ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) លោកបណ្ឌិត ថោង ខុន បានជំរុញឲ្យមានការរៀបចំ ចលនាប្រឡងប្រណាំង «ទូរទស្សន៍ជើងឯក ឬ TV Champions» ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែផុសផុល និងខ្លាំងក្លាបន្ថែមទៀត។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាៈ ការរៀបចំឲ្យមានការប្រឡងប្រណាំងនេះ ទូរទស្សន៍ វិទ្យុ ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលអាចផ្សាយពីព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​ បានល្អ ជាងគេ មានពេលវេលា និងមានការចាប់អារម្មណ៍ ច្រើនជាងគេ នឹងទទួលបានការលើកទឹកចិត្ត ពីគណៈកម្មាធិការជាតិ CAMSOC ហើយអាចទទួលបាននូវសំបុត្រ ដើម្បីចូលទស្សនាពិធី បើក-បិទ និងការប្រកួតកីឡា មួយចំនួនទៀតផង។

លោកបានបន្ដថាៈ «យើងមានទូរទស្សន៍ច្រើន មានវិទ្យុច្រើន មានអ្នកខ្លះ ក៏គាត់ធ្វើបានល្អ អ្នកខ្លះ ក៏ធ្វើបានតិច អ្នកខ្លះ ក៏មិនទាន់បានធ្វើ។ ហេតុនេះ ចលនាប្រឡងប្រណាំង គឺជា ការជំរុញមួយ ធ្វើយ៉ាងម៉េច ឲ្យមាន ប្រសិនបើទាំងអស់គ្នា ចូលរួមក្នុងចលនាប្រឡងប្រណាំង ខ្ញុំគិតថា គ្រប់បណ្ដាព័ត៌មានទាំងអស់ នឹងមានការផ្សព្វផ្សាយ កាន់តែខ្លាំង ហើយធ្វើការឲ្យមាន ការផ្សព្វផ្សាយ និងការអប់រំផ្សេងៗ ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ »។

មានប្រជាពលរដ្ឋ គាត់ស្ដាប់វិទ្យុច្រើន តែវិទ្យុខ្លះ អត់បាននិយាយ ពីស៊ីហ្គេម។ ទូរទស្សន៍ក៏មានច្រើន តែទូរទស្សន៍ខ្លះ អត់បាននិយាយ ពីរឿងស៊ីហ្គេមដែរ។ អ៊ីចឹង ចាប់ពីពេលនេះតទៅ ពិសេសចាប់ពីនៅសល់ ៣០០ ថ្ងៃតទៅ (ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២) ទាំងអស់គ្នា ត្រូវតែនិយាយ ហើយមានកម្មវិធីមួយ ឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣ តិចច្រើនក៏ដោយ ត្រូវតែមាន។ ក្នុងហ្នឹង អ្នកណាដែលខិតខំចូលរួមសកម្ម ហើយមានសមិទ្ធផលច្រើន មានស្នាដៃច្រើន នឹងទទួលបានរង្វាន់ពិសេស ពី CAMSOC តាមរយៈការវាយតម្លៃ របស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន» ។

លោកក៏បានជំរុញឲ្យផ្សារភ្ជាប់ ជាមួយគោលការណ៍សំខាន់ៗ របស់ CAMSOC និងយុទ្ធនាការអប់រំ សង្គម ដូចជាជំរុញ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និងកាត់បន្ថយគ្រឿងញៀន ជាដើម ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព ឬ Sports Live in Peace»៕/V-PC