហើយ​កំរិត​នៃ ទំនាក់ទំនង​មិត្តភាព កម្ពុជា​-​វៀតណាម ក៏ត្រូវ​បាន​លើ​កម្ពស់​ទៅជា «​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​» ក្នុង​ឆ្នាំ​២០០៥​។

​ចំណងមិត្តភាព​ជា​ប្រពៃណី និង​អ្នកជិតខាង​ល្អ រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​រិត​បន្តឹង ឱ្យ​កាន់តែ​រឹងមាំ តាមរយៈ​ការប្រាស្រ័យ​ទាក់ទង និង​ផ្លាស់ប្តូរ​ទស្សនកិច្ច ជា​ញឹកញាប់ និង​នៅ​គ្រប់​កាលៈទេសៈ រវាង​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ ចាប់ពី​កម្រិត​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ប្រធានសភា និង​ថ្នាក់មូលដ្ឋាន នៃ​ប្រ​ទស​ទាំងពីរ​។ ជាក់ស្តែង ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច នៅ​រដ្ឋធានី ហាណូយ បន្ទាប់មក នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១ នេះដែរ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​វៀតណាម ក៏បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​។ ថ្មីៗ​នេះ ឯកឧត្តម ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ពិធី​អបអរ​ខួប ៤៥ ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16 ក្នុង​ខេត្ត​ត្បូងឃ្មុំ ផងដែរ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​រំលេច​យ៉ាងច្បាស់ អំពី​សាមគ្គីភាព មិត្តភាព​ពិសេស រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​ស្មារតី​អន្តរជាតិ របស់​ប្រជាជន​វៀតណាម ក្នុង​ការជួយ​ស្រោចស្រង់​ប្រជាជន​កម្ពុជា ឱ្យ​រួច​ផុតពី​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត​។​

​ជារួម យើង​អាច​វាយតម្លៃ​បាន​ថា ក្នុង​រយៈពេល ៥៥ ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង កម្ពុជា​-​វៀតណាម បានបង្ហាញ​ឱ្យ​សកលលោក មើលឃើញ​យ៉ាងច្បាស់​ថា គឺជា​ទំនាក់ទំនង ដ៏​រឹងមាំ ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ និង​ធន់​ទៅនឹង​សំពាធ ពី​ការប្រែប្រួល​ភូមិសាស្ត្រ នយោបាយ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ដោយ​ប្រទេស​ទាំងពីរ អាច​រក្សាបាន​នូវ ចំណង​សាមគ្គីភាព​ដ៏​ស្អិតល្មួត និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ និង​ក្នុង​គ្រប់​ក្របខណ្ឌ ទាំង​ទ្វេភាគី និង​ពហុភាគី ឱ្យ​រីកចំរើន​លូតលាស់​ជា​លំដាប់ នៅ​គ្រប់​ដំណាក់កាល ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ ល្អប្រសើរ​របស់​ប្រជាជន និង​ផលប្រយោជន៍ ទៅវិញទៅមក នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ចូលរួមចំណែក យ៉ាងសំខាន់ ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​វិបុលភាព​នៃ​សហគមន៍​អាស៊ាន ព្រមទាំង​ពិភពលោក ទាំងមូល​។

សំណួរ​ទី​២៖ តើ​សមិទ្ធផល លេចធ្លោ​សំខាន់ៗ ក្នុង​រយៈពេល ៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​វៀតណាម មាន​អ្វីខ្លះ សូម​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជួយ​រំលេច​ជម្រាបជូន ផង​បានទេ​?

