​ប្រែ​សម្រួលៈ​បំណង​(CNA)៖​អា​ហ្វ​ហ្គានី​ស្ថាន​កំពុង​ខ្វះខាត​ថ្នាំពេទ្យ​សំរាប់​ព្យាបាល​អ្នករងរបួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​នៅ​សប្តាហ៍​នេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​​មន្ត្រី​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មិថុនា ចំ​ពេល​រញ្ជួយ​តូច​មួយ​ក្រោយ​ការរញ្ជួយ​ធំ​បាន​សម្លាប់​មនុស្ស​ប្រាំ​នាក់​ទៀត​។​

​មុន​នេះ​កាលពី​ថ្ងៃ​សុក្រ​អាជ្ញាធរ​បាន​បញ្ចប់​ការស្វែងរក​នៅតាម​តំបន់ភ្នំ​ភាគ​អាគ្នេយ៍​សំរាប់​ជនរងគ្រោះ​ពី​រញ្ជួយ​ដី​កំលាំង​៦,១​រិ​ច្ឆ​ទ័​រ​(​ទីភ្នាក់ងារ​ខ្លះ​ថា​៥,៩​រិ​ច្ឆ​ទ័​រ​)​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ​នៅក្បែរ​​ព្រំដែន​ប៉ា​គី​ស្ថាន ចម្ងាយ​ប្រហែល​១៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​កា​ប៊ុល​។​

​រញ្ជួយ​ដី​តូ​ចតាម​ពីក្រោយ​មួយ​កាលពី​ថ្ងៃ​សុក្រនៅក្បែរកន្លែងរញ្ជួយចាស់​ មាន​កំលាំង​៤,៣​រិ​ច្ឆ​ទ័រនិង​មន្ត្រី​សុខាភិបា​ល​ម្នាក់បាន​និយាយថា​វា​បាន​សម្លាប់​មនុស្ស​៥​នាក់ តែ​នៅ​មិនទាន់​មាន​សេចក្តី​រាយ​ការ​​ណ៍​អំពី​ការ​ខូចខាត​ទេ​។​

​សរុប​មនុស្ស​១.០៣៦​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់ នេះ​បើ​តាម​ការបញ្ជាក់​ពី​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​។​

​ម៉ូ​ហា​ម៉ា​ត ណាស​ស៊ីម​(Mohammad Nassim)​អ្នកនាំពាក្យ​ក្រសួង​គ្រោះមហន្តរាយ​អា​ហ្វ​ហ្គានី​ស្ថានបាន​ប្រាប់​ទីភ្នាក់ងា​រ​សារព័ត៌មាន​រ៉​យ​ទ័​រថា មនុស្ស​ប្រមាណ​២.០០០​នាក់​រង​របួស​និង​ជាង​១០.០០០​នាក់​​មាន​ផ្ទះ​ត្រូវ​បំផ្លាញ​ដោយ​រញ្ជួយ​ដី​នេះ​។​លោក​ថា​«​ក្រសួង​សុខាភិបាល​មិន​មាន​ថ្នាំ​គ្រប់គ្រាន់​និង​កំពុង​ត្រូវការ​ជំនួយ​វេជ្ជសាស្ត្រ​និង​ជំនួយ​ដទៃទៀត ដោយសារ​តែ​វា​ជា​គ្រោះមហន្តរាយ​ធំ​»​។​

​ស្នូល​រញ្ជួយ​ដី​នេះ​ស្ថិតនៅ​តំបន់ភ្នំ​ប្រជុំ​ដោយ​ភូមិតូចៗ​ដែល​ធ្លាប់​ជា​កន្លែង​ប៉ះទង្គិច​ប្រដាប់អាវុធ​ជាប្រចាំ​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គានី​ស្ថាន​រាប់​ទសវត្សរ៍​។​ទូរគមនាគមន៍​និង​ផ្លូវ​ដ៏​អន់កំពុង​រារាំង​ការងារ​ជួយ​សង្គ្រោះ​នៅ​​ក្នុង​ប្រទេស​មួយ​ដែលបាន​ធ្លាក់ចុះ​ដុនដាប់​ខ្លាំង​ឡើង​ក្រោយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ចូល​កាន់​អំណាច​កាលពី​ខែ​សីហា​ឆ្នាំ​មុន​៕

​សរុប​មនុស្ស​១.០៣៦​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​ក្នុង​រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គានី​ស្ថានភាគ​អាគ្នេយ៍​ក្បែរ​ព្រំដែន​ប៉ាគី​ស្ថាន​