​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ​សិក្សា ឆ្នាំ​២០២១-២០២២ របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ធានា​លើកកម្ពស់ កម្រិត​ជំនាញ​របស់​យុវជន ឱ្យ​ឆ្លើយតប​តាម​ទីផ្សារពលកម្ម ក្នុងប្រទេស និង​ក្នុង​តំបន់ ។​

​ក្នុង​សន្និបាត​នោះ មានការ​ចូលរួម​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ និង​អនុប្រធាន​មន្ទីរ ប្រធាន អនុប្រធាន​មន្ទីរ អភិបាល​/​រង​ស្រុក ក្រុង ប្រធាន​/ អនុប្រធាន ការិយាល័យ​ជំនាញ ចំណុះ​មន្ទីរ និង​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក ក្រុង នាយក នាយិកា សាលារៀន​ឯកជន ពី​ទូទាំង​ខេត្ត និង​លោកគ្រូ អ្នកគ្រូ​ឆ្នើម​មួយចំនួន​។​

​លោក ឈូ ប៊ុន​រឿង បាន​មានប្រសាសន៍ថាៈ យោង​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​បើក​សន្និបាត​បូកសរុប លទ្ធផល​ការងារ ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ ឆ្នាំ​សិក្សា ឆ្នាំ​២០២១-២០២២ រយៈពេល​ពេញ​១​ថ្ងៃ នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ។​

​លោក​បាន​បន្តថាៈ ” បំណង​ធំ​នៃ​សន្និបាត នៅ​កណ្តាល​ឆ្នាំ ដើម្បី​ឆ្លើយតប​ទៅនឹង​ខ្លឹមសារ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​ផ្ដល់​អាទិ​ភាពជា​ចម្បង ទៅលើ​វិស័យ​អប់រំ ជាពិសេស​ទៅលើ​ការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បី​ធានា​លើកកម្ពស់ កម្រិត​ជំនាញ របស់​យុវជន ឱ្យ​ឆ្លើយតប​តាម​ទីផ្សារពលកម្ម ក្នុងប្រទេស និង​ក្នុង​តំបន់ ” ។

​លោក ឈូ ប៊ុន​រឿង បាន​និយាយ​បន្តថាៈ ក្នុង​សន្និបាត​ទាំងមូល ក៏បាន​ពិចារណា និង​ពិភាក្សា បន្ថែម ទៅលើ​ប្រធានបទ ដែល​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ធ្វើឱ្យ​អង្គសន្និបាត ដំណើរការ ដោយ​រលូន និង​ប្រមូលបាន​នូវ ចំណុច​ល្អៗ របស់លោក​គ្រូ អ្នកគ្រូ សម្រាប់​អនុវត្តន៍ ក្នុង​បណ្តា​ឆ្នាំ​ខាងមុខ ជា​បន្តបន្ទាប់​ទៀត​។​

​លោក ឈូ ប៊ុន​រឿង បាន​ផ្តោតទៅលើ​ប្រធានបទ​មួយចំនួន ដូចជា ១-​ការផ្តល់សេវា​អប់រំ កុមារ​តូច ជា​មូលដ្ឋានគ្រឹះ សម្រាប់​កុមារ​ចូលរៀន នៅ​បឋមសិក្សា​។ ២-​សាលារៀន​ស្អាត នាយក​/​នាយិកា​ល្អ និង​គ្រូបង្រៀន​ល្អ​។ ៣-​តេស្ត​ស្តង់ដា​នៅ​មធ្យមសិក្សា ផ្លាស់ប្តូរ​ឥរិយាបទ របស់​គ្រូ សិស្ស ក្នុងការ​បង្រៀន និង​រៀន បង្កើន​លទ្ធផល​សិក្សា ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ។ ៤-​មជ្ឈមណ្ឌល​សហគមន៍ ផ្សាភ្ជាប់​នឹង​ការសិក្សា ពេញ​មួយជីវិត​តាម​គន្លង ប្រក្រតីភាព​ថ្មី​។ ៥-​ការអប់រំ​បំ​ណិ​ន​សតវត្សរ៍​ទី​២១ សម្រាប់​យុវជន ដើម្បី​លើកកម្ពស់​គុណភាព អប់រំ នៅតាម​សាលារៀន និង​៦-​ប្រជាពលរដ្ឋ​ម្នាក់ ចេះ​លេង​កីឡា​មួយ​ប្រភេទ យ៉ាងតិច ប្រចាំជីវិត ជាដើម​។​

​ក្នុង​សន្និបាត​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ ក៏ដូចជា លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ខិតខំ​បង្ហាត់បង្រៀន សិស្សានុសិស្ស​ទាំងអស់ ដោយ​មិន​ខ្លាច​ភាព​នឿយហត់ ឱ្យ​ទទួលបាន​លទ្ធផល យ៉ាង​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​បំផុត​។

​លោក អ៊ុំ រាត្រី បាន​គាំទ្រ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លើ​ការងារ​ចលនា​ឱ្យ​យុវជន ចូលរួម​យ៉ាងសកម្ម​ក្នុងសង្គម ការបំបាត់​ការប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង ចេះ​គោរព​ច្បាប់​ចរាចរណ៍ និង​អំពើហិង្សា ដល់​យុវជន​ជាដើម​៕/V​