​ចម្លើយៈ ពិត​ជាមាន​ច្រើនណាស់ ប៉ុន្តែ​ខ្ញុំ​សូម​លើក​អំពី​សមិទ្ធផល លេចធ្លោ​សំខាន់ៗ ដូចតទៅ​៖
​វិស័យសេដ្ឋកិច្ច  ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី មានការ​កើនឡើង គួរឱ្យកត់សំគាល់​។ បើ​យើង​មើល​ថយក្រោយ បន្តិច ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឆ្នាំ​១៩៩៥ មាន​ត្រឹមតែ ៨៥ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​។ ក្នុង​ឆ្នាំ​២០១៩ យើង​សម្រេចបាន​តាម​គោលដៅ ដែល​បានកំណត់ ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ក្នុង​ទំហំ​ប្រមាណ ៥,២ ប៊ី​លាន ដុល្លារ​អាម៉េរិក​។ ក្នុង​គ្រា​ដែល​ពិភពលោក ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​២០២០ យើង​សម្រេចបាន​ជាង ៥,៣ ប៊ី​លាន ដុល្លារ​អាម៉េរិក ហើយ​បាន​បន្ត​កើនឡើង ជាង ៩,៥ ប៊ី​លាន ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២១​។ ត្រឹម​រយៈពេល ៥​ខែ ឆ្នាំ​២០២២ នេះ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​របស់​យើង សម្រេចបាន​ប្រមាណ ៥,៤៥ ប៊ី​លាន ដុល្លារ​អាម៉េរិក រួចទៅហើយ​។ ដោយឡែក វិនិយោគ​ផ្ទាល់ (FDI) ពី​ប្រទេស​វៀតណាម មានការ​រីកចម្រើន ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ចុងឆ្នាំ​២០២១ ទុនវិនិយោគ​ផ្ទាល់​បរទេស​របស់​វៀត​ណា​ម នៅ​កម្ពុជា ឈរ​លំដាប់​ទី​៤ ក្នុង​ទឹកប្រាក់​សរុប ប្រមាណ ២,៥ ប៊ី​លាន ដុល្លារ​អាម៉េរិក​។​

​វិស័យ​អប់រំ ប្រទេស​យើង​ទាំងពីរ​បានធ្វើ​ការផ្លាស់​ប្តូរ​និស្សិត​អាហារូបករណ៍​ទៅវិញទៅមក​ជា​ទៀងទាត់​ចាប់តាំងពី​ឆ្នាំ​១៩៨១ ដោយ​ក្នុង​មួយឆ្នាំ​វៀតណាម​បានផ្តល់​ឱ្យ​យើង ១២០​កន្លែង ហើយ​យើង ក៏បានផ្តល់​ជូន​វៀតណាម​វិញ ៣៥​កន្លែង​។ កម្ពុជា​បាន​បញ្ជូន​និស្សិត អាហារូបករណ៍​ទៅ​សិក្សា នៅ​វៀតណាម ចាប់ពី​ថ្នាក់មធ្យមសិក្សា​បច្ចេកទេស ដល់​ថ្នាក់បណ្ឌិត ចំនួន ៣.៩៦៧ នាក់ ក្នុង​ចន្លោះ​ឆ្នាំ ១៩៨១-២០២១ ហើយ​និស្សិត និង​មន្ត្រី​វៀតណាម ចំនួន ៤៧៧ នាក់ បានមក​សិក្សា នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ២០០០-២០២១​។​

​វិស័យ​សន្តិសុខ និង​ការពារជាតិ​ ​កងកម្លាំង​នៃ​ប្រទេស​ពីរ ទាំង​ប៉ូលិស និង​យោធា បាននិងកំពុង​បន្ត​សហការគ្នា ចាត់វិធាន​ការ យ៉ាង​ម៉ឺង​មាត់ និង​ដោយ​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ រាល់​សកម្មភាព នៃ​បទល្មើស​គ្រប់ ប្រភេទ នៅតាម​បណ្តោយ​ព្រំដែន ដូចជា ភេរវកម្ម ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការរត់ពន្ធ​ទំនិញ ការកាប់​ព្រៃឈើ​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ។​ល​។​

​ក្នុង​កិច្ចការ​ព្រំដែន ការកសាង​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង ឱ្យ​ក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិ​ឌ្ឍ ជា​ចក្ខុវិស័យ និង​ការប្តេជ្ញាចិត្ត​ដ៏ មោះមុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​ ពាក់ព័ន្ធ​នឹង​ការងារ​ខ័​ណ្ឌ​សីមា និង​ការបោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម ​យើង​សម្រេច បាន​វឌ្ឍនភាព​ការងារ ទៅដល់ ៨៤% ហើយ​យើង​កំពុងតែ​ខិតខំ​ចរចា ដើម្បី​ជំរុញ​ការងារ​នេះ បញ្ចប់​ឱ្យបាន​ឆាប់​។ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការបើក​ច្រកព្រំដែន និង​ការគ្រប់គ្រង​ព្រំដែន កំពុង​បន្ត​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​។

​បច្ចុបន្ននេះ កម្ពុ​ជាមាន​ច្រក ទ្វារ​ព្រំដែន​ជាមួយ​វៀតណាម សរុប​ចំនួន ៤៣ ក្នុងនោះ មាន​ច្រកទ្វារ​កំពង់ផែ​សមុទ្រ ចំនួន​៤ ច្រកទ្វារព្រំដែន​អន្តរជាតិ ចំនួន​១៤ ច្រកទ្វារព្រំដែន ទ្វេភាគី ចំនួន​១៣ និង​ច្រកទ្វារ​តំបន់ ចំនួន​១២​។ ថ្មីៗ​នេះ ក្នុង​ពិធី​សម្ភោ​ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា តេ​ជោ​កោះ​ថ្ម X16 សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រ បានប្រកាស ថា ច្រកទ្វារ​អន្តរជាតិ​កម្ពុជា វៀតណាម ថ្មី​មួយទៀត នឹង​ត្រូវបាន​បង្កើតឡើង នៅ​តំបន់​នេះ​។​

​ក្នុង​ឆ្នាំ​កន្លងទៅនេះ ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្ថិតក្នុង​ខេត្តព្រៃវែង ទល់នឹង​ច្រកព្រំដែន អន្តរជាតិ​តឹ​ន​ណា​ម ខេត្ត​តៃនិញ ប្រទេស​វៀតណាម ត្រូវបាន​រដ្ឋាភិបាល​ទាំងពីរ សម្រេច​ឱ្យ ដំណើរការ​ក្នុង​កម្រិត​ថ្នាក់​ខេត្ត កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​សម្រួល​ដល់ ការឆ្លងកាត់​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ មុននឹង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ ក្នុង​ពេលវេលា​សមស្រប នាពេល ឆាប់ៗ ខាងមុខ​។​

​ការបង្កើត​ផ្សារ​គំរូ​ព្រំដែន កម្ពុជា វៀតណាម “​ផ្សារ​ដា​” ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ត្រឹមតែ​ចូលរួម ចំណែក ដល់​កិច្ច​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី តាម​បណ្តោយ​ព្រំដែន ប៉ុ​ណ្នោះ​ទេ ប៉ុន្តែ​ក៏​ជាការ ជំរុញ​អនុវត្ត​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជា ក្នុងការ​អភិវឌ្ឍ និង​ប្រែក្លាយ​តំបន់​ព្រំដែន កម្ពុជា ជាមួយ​ប្រទេសជិតខាង ដើម្បី​លើក​កំពស់​ជីវភាព សុខមាលភាព និង​ភាពសុខសាន្ត របស់ ប្រជាជន រស់នៅ​តំបន់​ព្រំដែន​ផងដែរ​។

​វិស័យ​សុខាភិបាល  នៅ​ចំពោះមុខ​បញ្ហា​ប្រឈម នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រទេស​ទាំងពីរ បាន​ជ្រោមជ្រែង និ​ថ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ទាំង​ផ្នែក​ហិរញ្ញវត្ថុ សម្ភារៈ​​វេជ្ជសាស្ត្រ និង​ស្មារតី​សាមគ្គីភាព បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ គ្រប់គ្រង​ជំងឺឆ្លង និង​ជំងឺ​ផ្សេងៗ តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ ជាពិសេស រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​។​

​កិច្ចសហប្រតិបត្តិការ ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ  ​ក្រៅពី​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី យើង​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ នៅក្នុង​អនុតំបន់ និង​តំបន់ ដូចជា ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ -​វៀតណាម (CLV) កិច្ចសហប្រតិបត្តិការ ក្របខ័ណ្ឌ​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី -​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) កិច្ចសហប្រតិបត្តិការ មហា​អនុតំបន់​ទន្លេមេគង្គ និង នៅ​ថ្នាក់​តំបន់ យើង​មាន​អាស៊ាន (ASEAN) ដែល​យើង​តែងតែ​ធ្វើការ​ជិតស្និទ្ធ និង​គាំទ្រ គ្នា​ទៅវិញ ទៅមក ដើម្បី​លើកកម្ពស់​ម​ជ្ឈ​ភាព សាមគ្គីភាព ឯកភាព និង​និម្មាប្បនកម្ម​អាស៊ាន​។ ដោយឡែក នៅលើ​ឆាក​អន្តរជាតិ​ឯណោះ​វិញ ពោល​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា យើង​ក៏​តែងតែ​ផ្តល់​ការគាំទ្រ​គ្នា ទៅវិញទៅមក​ផងដែរ​។

​សំណួរ​ទី​៣៖ តើ​ទៅ​ថ្ងៃ​ខាងមុខ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មាន​ចក្ខុវិស័យ សម្រាប់​ជំរុញ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​វៀតណាម យ៉ាងដូចម្តេច​?

​ចម្លើយៈ ពិតណាស់ យើង​ត្រូវ​រួមគ្នា​បន្ត​ពូន​ជ្រុំ ថែរក្សា និង​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព ជា​ប្រពៃណី ទំនាក់ទំនង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​វៀតណាម ដែល​កំពុង​រីកលូតលាស់ ឥតឈប់ឈរ ក្រោម​ស្មារតី​ភាព ជា​អ្នកជិតខាង​ល្អ សាមគ្គីភាព ជំនឿ​ជឿជាក់ និង​ការយោគយល់​គ្នា ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​រួម របស់​ប្រជាជាតិ និង​ប្រជាជន​យើង​ទាំងពីរ​។​

​ព្រំដែន​ចំនួន ​១៦% ​ទៀត ដែល​មិនទាន់បាន​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​នៅតែ​ជាការ​ងារ អាទិភាព សម្រាប់​ប្រទេស​យើង​ទាំងពីរ​។ ជាពិសេស យើង​ត្រូវ​ជំរុញ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ចំនួន ៦% បន្ថែមទៀត ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ទាំងពីរ ឯកភាពគ្នា​រួច ឱ្យសម្រេចបាន​ជោគជ័យ ក្នុងពេល​ឆាប់ៗ ខាងមុខ​។​

​យើង​នឹង​បន្ត​ជំរុញ​យន្តការ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​សកម្ម ដូចជា​៖ កិច្ចប្រជុំ​គណៈកម្មការ ចម្រុះ​កម្ពុជា​-​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (JC) កិច្ចប្រជុំ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​បណ្តា​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម​(JBC) ព្រមទាំង​យន្តការ​ទ្វេភាគី​ដទៃទៀត ដើម្បី​ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។  ​យើង​ប្តេជ្ញា​អនុវត្ត​រាល់​ឯកសារ និង​កិច្ចព្រមព្រៀង ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ បានអនុម័ត កន្លងមក ឱ្យ​លេចចេញ​ជា​ផ្លែផ្កា​ជាក់ស្តែង ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​យើង​ទាំងពីរ ក៏ដូចជា​រួមចំណែក ដល់​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​សហគមន៍​អាស៊ាន និង​សាកលលោក​។ ​យើង​ក៏​នឹង​បន្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​អាច​កើតមានឡើង ដោយ​ផ្អែកលើ គោលការណ៍​ភាព ជា​អ្នកជិតខាង​ល្អ ការយោគយល់​គ្នា និង​កិច្ចសហប្រតិបត្តិការ ផ្តល់​ផលប្រយោជន៍ ទៅវិញទៅមក​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស និង​មាន​អត្ថន័យ នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម ២០២២ នេះ ខ្ញុំ​សូម​សំដែង​នូវ​អំណរ​សាទរ យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​ទំនាក់ទំនង​ដ៏​រឹងមាំ រវាង​កម្ពុជា និង​វៀតណាម​និង​សូម​ប្រសិទ្ធព បវរ​មហាប្រសើរ ជូន​ចំពោះ​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ សូម​ប្រកបដោយ​សុភមង្គល ភាពសំបូររុងរឿង និង​ការអភិវឌ្ឍន៍​៕/V